កីឡាអន្តរជាតិ
អន្តរជាតិ
ក្រៅពី World Cup 1966 អង់គ្លេសមិនដែលបានពានអ្វីសោះ ចុះក្នុង Euro 2020 នេះ?
30, Jun 2021 , 11:33 am        
រូបភាព
លោក Southgate គ្រូបង្វឹកអង់គ្លេស នាអំឡុងនៃជ័យជម្នះ ២-០ លើអាល្លឺម៉ង់។ រូបថត UEFA
លោក Southgate គ្រូបង្វឹកអង់គ្លេស នាអំឡុងនៃជ័យជម្នះ ២-០ លើអាល្លឺម៉ង់។ រូបថត UEFA
ផ្លូវទៅកាន់ការគ្រងតំណែងជើងឯកទ្វីបអឺរ៉ុបរបស់អង់គ្លេសជាលើកដំបូងកំពុងឆ្ពោះទៅមុខហើយ បន្ទាប់ពីពួកគេបានទម្លាក់អាល្លឺម៉ង់នៅវគ្គ១៦ក្រុមចុងក្រោយព្រឹត្តិការណ៍ Euro 2020។ តាមរយៈជ័យជម្នះ ២-០ លើក្រុមឥន្ទ្រីដែក ក្រុមលោក Gareth Southgate ត្រូវបានគេ មើលឃើញថាមានភាគរយខ្ពស់ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ ដ្បិតត្រូវប៉ះក្រុមកម្រិតមធ្យមបន្តបន្ទាប់។

 
គ្រាប់បាល់របស់ Raheem Sterling និង Harry Kane នៅកីឡដ្ឋាន Wembley គ្រប់គ្រាន់សម្រាប់ក្រុមតោកំណាចដណ្តើមបានជ័យជម្នះជាលើកដំបូងលើអាល្លឺម៉ង់ ក្នុងការប្រកួតវគ្គ ១៦ក្រុម ចុងក្រោយ គិតចាប់ពីឆ្នាំ១៩៦៦ មក។ អង់គ្លេសឈ្នះអាល្លឺម៉ង់លើកចុងក្រោយនៅព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៦៦។
 
អង់គ្លេសនឹងបន្តទៅវគ្គ១/៤ផ្តាច់ព្រ័ត្រជើងឯកអឺរ៉ុប ដោយត្រូវជួបអ៊ុយក្រែន ដែលទម្លាក់ស៊ុយអែតក្នុងលទ្ធផល ២-១។
 
បើទោះជាក្រុមលោក Southgate មិនទាន់បញ្ចប់វគ្គ៨ក្រុម និងពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ ប៉ុន្តែដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ Euro 2020 របស់អង់គ្លេស ត្រូវបានគេមើលឃើញថា មិនពិបាកនោះឡើយ។ ងាយស្រួល ដ្បិតអង់គ្លេស បន្តបន្ទាប់ នឹងត្រូវប៉ះសុទ្ធសឹង ជាក្រុមកម្រិតមធ្យមប៉ុណ្ណោះ។ 
 


បើតាមរូបមន្តដែលអ្នករៀបចំ Euro 2020 កំណត់ អង់គ្លេសនឹងត្រូវជួបដាណឺម៉ាក ឬសាធារណរដ្ឋឆែកនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើពួកអាចទម្លាក់អ៊ុយក្រែននៅវគ្គ៨ក្រុមចុងក្រោយ ដែលធ្វើឡើងនៅកីឡដ្ឋាន Stadio Olimpico ក្រុងរ៉ូម ប្រទេសអ៊ីតាលីនៅរាត្រីថ្ងៃទី៤ ខែមិថុនា វេលាម៉ោង ២:០០នាទី អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
 
អង់គ្លេសក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Southgate ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលព្រ័ត្រ FIFA World Cup រួចមកហើយនៅឆ្នាំ២០១៨ ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
 
រីឯក្នុងដំណើរទៅវគ្គផ្តាច់ព្រ័ត្រនៃជំនួបម្ខាងទៀត បែលហ្ស៊ិក ត្រូវតទល់ជាមួយអ៊ីតាលី រីឯអេស្ប៉ាញ ប៉ះស្វីស។ 
 
ទោះបីជាយ៉ាងណាក៏ដោយ ពាក្យថា ក្រុមមធ្យមគ្រាន់តែជាការមើលឃើញរបស់ក្រុមអ្នកគាំទ្រ ដោយផ្អែកតាមចំណាត់ថ្នាក់ FIFA ក៏ដូចជាលទ្ធផលកន្លងមក ប៉ុន្តែអ្វីៗនៅតែអាច ទៅរួចក្នុង ពិភពលបាល់ទាត់ ដូចជាហូឡង់បានចាញ់ឆែក និងបារាំងហាលអាវដោយសារស្វីស ជាដើម៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com