អន្តរជាតិ
អនុរដ្ឋមន្រ្តីការពារជាតិជប៉ុនថា ជារឿងចាំបាច់ត្រូវការពារតៃវ៉ាន់ពីការវាយប្រហាររបស់ចិន
29, Jun 2021 , 7:10 pm        
រូបភាព
អនុរដ្ឋមន្រ្តីការពារជាតិ លោក Yasuhide Nakayama។ រូបភាព៖ CNN
អនុរដ្ឋមន្រ្តីការពារជាតិ លោក Yasuhide Nakayama។ រូបភាព៖ CNN
ដោយ៖ចាន់ ស៊ីណា

អនុរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Yasuhide Nakayama នៅថ្ងៃទី២៨ ខែមិថុនា បានលើកឡើងពីការគំរាមកំហែងកាន់តែខ្លាំង ដែលបង្កឡើងដោយកិច្ចសហការរវាងចិន និងរុស្ស៊ី។ លើសពីនេះ លោកNakayama បានបញ្ជាក់ពីភាពចាំបាច់ ដែលរដ្ឋាភិបាលក្រុងតូក្យូ ត្រូវតែ «ភ្ញាក់ខ្លួន» ដើម្បីការពារក្រុងតៃប៉ិពីការដាក់សម្ពាធរបស់ប៉េកាំង ក្នុងនាមជាប្រទេសប្រជាធិបតេយ្យ។

 
ថ្លែងនៅក្នុងវេទិកាមួយ តាមប្រព័ន្ធវីដេអូ នៅវិទ្យាស្ថាន Hudson លោក Yasuhide Nakayama អនុរដ្ឋមន្រ្តីការពារជាតិ បានចោទជាសំណួរ ថាតើវាត្រឹមត្រូវទេ ដែលបណ្តាប្រទេសជាច្រើនរួមទាំងជប៉ុន និងអាមេរិក គោរពគោលនយោបាយ «ចិនតែមួយ» ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ ជាចម្លើយ លោកបានអះអាងថា លោកក៏មិនដឹងដូចគ្នា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
 
ប៉ុន្តែបើតាមលោកអនុរដ្ឋមន្រ្តីការពារជាតិជប៉ុនរូបនេះ ប្រទេសលទ្ធិប្រជាធិបតេយ្យត្រូវតែចេះជួយគ្នា។ ថ្លែងប្រាប់អ្នកចូលរួម លោក Nakayama បានលើកឡើងថា ជប៉ុនត្រូវតែការពារតៃវ៉ាន់ ក្នុងនាមជាប្រទេសលទ្ធិប្រជាធិបតេយ្យ ដោយកន្លងមក លោកធ្លាប់បានចាត់ទុកតៃវ៉ាន់ ជាបន្ទាត់ក្រហម។ 
 
«ដូច្នេះ យើងត្រូវតែការពារតៃវ៉ាន់ក្នុងនាមជាប្រទេសលទ្ធិប្រជាធិបតេយ្យដូចគ្នា»។ អនុរដ្ឋមន្រ្តីការពារជាតិជប៉ុន បានថ្លែងបែបនេះ ដោយបន្ថែមថា ជប៉ុន និងតៃវ៉ាន់មានភូមិសាស្ត្រជិតគ្នា ហើយប្រសិនបើមានអ្វីកើតឡើងនៅតៃវ៉ាន់ វានឹងប៉ះពាល់ដល់កោះអូគីណាវ៉ារបស់ជប៉ុនផងដែរ។ តំបន់ អូគីណាវ៉ា ជាមូលដ្ឋានកងកម្លាំងអាមេរិក និងក្រុមគ្រួសាររបស់ពួកគេរាប់ពាន់នាក់ស្នាក់នៅទីនោះ។
 
ទន្ទឹមនេះផងដែរ លោក Nakayama បានគូសបញ្ជាក់ពីការគំរាមកំហែងកាន់តែខ្លាំងឡើង ដែលបង្កដោយចិនទាំងនៅលំហអវកាស បច្ចេកវិទ្យាមីស៊ីល ប្រព័ន្ធអ៊ីនធឺណិត អាវុធនុយក្លេអ៊ែរ និងកងកម្លាំងប្រដាប់អាវុធជាច្រើនទៀត។ អនុរដ្ឋមន្រ្តីការពារជាតិជប៉ុនរូបនេះ ក៏បានបន្តទៀតថា វាចាំបាច់ត្រូវតែទប់ស្កាត់ចំពោះសកម្មភាពរបស់ចិន និងរុស្ស៊ីដែលបានបង្កើនការធ្វើសមយុទ្ធនៅក្នុងទឹកដីដែលទាមទារដោយជប៉ុន និងនៅជិតកោះហាវ៉ៃ។
 
ទន្ទឹមនេះ លោក Nakayama ក៏បានជំរុញឱ្យជប៉ុនលុបចោលគោលនយោបាយចំណាយលើវិស័យការពារជាតិត្រឹម១ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ ក្នុងន័យនេះ ជប៉ុន ត្រូវការចំណាយថវិកាបន្ថែម លើការទិញអាវុធរួមទាំងមីស៊ីលផង៕ 
 

Tag:
 ចិន
  ជប៉ុន
  តៃវ៉ាន់
  រុស្ស៊ី
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com