ជាតិ
យុវជនសកម្ម សេវាល្អ
សិស្សសាលាបឋមសិក្សាហ៊ុន សែន ជុំគ្រៀល ចំនួន៣៣នាក់បោះបង់ការសិក្សាអំឡុងកូវីដ-១៩
×
ដោយ៖ ង៉ែត ស្រីកា(យុវជនឃុំជុំគ្រៀល)
កំពត៖ លោក ងាវ ឈីម ជានាយកសាលាបឋមសិក្សា ហ៊ុន សែន ជុំគ្រៀល ដែលស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ លោក ងាវ ឈីម បានឱ្យដឹងថា នៅក្នុងអំឡុងពេលកូវីដ-១៩ ជាពិសេសតាំងពីព្រឹត្តិការណ៍២០កុម្ភៈមក មានកុមារចំនួន៣៣នាក់បានបោះបង់ការសិក្សា។ ក្នុងចំណោមកុមារទាំងនោះ ភាគច្រើនជាកុមារី។ តាមលោក ងាវ ឈីម កង្វះសម្ភារសិក្សាតាមអនឡាញ និងការផ្លាស់ទីលំនៅតាមឪពុកម្តាយ គឺជាមូលហេតុចម្បងនៃការខកខានកាសិក្សារបស់ពួកគេ។
នៅក្នុងអំឡុងបិទខ្ទប់សាលានេះលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សា ហ៊ុន សែន ជុំគ្រៀល ដែលស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ បានបន្តការបង្រៀនពីចម្ងាយដល់សិស្សានុសិស្ស។ តាមលោក ងាវ ឈីម ដែលជានាយកសាលា បានថ្លែងថា អំឡុងពេលនេះ សាលាបានអនុវត្តន៍ការបង្រៀនតាមកម្មវិធីបង្រួញ ដោយបង្រៀនតែមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាប៉ុណ្ណោះ។ ទោះយ៉ាងណា សិស្សានុសិស្សដែលបានបន្តការសិក្សាពេញលេញជាមួយគ្រូ តាមប្រព័ន្ធបង្រៀនពីចម្ងាយនេះ មានប្រមាណ៦៥ភាគរយប៉ុណ្ណោះ។ មួយចំនួននៅខ្វះចន្លោះ និងមួយចំនួនមិនបានរៀនតែម្តង។
តាមលោក ងាវ ឈីម ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ មានសិស្សចំនួន៣៣នាក់ ដែលភាគច្រើនជាសិស្សថ្នាក់ទី១ ដល់ទី៤ បានបោះបង់ចោលការសិក្សា។ ចំនួននេះស្មើនឹងជាង២.៦ភាគរយ ធៀបនឹងចំនួនសិស្សសរុបជិត៥០០នាក់។ នេះជាការអះអាងរបស់លោក ងាវ ឈីម នាយកសាលាបឋមសិក្សា ហ៊ុន សែន ជុំគ្រៀល ដោយលោកបានឱ្យដឹងទៀតថា ក្នុងចំណោមសិស្សដែលបោះបង់ការសិក្សានោះ មានក្មេងស្រី ២១នាក់។ លោក ងាវ ឈីម បានឱ្យដឹងថាមូលហេតុចម្បងមួយចំនួននៃការខកខានសិក្សារបស់សិស្សានុសិស្សទាំងនោះ គឺមកពីការខ្វះខាតសម្ភារសម្រាប់សិក្សាតាមប្រព័ន្ធអនឡាញ, ការអាក់រអួលនៃសេវាអ៊ីនធឺណិត, ឪពុកម្តាយមិនមានពេលវេលានៅជាមួយកូនតូចៗក្នុងម៉ោងសិក្សាតាមអនឡាញ និងមួយចំនួនបានផ្លាស់ប្តូរទីលំនៅតាមឪពុកម្តាយជាដើម។
ដោយបារម្ភពីការសិក្សារបស់សិស្ស លោក ងាវ ឈីម ក៏អះអាងដែរថា កន្លងមកលោកធ្លាប់ បានជួបពន្យល់អាណាព្យាបាលសិស្ស អំពីបញ្ហាប្រឈមរបស់ក្មេងៗនៅពេលបោះបង់ការសិក្សា។ ក៏ប៉ុន្តែអាណាព្យាបាលសិស្សមួយចំនួន នៅតែបណ្តែតបណ្ដោយ ឱ្យកូនៗរបស់ពួកគេ ផ្អាកការសិក្សាដដែល។
ទោះយ៉ាងណា លោក នាយកសាលា ក៏ទទួលស្គាល់ដែរថា នៅក្នុងអំឡុងពេលនៃបិទសាលាបណ្តោះអាសន្នដែលចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២១មក ការបង្រៀនសិស្សពីចម្ងាយរបស់លោកគ្រូអ្នកគ្រូ ក៏មានភាពរអាក់រអួលដែរ ដោយចំណេះដឹងផ្នែកព័ត៌មានវិទ្យា។ «ការបង្រៀនពីចម្ងាយរបស់យើង នៅមានកម្រិត ដោយសារគ្រូគាត់មិនមានជំនាញខាងព័ត៌មានវិទ្យា អីចឹងហើយមានការរអាក់រអួល ប៉ុន្តែយើងបានចែកសន្លឹកកិច្ចការតាមការណែនាំរបស់ក្រសួងអប់រំ។ អីចឹងយើងណាត់សិស្ស ដោយយើងមានរក្សាគម្លាត ឱ្យគាត់ទទួលកិច្ចការហើយ វិលត្រឡប់ទៅផ្ទះវិញ។ ដល់ថ្ងៃណាត់ ត្រូវយកកិច្ចការដែលធ្វើហើយជូនគ្រូវិញ ដើម្បីគ្រូកែ ដាក់ពិន្ទុប្រចាំខែ»។ នេះជាពន្យល់របស់លោកនាយកសាលា។
លោក ងាវ ឈីម បារម្ភពីអនាគតក្មេងៗទាំងនោះ ព្រោះពួកគេត្រូវបាត់បង់ចំណេះដឹងតាំងកុមារភាព។ នាយកសាលាវ័យ៥១ឆ្នាំរូបនេះ លើកឡើងដូច្នេះថា៖«ខ្ញុំបារម្ភខ្លាំងចំពោះអនាគតកុមារម្នាក់ៗ។ បើនៅតែមានកុមារបោះបង់ការសិក្សាច្រើន ប្រទេសជាតិធនធានមនុស្សដែលមានសមត្ថភាព ចំណេះដឹង ដើម្បីជាសសរកសាងប្រទេសជាតិខ្លួន»។ ទន្ទឹមនឹងនេះ លោក ងាវ ឈីម ក៏លើកទឹកចិត្តចំពោះសិស្ស បន្តសិក្សាឱ្យខិតខំរៀនសូត្រ ទាំងជាមួយលោកគ្រូ អ្នកគ្រូ និងស្វ័យសិក្សាផងដែរ ខណៈអាណាព្យាបាលសិស្ស ក៏មានតួនាទីសំខាន់ណាស់ដែរ ក្នុងការជំរុញ និងតាមដានការសិក្សាររបស់កូនៗ។ លោក ងាវ ឈីម ក៏សង្ឃឹមថាដែរ សិស្សានុសិស្សដែលបានឈប់រៀនក្នុងអំឡុងកូវីដ-១៩នេះ នឹងត្រឡប់ចូលរៀន បន្ទាប់ពីកូវីដ-១៩ ឬនៅពេលសាលាបើកឡើងវិញ៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ងាវ ឈីម
អប់រំ
កូវីដ-១៩
ជុំគ្រៀល
© រក្សាសិទ្ធិដោយ thmeythmey.com