COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ៖ រៀបចំក្ដារមឈូសឱ្យបានត្រឹមត្រូវ ដើម្បីគោរពអ្នកស្លាប់ដោយសារកូវីដ-១៩
01, Jul 2021 , 10:45 am        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធររៀបចំក្ដារមឈូសឱ្យបានត្រឹមត្រូវ សម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដើម្បីបង្ហាញពីការគោរពដល់សាកសព។


 
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា សាកសពអ្នកជំងឺកូវីដ-១៩ ដែលត្រូវយកទៅកប់ ឬដុតនោះ មិនត្រូវរៀបចំត្រឹមតែរុំខ្ចប់ដូចមុននោះទេ ពោលគឺត្រូវរៀបចំតាមក្បួនប្រពៃណីខ្មែរឱ្យបានត្រឹមត្រូវ ដែលបញ្ជាក់ពីការគោរពដល់ពួកគេ។ មិនត្រឹមតែរៀបចំក្ដាមឈូសនោះទេ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យរៀបចំកម្រងផ្កានៅមុខសពអ្នកជំងឺកូវីដ-១៩ ទៀតផង។
 
ថ្លែងកិច្ចប្រជុំតាមអនឡាញជាមួយមន្ត្រីរដ្ឋាភិបាល ដោយមានការផ្សាយបន្តផ្ទាល់ នៅថ្ងៃទី១ កក្កដានេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាឱ្យលោក សៅ សុខា ប្រធានគណៈកម្មាធិការបង្ក្រាបបទល្មើសព្រៃឈើ និងធនធានធម្មជាតិ យកឈើដែលបង្ក្រាប និងរឹបអូសបាន ទៅធ្វើជាក្ដារមឈូសសម្រាប់អ្នកស្លាប់ដោយសារកូវីដ-១៩។
 
បន្ថែមពីនេះ សម្ដេច ហ៊ុន សែន ក៏បញ្ជាឱ្យទិញក្ដារមឈូស ដែលមានរួចស្រេច ៨០ភាគរយ សម្រាប់សពអ្នកជំងឺកូវីដ-១៩ទៀតផង។«ប្រទេសខ្លះរកតែអូសដុត(សពអ្នកជំងឺកូវីដ-១៩) អត់បាន (សព)គរលើគ្នា»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបញ្ជាឱ្យអាជ្ញាធរតាមខេត្ត រៀបចំកន្លែងកបសពអ្នកជំងឺកូវីដ-១៩ ដល់ពលរដ្ឋកាន់សាសនាផ្សេងៗនៅកម្ពុជា។
 
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាអាជ្ញាធរតាមខេត្ត រកទីតាំងដី រៀបចំបច្ចាសម្រាប់បូជាសពអ្នកកូវីដ-១៩ ។ ក្រៅពីរកដីរៀបចំបច្ចាហើយ សម្ដេច ក៏ប្រាប់ឱ្យអាជ្ញាធរពិភាក្សាជាមួយគណៈកម្មការវត្តក្នុងមូលដ្ឋាន យកបច្ចាវត្តប្រើប្រាស់បូជាសពអ្នកកូវីដ-១៩ ប៉ុន្តែក្នុងលក្ខខណ្ឌធានាសុវត្ថភាព កុំឱ្យមានការឆ្លងជំងឺនេះ។
 
សម្ដេច ក៏ព្រមានមន្ត្រីខ្លួន កុំឱ្យឆ្លៀតឱកាសកេងចំណេញពីវិធានការរដ្ឋាភិបាលផងដែរ។«កុំយកដីរដ្ឋកន្លែងកប់ខ្មោច កុំយកឈើធ្វើក្ដារមឈូស ឆ្លៀតកាប់ព្រៃ កាប់ឈើ»។ នេះជាការព្រមានរបស់ប្រមុខរដ្ឋាភិបាល។

ភ្លាមៗក្រោយពីប្រមុខរដ្ឋាភិបាល ចេញបញ្ជានេះ ក្រសួងសុខាភិបាល ក៏បានតែងតាំងសមាសភាពនៃលេខាធិការដ្ឋាន និងក្រុមការងារចំណុះអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺផងដែរ។ ក្នុងនោះលោក ឆាន់ ចន្ទសុភក្តី អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ ជាប្រធាន និងលោក វង់ សែនវិចិត្រ ប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ ជាអនុប្រធាន រួមទាំងសមាជិក៥រូបទៀត។
 
ដោយឡែកក្រុមការងារទទួលបន្ទុកសាកសពជនបរទេសវិញ មានលោក ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ជាប្រធាន និងលោក ស៊ុង វិនតៈ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាល ជាអនុប្រធាន រួមទាំងសមាជិក៥រូប។ 
 
ចំណែកលោក គិន រោជ អគ្គនាយករងអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារទទួលបន្ទុកសាកសពជនជាតិខ្មែរ រីឯលោកស្រី ក្រង ស៊ីដន អនុប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល ជាអនុប្រធាន ដោយអមជាមួយសមាជិក៤រូបទៀត។
 
សម្រាប់ក្រុមការងារទទួលបន្ទុកសម្របសម្រួល មានលោក មួង សុធា អគ្គស្នងការរងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ជាប្រធាន និងលោក ហុក ខៀវ អនុប្រធាននាយកដ្ឋាននីតិកម្មក្រសួងសុខាភិបាល ជាអនុប្រធាន និងមានសមាជិក៥រូប ចូលរួមកិច្ចការងារនេះ៕
 
 

Tag:
 COVID-19
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com