កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ក្រូអាស៊ី ប៉ះជើងឯក៣ជំនាន់អេស្ប៉ាញ នាវេលាម៉ោង១១យប់នេះ
28, Jun 2021 , 3:56 pm        
រូបភាព
ដោយ: រួបរួម
ក្រុមទាំងពីរសុទ្ធតែធ្វើបានល្អនាការប្រកួតចុងក្រោយក្នុងពូលរៀងៗខ្លួន ដោយក្រូអាស៊ីឈ្នះស្កុតឡែន ៣-១ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២ពូល D រីឯអេស្ប៉ាញយកឈ្នះស្លូវ៉ាគី ៥-០ សម្រាប់តំណែងលេខ២ពូល E។ ជំនួបនៅកីឡដ្ឋាន Parken នេះ ជាការប៉ះគ្នានៅវគ្គខ្វែងជាលើកដំបូងក្នុង Euro រវាងក្រុមទាំងពីរផងដែរ។

 
សម្រាប់ក្រូអាស៊ី នេះជាការបង្ហាញខ្លួនជាលើកទី៦ ដោយធ្លាប់ឈានដល់វគ្គ៨ក្រុមចុងក្រោយ២លើក និងធ្លាក់ចេញពីវគ្គជម្រុះតាមពូល២លើក។ កាលពីឆ្នាំ២០០៦ ពួកគេបានធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ ដោយសារជើងឯកព័រទុយហ្គាល់ក្នុងលទ្ធផល ១-០ នៅម៉ោងបន្ថែម។
 
រីឯម្ចាស់ជើងឯក៣ជំនាន់អេស្ប៉ាញ ត្រូវការស្តារឈ្មោះត្រូវមកវិញ បន្ទាប់ពីបានធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយដោយសារអ៊ីតាលី ២-០ កាលពីឆ្នាំ២០១៦ បន្ទាប់ពីពួកគេលើកពាន២លើកជាប់គ្នាជាប្រវត្តិសាស្ត្រ។ 


 
ក្រុមទាំងពីរធ្លាប់បានប៉ះគ្នា៨លើកកន្លងមក ដោយអេស្ប៉ាញឈ្នះ៤លើក ក្រូអាស៊ីឈ្នះ៣លើក និងស្មើគ្នា១លើក។ កាលពី Euro 2016 ក្រូអាស៊ី បានយកឈ្នះ ២-១ នៅក្នុងពូល រីឯជំនួបចុងក្រោយក្នុងព្រឹត្តិការណ៍ Nations League ឆ្នាំ២០១៨ អេស្ប៉ាញឈ្នះ ៦-០ នៅជើងទី១ ហើយក្រូអាស៊ីឈ្នះ ៣-២ វិញនៅជើងទី២។
 
ក្រូអាស៊ីត្រូវអវត្តមានកម្លាំងសំខាន់២រូបគឺខ្សែការពារ Dejan Lovren ដែលជាប់ពិន័យកាតក្រហម និងខ្សែបម្រើ Ivan Perisic ដែលឆ្លងកូវីដ-១៩ ប៉ុន្តែប្រធានក្រុម Luka Modric ពីកីឡាករវ័យក្មេង ទៅជាកីឡាករវ័យចំណាស់ជាងគេសម្រាប់កំណត់ត្រាគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមជម្រើសជាតិ នៅតែជាកម្លាំងស្នូលរបស់គ្រូបង្វឹក Zlatko Dalic។
 
សម្រាប់ជំនួបជាមួយជើងឯករង World Cup នេះ ក្រុមអេស្ប៉ាញរបស់លោក Luis Enrique មិនមានបញ្ហាកីឡាករណាមួយឡើយ ដោយ Ferran Torres, Pablo Sarabia និង Sergio Busquets រួមទាំងមិត្តរួមក្រុមផ្សេងទៀតត្រៀមខ្លួនជានិច្ច ដើម្បីស្តារការខកចិត្តរបស់អេស្ប៉ាញ កាលពី៥ឆ្នាំមុន៕


 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com