ភ្នំពេញ៖ មិត្តភាពចិន និងកម្ពុជា រឹងមាំដូចដែកថែប ដែលមិនអាចបំបែកបាន ហើយសហគមន៍វាសនារួមគ្នារវាងប្រទេសទាំងពីរ នឹងមុតមាំជាងមាស នៅថ្ងៃអនាគត។ នេះជាសម្តីរបស់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានថ្លែងនៅក្នុងសាររម្លឹកខួប១០០ឆ្នាំ នៃបក្សកុម្មុយនីស្តចិន ដែលចេញផ្សាយនៅថ្ងៃទី២៩ មិថុនា នៅលើហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត។
ថ្លែងក្នុងពិធីរម្លឹកខួបនេះ លោក វ៉ាង វិនធាន បានលើកពីការប្រឹងប្រែងតស៊ូរបស់ចិន ចាប់តាំងពីជួបបញ្ហាក្រីក្រ ចុះទន់ខ្សោយ ហើយរងការមើលងាយ និងជិះជាន់ពីបរទេស រហូតដល់ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើពិភពលោក។ នោះក៏ព្រោះតែវត្តមានបក្សកុម្មុយនីស្តចិន ដែលកើតឡើងកាលពីខែកក្កដា ឆ្នាំ១៩២១មក។
បើតាមលោក វ៉ាង វិនធាន ភាពខ្លាំងក្លារបស់ចិន ដោយសារតែមានស្នូលដឹកនាំរឹងមាំនៅក្នុងបក្ស ដែលបានបង្រួមបង្រួមប្រជាជនចិន។ ជាពិសេសការប្រកាន់ខ្ជាប់គោលការណ៍បម្រើពលរដ្ឋចិនអស់ពីចិត្ត។
លើសពីនេះ ការប្រកាន់នូវគោលការណ៍ដើរលើមាគ៌ាខ្លួន និងការកសាងបក្សរឹងមាំ រួមទាំងលើកកម្ពស់ការច្នៃប្រឌិតទ្រឹស្តីនៃការអនុវត្តជាក់ស្ដែង ដោយហ៊ានប្រឈមមុខនឹងបញ្ហាផ្ទាល់ និងការប្រមូលផ្ដុំអ្នកមានសមត្ថភាពក្នុងបក្ស គឺជាភាពខ្លាំង ដែលចិនសម្រេចបានលទ្ធផលល្អ រយៈពេល១០០ឆ្នាំនេះ។
និយាយពីកិច្ចប្រឹងប្រែងចិនហើយ លោក វិនធាន ក៏បានលើកពីទំនាក់ទំនងចិននិងកម្ពុជាវិញម្ដង។ ឯកអគ្គរដ្ឋទូតចិនរូបនេះ បានអះអាងជាថ្មីថា មិត្តភាពដែកថែបកម្ពុជា-ចិន មិនអាចបំបែកបាន ដោយត្រូវបន្តដំណើររឹងមាំនៅក្នុងសហគមន៍វាសនារួមគ្នា។ កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងលើផែនការសកម្មភាព ស្តីពីការបង្កើតសហគមន៍វាសនារួម កាលពីថ្ងៃទី២៨ មេសា ២០១៩។
តាមរយៈសារបកស្រាយភាសាខ្មែរ ដែលបានស្រង់សម្តីលោក វ៉ាង វិនធាន បានបញ្ជាក់ដូច្នេះថា៖«ពួកគេតែងលាបព័ណ៌ទៅប្រទេសចិន និងគណបក្សកុម្មុយនីស្តចិនឥតឈប់ឈរ ចង់បំបែកបំបាកទំនាក់ទំនងរវាងគណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន ក៏ដូចជាចង់បំផ្លាញទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជាប៉ុន្តែវាត្រូវបានវិនាសទាំងស្រុង។ ពាក្យពេចន៍គំរាមកំហែង និងផ្ដួលរលំចិនតាមក្រោមគ្រប់ទម្រង់ត្រូវបានវិនាសបរាជ័យយូរមកហើយ ។ ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន មិនអាចបំបែកបានឡើយ ហើយសហគមន៍វាសនារួមគ្នារវាងប្រទេសទាំងពីរ មុតមាំជាងមាស»។
អ្វីដែលធ្វើឱ្យចិន មិនអាចបំភ្លេចកម្ពុជាបាននោះ គឺសកម្មភាពនយោបាយការទូតរបស់កម្ពុជាជាមួយចិន ក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩នេះ។ រដ្ឋាភិបាលកម្ពុជា មិនបិទជើងហោះហើរជាមួយចិន, មិនរើសអើងប្រជាជនចិន និងមិនជម្លៀសអ្នកការទូតនិងនិស្សិតខ្មែរចេញពីចិន។ បន្ថែមពីនេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនជាបន្ទាន់ ដែលចិនចាត់ទុកជាដំណើរបញ្ច្រាសទិស។ មិនតែប៉ុណ្ណោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែក៏បានប្រោសព្រះរាជទានជំនួយដល់ភាគីចិនទៀតផង។ នេះជាការរៀបរាប់របស់លោក វ៉ាង វិនធាន។
ដោយសារតែសកម្មភាពទាំងនេះហើយ ទើបធ្វើឱ្យចិនជួយកម្ពុជា ជាពិសេសក្នុងវិបត្តិកូវីដ-១៩នេះ។ ត្រង់ចំណុចនេះ ឯកអគ្គរដ្ឋទូតចិន បាននិយាយដូច្នេះថា ទោះបីជាចិនមានតម្រូវវ៉ាក់សាំងដ៏សន្ធឹកសន្ធាប់ក្នុងប្រទេសខ្លួនក៏ដោយ ក៏នៅតែចាត់ទុកកម្ពុជាជាទិសដៅអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង និង បានប្រគល់វ៉ាក់សាំងយ៉ាងច្រើនជូនដល់ភាគីកម្ពុជា ដែលស្មើនឹង៩៥ភាគរយ នៃចំនួនវ៉ាក់សាំងកូវីដសរុបដែលកម្ពុជាទទួលបាន។ រដ្ឋាភិបាលនិងយោធាចិន បានបញ្ជូនក្រុមគ្រូពេទ្យមកកាន់កម្ពុជាមុនគេបង្អស់ ដោយបានផ្តល់សម្ភារៈទប់ស្កាត់នឹងជំងឺកូវីដ-១៩ តាមគ្រប់មធ្យោបាយជាច្រើនទៀតផង។
«យើងជឿជាក់ដោយមានហេតុផលថា ស្ថិតក្រោមសមិទ្ធផលដ៏អស្ចារ្យជាសតវត្សរ៍ដែលប្រទេសចិននិងកម្ពុជាក៏ដូចជាប្រជាជនទាំងពីរ បានរកឃើញនូវមាគ៌ាអភិវឌ្ឍន៍ដែលសមស្របជាមួយស្ថានភាពរបស់ប្រទេសជាតិខ្លួន និងស្ថិតក្រោមការកសាងសហគមន៍វាសនារួម យើងរួមគ្នា ជួយគ្នានិងគាំទ្រគ្នាទៅវិញទៅមក និងសមិទ្ធផលដែលសម្រេចបាន នឹងត្រូវបានចារក្នុងប្រវត្តិសាស្រ្តដ៏ផូរផង់សម្រាប់ចំណងមិត្តភាពរវាងចិននិងកម្ពុជា ទាំងនេះនឹងក្លាយជាប្រវត្តិសាស្រ្តដ៏ល្បីរន្ទឺយ៉ាងអស្ចារ្យជាមិនខាន»។ នេះបើតាមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
កាលពីថ្ងៃទី២០ ឧសភា កន្លងមក សម្ដេច ហ៊ុន សែន ធ្លាប់បានប្រកាសថា បើមិនឱ្យសម្ដេចពឹងចិន តើឱ្យសម្ដេចទៅពឹងអ្នកណា? ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលនេះ ចង់បញ្ជាក់ន័យថា ការពឹងផ្អែកលើចិន ទើបនាំឱ្យកម្ពុជា មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។ ក្នុងន័យនេះសម្ដេច ហ៊ុន សែន បានពន្យល់ថា តាមរយៈការពឹងចិននេះហើយ ទើបកម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធរីកស្គុសស្គាយ ដូចជាផ្លូវថ្នល់ ស្ពាន និងអគារពាណិជ្ជកម្មធំៗជាដើម។
និយាយរឿងងាកទៅរកចិននេះ លោក សុវីនដា ក៏មើលឃើញថា វាផ្ដល់ប្រយោជន៍ដល់កម្ពុជាច្រើន សម្រាប់ការអភិវឌ្ឍន៍ និងរីកចម្រើន ហើយកម្ពុជាក៏មិនក្លាយជា«កូនអុក»ចិនដែរ។អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាពរូបនេះ បានពន្យល់ដោយលើកឧទាហរណ៍ថា កម្ពុជាក៏ធ្លាប់ត្រូវបានគេចោទថាជា«កូនអុក»វៀតណាម ប៉ុន្តែកម្ពុជាក៏បានពង្រឹងខ្លួន ដោយមិនឱ្យស្ថិតនៅក្រោមសម្ពាធវៀតណាមឡើយ។ ដូច្នេះមេដឹកនាំកម្ពុជា ប្រាកដជាយល់ពីពាក្យថា «កូនអុក» ដែលមិនឱ្យចិន យកធ្វើជាល្បែងនយោបាយការបរទេសនោះទេ៕