អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
និស្សិត​ទាហាន​កម្ពុជា​៦​រូប​ត្រូវ​អាមេរិក​បញ្ចប់​ការ​សិក្សា​មុន​កំណត់​ដោយសារ​ទំនាក់ទំនង​ធ្លាក់ចុះ​រវាង​ប្រទេស​ទាំងពីរ
01, Jul 2021 , 12:05 pm        
រូបភាព
និស្សិត​នាយ​ទាហាន​ដែល​បាន​បញ្ចប់​ការ​សិក្សា​ចូល​រួម​ពិធី​ប្រគល់​សញ្ញាបត្រ​នៅ​​ឯ​បណ្ឌិត​សភា​យោធា​ជើងគោក​សហរដ្ឋ​អាមេរិក​ West Point នៅ​រដ្ឋ New York កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។ Photo: AP
និស្សិត​នាយ​ទាហាន​ដែល​បាន​បញ្ចប់​ការ​សិក្សា​ចូល​រួម​ពិធី​ប្រគល់​សញ្ញាបត្រ​នៅ​​ឯ​បណ្ឌិត​សភា​យោធា​ជើងគោក​សហរដ្ឋ​អាមេរិក​ West Point នៅ​រដ្ឋ New York កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។ Photo: AP
ដោយ: VOA
វ៉ាស៊ីនតោន — និស្សិតកម្ពុជា​ចំនួន​៦​នាក់​ដែល​កំពុង​សិក្សា​នៅ​បណ្ឌិត​សភា​យោធា​ចំនួន​បួន​ក្នុង​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ប្រាប់​ឲ្យ​ផ្អាក​ការសិក្សា​មុន​ពេល​កំណត់​នៅ​ពេល​បញ្ចប់​ឆ្នាំ​សិក្សា​ឆ្នាំ​នេះ​ដោយសារ​តែ​កម្ពុជា​បាន​បាត់បង់​ភាព​ស្របច្បាប់​ក្នុង​ការ​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក។

 
និស្សិត​ទាំង​៦​រូប​នេះ​កំពុង​សិក្សា​នៅ​បណ្ឌិត​សភា​យោធា​ជើងគោក​West Point ចំនួន​២​រូប​បណ្ឌិត​សភា​ទ័ព​អាកាស​ចំនួន​២​រូប​កងទ័ព​ជើង​ទឹក​ចំនួន​១​រូប​និង​ឆ្មាំ​សមុទ្រ​ចំនួន​១​រូប។ នេះ​បើតាម​ការ​បញ្ជាក់​របស់​និស្សិត​និង​មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រាប់​វីអូអេ​ខេមរភាសា។
 
ចំណាត់ការ​នេះ​ត្រូវបាន​គេមើលឃើញ​ថា​គឺ​ជា​ការ​ដើរ​ថយ​ក្រោយ​ថ្មី​មួយ​ទៀត​ក្នុង​ទំនាក់​ទំនង​ផ្នែក​យោធា​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​ស្ថានភាព​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​ជាង​៤​ឆ្នាំ​មក​នេះ។
 
នៅ​ពេល​ដែល​វីអូអេ​សាកសួរ​ពី​ការ​សម្រេចចិត្ត​និង​អនាគត​របស់​និស្សិត​ទាំង​៦នាក់​សាកលវិទ្យាល័យ​ទាំង​នោះ​បាន​បញ្ជូន​សំណួរ​បន្ត​ទៅ​ក្រសួង​ការបរទេស​និង​ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក។​

លោក​ Arend Zwartjes អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​បាន​ពន្យល់​ប្រាប់​វីអូអេតាម​សារអ៊ីម៉េល​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​ថា៖​ «បន្ទាប់ពី​កម្ពុជា​កាត់បន្ថយ​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ជាច្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី​ជាប្រពៃណី​រវាង​យោធា​និង​យោធា​គឺ​ប្រទេស​នេះ​បាន​បាត់បង់​ភាព​ស្របច្បាប់​ក្នុង​ការទទួល​បាន​កម្មវិធីសិក្សា​ផ្នែក​យោធា​របស់​សហរដ្ឋ​អាមេរិក»។


 រូប​ឯកសារ៖ លោក Arend Zwartjes អ្នក​នាំ​ពាក្យ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ (រូប​កណ្តាល) ​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ អំឡុង​ការ​សម្ពោធ​មជ្ឈមណ្ឌល​អាមេរិកាំង​ (American Center) ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ឆ្នាំ​២០១៨។ (ទុំ ម្លិះ/VOA)


រូប​ឯកសារ៖ បណ្ឌិត​សភា​យោធា​កងទ័ព​ជើង​ទឹកសហរដ្ឋ​អាមេរិក​នៅ​ទី​ក្រុង Annapolis រដ្ឋ Maryland កាល​ពី​ឆ្នាំ​២០១៤។ (AP Photo/Patrick Semansky)
 
និស្សិត​ទាំងនេះ​ខ្លះ​បាន​សិក្សា​ដល់​ឆ្នាំ​ទី៤​ដែល​នឹង​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​២០២២​ខាងមុខ។ ពួកគេ​ត្រូវ​បាន​ជ្រើសរើស​តាម​រយៈ​កម្មវិធី​អាហារូបករណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដោយ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​ជ្រើសរើស​ដោយផ្ទាល់​ហើយអ្នក​ខ្លះ​មិន​ទាន់​មាន​ក្របខណ្ឌ​ជា​ទាហាន​នៅ​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទនៅឡើយ​ទេ។
 
និស្សិត​៥​នាក់​ក្នុង​ចំណោម​នេះបាន​សុំ​អន្តរាគមន៍​ពី​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ឲ្យ​ជួយ​ពួកគេ​បាន​សិក្សា​ដល់​បញ្ចប់។
 
នៅ​ក្នុង​លិខិត​ចំនួន​បួនច្បាប់​ដោយ​ឡែកៗ​ពីគ្នា​ដែល​បាន​ផ្ញើ​ទៅ​លោក​W. Patrick Murphy​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែល​វីអូអេ​ខេមរភាសា​ទទួល​បាន​ច្បាប់​ចម្លង​និស្សិត​ទាំង​នោះ​បាន​ចាត់​ទុក​ថា​នេះ​គឺ​ជា​«ដំណឹង​ដ៏​គួរ​រន្ធត់ចិត្ត»​ចំពោះ​ពួកគេ​ដែល​ត្រូវ​មក​រងគ្រោះ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ដូចនេះ​ហើយ​វា​ប៉ះពាល់​ដល់​ក្តី​សុបិន​របស់​ពួកគេ​ក្នុង​ការ​ចង់​កសាង​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ។​


សញ្ញាបត្រ​ត្រូវ​បាន​តម្រៀបសម្រាប់​ចែក​នៅឯ​ពិធី​ប្រគល់​សញ្ញា​បត្រ​នៅបណ្ឌិត​សភាឆ្មាំ​សមុទ្រសហរដ្ឋ​អាមេរិក​ក្នុង​ទី​ក្រុង New London រដ្ឋ Connecticut កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២១។ (AP​/Andrew Harnik)

និស្សិត​ តាន់ ចាន់បូពេជ្រ ​ដែល​កំពុង​សិក្សា​ជំនាញ​សន្តិសុខ​អ៊ីនធឺណិត​ដល់​ឆ្នាំ​ទី​៤​នៅ​ឯ​បណ្ឌិត​សភា​យោធា​ឆ្មាំ​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក​បាន​រៀបរាប់​ថា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​វិនិយោគ​ជាច្រើន​អនេគ​ដើម្បី​ផ្តល់​ឱកាស​ផ្លាស់ប្តូរ​ជីវិត​និស្សិត​ទាំងនោះ​ហើយ​មិន​គួរ​មក​បញ្ចប់​ដោយ​គ្មាន​ព្រាងទុក​ទេ។
 
លិខិត​របស់​និស្សិត​តាន់ ចាន់បូពេជ្រ​ បាន​បន្ថែម​ថា៖ «វាជា​រឿង​មិន​អាច​យល់​បាន​ដល់​ដួង​ព្រលឹង​ដ៏​កំសត់​របស់​ពួកយើង»។​
 
រីឯ​និស្សិត​ លាង ទ្រី​ ដែល​កំពុង​សិក្សា​ជំនាញ​គ្រប់គ្រង​វិស្វកម្ម​និង​សន្តិសុខ​អ៊ីនធឺណិត​នៅ​បណ្ឌិត​សភា​យោធា​ជើងគោក ​West Point​ ក៏បាន​រៀបរាប់​ដែរ​ថា​ការសិក្សា​នៅ​សាលា​ដ៏​មាន​កិត្តិយស​នេះ​បាន​បណ្តុះ​ទឹកចិត្ត​និង​សេចក្តី​ក្លាហាន​ឲ្យ​ការពារ​តម្លៃ​សិទ្ធិ​មនុស្ស​សិទ្ធិ​រស់រាន​ សេរីភាពការ​បញ្ចេញ​មតិ​ដោយ​សេរី​និង​គោរព​ឯកជនភាព។
 
លិខិត​របស់​និស្សិតលាង ទ្រី​បាន​បន្ថែម​ថា៖ «ក្នុង​ពេល​ដែល​ខ្ញុំ​ជិត​បញ្ចប់​ការសិក្សា​ពាក្យសច្ចា​ប្រណិធាន​ជា​នាយ​ទាហាន​គឺ​កាន់តែ​មាន​ឥទ្ធិពល​និង​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​ខ្ញុំ»។ទំនាក់ទំនង​យោធា​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជាបានល្អក់​កករ​ក្រោយពី​កម្ពុជា​បាន​លុបចោល​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នៅ​ដើម​ឆ្នាំ​២០១៧​ហើយ​រដ្ឋាភិបាល​កម្ពុជា​ងាក​ទៅ​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ចិន​កាន់តែ​ខ្លាំង។ សហរដ្ឋ​អាមេរិក​បាន​ផ្តាច់​ជំនួយ​ស៊ីវិល​និង​យោធា​មួយ​ចំនួន​បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រមទាំង​ធ្វើទុក្ខ​បុក្ខម្នេញ​អ្នករិះគន់​បណ្តាញ​សារព័ត៌មាន​និង​អង្គការ​សង្គម​ស៊ីវិល។
 
ក្នុង​ពេលថ្មីៗ​នេះ​សហរដ្ឋ​អាមេរិក​ក៏​សម្តែង​ការព្រួយ​បារម្ភ​ពី​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​ដោយសារចិន​កំពុង​ជួយ​អភិវឌ្ឍ​មូលដ្ឋាន​យោធា​ជើងទឹក​រាម​នៅ​ក្រុង​ព្រះសីហនុ​និង​ការណ៍​ដែល​កម្ពុជា​វាយ​កម្ទេច​ចោល​អគារ​ពីរ​ដែល​សហរដ្ឋ​អាមេរិក​ទើប​សាងសង់​ថ្មី។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​របស់​អ្នកស្រី Wendy Sherman​ អនុរដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទៅ​កម្ពុជា​កាលពី​ដើម​ខែ​មិថុនា​អ្នកស្រី​ក៏​បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ពន្យល់​ពី​បញ្ហា​នេះដែរ។


រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Lloyd Austin ថ្លែង​ទៅ​កាន់​និស្សិត​នាយ​ទាហាន​ដែល​បាន​បញ្ចប់​ការ​សិក្សា​ចូល​រួម​ពិធី​ប្រគល់​សញ្ញាបត្រ​នៅឯ​បណ្ឌិត​សភា​យោធា​ជើងគោក​សហរដ្ឋ​អាមេរិក​ West Point នៅ​រដ្ឋ New York កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។
 
លោក John Supple​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារ​អេឡិកត្រូនិក​នៅថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា៖ «សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​ជាខ្លាំង​អំពី​វត្តមាន​យោធា​របស់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​និង​ការ​កសាង​អគារ​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម»។
 
ក្រសួង​ការពារប្រទេស​បញ្ជាក់​បន្ថែម​ថា​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ឯករាជ្យ​ភាព​កម្ពុជា​គំរាម​កំហែង​សន្តិសុខ​តំបន់​និង​ប៉ះពាល់​«ដោយ​អវិជ្ជមាន​ដល់​ទំនាក់​ទំនង​អាមេរិក-​កម្ពុជា»។
 
លោក John Supple​ បាន​បន្ថែម​ថា៖ «យើង​លើក​ទឹកចិត្ត​ឲ្យ​មេដឹកនាំ​កម្ពុជា​រក្សា​គោលនយោបាយ​ឯករាជ្យ​និង​មាន​លំនឹង​ដើម្បី​ផលប្រយោជន៍​ពលរដ្ឋ​កម្ពុជា»។
 
រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកែក​ជាច្រើន​ដង​ថា​នឹង​មិន​មាន​វត្តមាន​យោធា​ចិន​ឬ​យោធា​បរទេស​ណា​ដែល​នឹង​មក​ដាក់​មូលដ្ឋាន​នៅ​កម្ពុជា​ឡើយ​គឺ​អាច​មាន​ត្រឹម​កម្រិត​ហាត់ហ្វឹកហ្វឺន​និង​ចូលសំចត​ដើម្បី​បំពេញ​ទស្សនកិច្ច​ប៉ុណ្ណោះ។


រូប​ឯកសារ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)
លោកផៃ ស៊ីផាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមរភាសា​នៅថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា៖ «វិវាទ​ឬ​វិបត្តិ​រវាង​យោធា​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​គឺ​ខ្ញុំ​អត់ឃើញ​មាន​អី​ផង​គ្រាន់តែ​មិន​ទាន់​យល់​ចិត្ត​គ្នា​ច្បាស់។ កម្ពុជា​បាន​បង្ហាញ​គោលជំហរ​មួយ​ដែល​ស្មោះត្រង់​នឹង​គោលជំហរ​របស់​ខ្លួន​ភាព​ស្មោះត្រង់​នឹង​គោលនយោបាយ​របស់​ខ្លួន​រួចស្រេច​ទៅហើយ​តើស៍»។
 
​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ទទូច​ឲ្យ​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​និស្សិត​ទាំងនោះ​បន្ត​ការ​សិក្សា​រហូត​ដល់​ចប់​ដោយ​អះអាង​ថា​វាបម្រើ​ដល់​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ។
 
លោក ផៃ ស៊ីផានបាន​បញ្ជាក់​បន្ថែម​ថា៖ «អាមេរិកាំង​តែងតែ​នាំ​ផ្នែក​ការពារ​ជាតិ​នៃ​ប្រទេស​ដទៃ​ទៅមើល​ប្រតិបត្តិការ​របស់​កងការពារ​ជាតិ​អាមេរិក​គឺ​តែងតែ​បង្ហាញ​ហើយ​ការដែល​យើង​បង្វែរ​យុវជន​ខ្មែរ​មិន​ឲ្យ​ទទួលបាន​ជំនាញ​ផ្នែក​ការពារ​ជាតិ​របស់​កម្ពុជា​ឬ​អាស៊ាន​គឺ​វា​មិន​ឆ្លើយ​តប​នឹង​ផលប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ទេ»។​
 
ការិយាល័យ​របស់​អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​គឺ​លោក​ Alan Lowenthal សហប្រធាន​ក្រុមការងារ​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​បាន​ប្រាប់​វីអូអេ​ថា​លោក​ Lowenthal​ កំពុង​តែ​ពិនិត្យ​មើល​ករណី​នេះ​ប៉ុន្តែ​មិនទាន់​មាន​អត្ថាធិប្បាយ​អ្វី​លម្អិត​នៅ​ឡើយ​ទេ​នៅពេល​ដែល​ VOA ខេមរភាសា​សាកសួរ។
 
យ៉ាងណាក៏ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​និស្សិត​ទាំង៦​នាក់​នោះ​អាច​បន្ត​ការសិក្សា​បាន​បើសិន​ជា​ពួកគេ​អាច​រក​ថវិកា​បង់ដោយ​ខ្លួនឯង​ឬ​រដ្ឋាភិបាល​កម្ពុជាចំណាយ​ដោយ​ផ្ទាល់។
 
លោក Arend Zwartjes​ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «យ៉ាងណា​ក៏ដោយ​ក្រោយពី​ពិនិត្យ​មើល​លើ​ការសិក្សា​ល្អ​របស់​និស្សិត​កម្ពុជា​ទាំងនោះដែល​ចូល​រៀន​នៅ​បណ្ឌិត​សភា​យោធា​នានា​គឺ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ការសិក្សា​របស់​ពួកគេ​រហូត​ដល់​ចប់​កម្មវិធី»។
 
លោក ​Arend​ បន្ថែម​ទៀតថា​សហរដ្ឋ​អាមេរិក​លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​និស្សិត​ទាំងនោះ​បង់​ថ្លៃសិក្សា​ដែល​នៅ​សេសសល់។
 
ប៉ុន្តែ​លោក ផៃ ស៊ីផាន​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក​គួរតែ​បំពេញ​កាតព្វកិច្ច​រហូត​ដល់​ចុងបញ្ចប់​សម្រាប់​និស្សិត​ទាំងនោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com