កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អ៊ុយក្រែនស៊ីស៊ុយអែតនៅម៉ោងបន្ថែមដើម្បីឡើងទៅជួបអង់គ្លេសនៅវគ្គ៨ក្រុម លោក Andriv Shevchenko និងអ្នកចាំទី Georgiy Bushchan លោតអបអរ ក្រោយកញ្ចែបញ្ចប់ការប្រកួត។ រូបថត UEFA
× អ៊ុយក្រែនដែលជាក្រុមលេខ៣ពូល C បានយកឈ្នះស៊ុយអែត ក្រុមលេខ១ពូល E ក្នុងលទ្ធផល ២-១ នាម៉ោងបន្ថែម ដើម្បីឡើងទៅជួបតោកំណាចអង់គ្លេសនៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Euro 2020។
Artem Dovbyk បានតែតបាល់បញ្ចូលទីនៅនាទី១២០+១ ដើម្បីនាំជ័យជម្នះ ២-១ សម្រាប់អ៊ុយក្រែន។ ជំនួបដែលឈានដល់ម៉ោងបន្ថែម១៥នាទីពីរដងនេះ ក្រុមទាំងពីរបញ្ចប់ការប្រកួតនៅម៉ោងធម្មតាក្នុងលទ្ធផលត្រឹម១-១ ដោយ ខ្សែការពារអ៊ុយក្រែន Oleksandr Zinchenko រកបានគ្រាប់បាល់នាំមុខនៅនាទី២៧ តែខ្សែបម្រើស៊ុយអែត Emil Forsberg វាយបកតាមស្មើវិញនៅនាទី៤៣។
សម្រាប់ជំនួបនៅលើទីលាន Hampden Park ក្រុង Glasgow ប្រទេសស្កុតឡែននេះ ខ្សែការពារស៊ុយអែត Marcus Danielson បានទទួលកាតក្រហមនៅនាទី៩៨ ក្រោយ VAR ពិនិត្យឃើញថា រូបគេមានចេតនាឈូសជើងខ្សែប្រយុទ្ធ Artem Besedin។
Zinchenko ដែលរកគ្រាប់បាល់បញ្ចូលទីនាំមុខសម្រាប់អ៊ុយក្រែន ជាកីឡាករឆ្នើមប្រចាំការប្រកួត Star of the Match.
អ៊ុយក្រែនដែលដឹកនាំដោយលោក Andriv Shevchenko ប៉ះអង់គ្លេស នៅក្រុងរ៉ូម សម្រាប់វគ្គ៨ក្រុមចុងក្រោយ។ នាការប្រកួតគូដំបូងប្រចាំថ្ងៃ អង់គ្លេសបានទម្លាក់អាល្លឺម៉ង់ក្នុងលទ្ធផល ២-0៕
© រក្សាសិទ្ធិដោយ thmeythmey.com