កីឡាអន្តរជាតិ
អន្តរជាតិ
ព្រឹត្តិការណ៍ប្លែកៗ កើតឡើងក្នុងជំនួបអង់គ្លេស និងអាល្លឺម៉ង់នៅ Wembley
30, Jun 2021 , 10:29 pm        
រូបភាព
ជំនួបអង់គ្លេស និងអាល្លឺម៉ង់ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Euro 2020 បានបង្កើតឱ្យមានព្រឹត្តិការណ៍ប្លែកៗ។ បុរសម្នាក់ដែលមានមុខមាត់ដូចលោក Jurgen Klopp អ្នកចាត់ការ Liverpool បេះដាក់ បង្ហាញខ្លួនដ៏គួរភ្ញាក់ផ្អើល ខណៈតួសម្តែងរឿងអាសអាភាសដ៏ល្បីរបស់អាមេរិក Johnny sins ក៏មានវត្តមាននៅ Wembley ផងដែរ។


ក្នុងហ្វូងអ្នកគាំទ្ររបស់ក្រុមអង់គ្លេស មុនជំនួបអង់គ្លេស និងអាល្លឺម៉ង់ បុរស់ម្នាក់បានលេចមុខ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រផ្សេងទៀតដោយសារតែមានមុខមាត់ និងរូបរាងដូចលោក Klopp។ មិនត្រឹមតែដូចអ្នកចាត់ការទូទៅ Liverpool នោះទេ អ្នកគាំទ្រអង់គ្លេសរូបនេះថែមទាំងតុបតែខ្លួនដោយមានម៉ក វែនតា និងសម្លៀកបំពាក់ជាលោក Klopp តែម្តង។
 


ស្ទើរតែច្រឡំ១០០ភាគរយ ប៉ុន្តែអ្នកគាំទ្រនេះ ជិះលើកកមិត្តខ្លួន ហើយកាន់កំប៉ុងស្រាបៀរស្រែកច្រៀង ដែលធ្វើឱ្យគេអាចកំណត់បានថាមិនមែនជាលោក Klopp ឡើយ។
 
ដោយឡែក អំឡុងការប្រកួតដែលអង់គ្លេសយកឈ្នះឥន្ទ្រីដែក ២-០ នៅកីឡដ្ឋាន Wembley អ្នកកាន់កាម៉េរ៉ាបានតម្រង់កាណុងទៅកាន់អ្នកគាំទ្រម្នាក់ដែលគេស្គាល់ថាជាតារាសម្តែងរឿងអាសអាភាសដ៏ល្បីរបស់អាមេរិក។ លោក Johnny sins វ័យ៤២ឆ្នាំ បានបង្ហាញខ្លួនជាអ្នកគាំទ្រក្រុមតោកំណាច ក្នុងចំណោមអ្នកគាំទ្រជាច្រើនទៀត។
Johnny ក្នុងសម្លៀងបំពាក់របស់ក្រុមជម្រើសជាតិអង់គ្លេស ពិតជាផ្តោតអារម្មណ៍ទៅលើការប្រកួតដ៏អស្ចារ្យនេះយ៉ាងខ្លាំង។

 
ក្រៅពីនោះ អ្នកល្បីៗដូចជាអតីតប្រធានក្រុមអង់គ្លេសលោក David Beckham អ្នកចម្រៀង Ed Sheeran រួមជាមួយព្រះអង្គម្ចាស់ William និងបុត្រ សុទ្ធតែមានវត្តមាននៅជំនួបអង់គ្លេស និងអាល្លឺម៉ង់នេះ។  


 
ក្រោយឈ្នះអាល្លឺម៉ង់ជាលើកដំបូងក្នុងរយៈពេល៥៥ឆ្នាំ អង់គ្លេសត្រូវបន្តការប្រកួតនៅវគ្គ៨ក្រុមចុងក្រោយ Euro 2020 ជាមួយអ៊ុយក្រែន ដើម្បីឆ្ពោះទៅកាន់ការគ្រងតំណែងជើងឯកជាលើកដំបូងរបស់ខ្លួនសម្រាប់ពានអឺរ៉ុប៕


 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com