ជាតិ
ក្រោយកែប្រែមុខមាត់ថ្មី កីឡដ្ឋានស្ដាតចាស់ គ្រោងបើកប្រកួតឡើងវិញ នាខែសីហា
× ភ្នំពេញ៖ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ ឬហៅថា ស្ដាតចាស់ គ្រោងបើកដំណើរការហ្វឹកហាត់ និងរៀបចំប្រកួតឡើងវិញ នៅខែសីហាខាងមុខ ក្រោយពីបានកែប្រែមុខមាត់ថ្មី។ ស្ដាតចាស់ ត្រូវបានជួសជុលទីលាន ប្រព័ន្ធរំដោះទឹក និងការផ្លាស់ប្ដូរស្មៅស្ដង់ដារជាដើម តាំងពីខែកុម្ភៈ ឆ្នាំ២០២១ ។
អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ លោក ខូវ ឆាយ បានបញ្ជាក់ថា ដំណើរការកែលម្អកីឡដ្ឋានស្តាតចាស់នេះ សម្រេចបានស្ទើតែ១០០ភាគរយ នៅឡើយតែស្មៅលើទីលានប៉ុណ្ណោះ។ បើតាមលោក ខូវ ឆាយ ស្មៅធម្មជាតិលើទីលាននេះ ត្រូវការពេល១ខែទៀត ទើបអាចប្រើប្រាស់បាន។
គណៈកម្មាធិការជាតិ CAMSOC បានស្រង់សម្តីលោក ខូវ ឆាយ មកសរសេរលើហ្វេសប៊ុកដូច្នេះ«ចំពោះស្មៅធម្មជាតិ មកទល់ពេលនេះ យើងសម្រេចបាន ៧០ភាគរយហើយ បានន័យថា ការធ្វើគ្រឹះ ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ គឺរួចរាល់ហើយ។ រីឯការដាំស្មៅ ឥលូវក៏រួចរាល់ដែរ តែយើងនៅរង់ចាំការវិវត្តន៍នៃស្មៅ ដែលឥលូវយើងឃើញថា ស្មៅបានដុះប្រហែលជាង ៧០ភាគរយ ហើយតាមផែនការក្នុងរយៈពេល ១ខែទៀត នឹងដុះពេញទាំងស្រុង ហើយអាចប្រើប្រាស់បាន សម្រាប់ការហ្វឹកហាត់ និងការប្រកួត» ។
អគ្គលេខាធិការក្រុមសមាជិកក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេច ហ៊ុន សែនរូបនេះ បានសង្កត់ធ្ងន់ថា បើស្មៅដុះបានល្អនោះ នឹងអាចរៀបចំការប្រកួតលីគកម្ពុជា នៅខែសីហា បាន។ «ដូចអ្វីដែលយើងបានធ្វើផែនការកន្លងមក គឺយើងនឹងប្រើប្រាស់ទីលានថ្មីរបស់យើងនេះ ក្នុងការប្រកួតជុំទី២ ដោយការប្រកួតទី១ ក្នុងជុំទី២ នៃលីគកំពូលកម្ពុជា គឺនៅក្នុងខែសីហាខាងមុខ អ៊ីចឹងបើកការប្រកួតជុំទី២ យើងនឹងបើកកីឡដ្ឋានរបស់យើងរៀបចំធ្វើម្ចាស់ផ្ទះតែម្ដង»។ នេះបើតាមលោក ខូវ ឆាយ។
ការជួសជុលកីឡដ្ឋានស្ដាតចាស់នេះ ត្រូវចំណាយថវិកាប្រមាណ ១៥ម៉ឺនដុល្លារ ដោយការផ្លាស់ប្ដូរស្មៅធម្មជាតិ ដែលមានគុណភាពខ្ពស់ និងស្ដង់ដារ សម្រាប់ត្រៀមទទួលការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។ កីឡដ្ឋានស្ដាតចាស់ ក៏ត្រូវបានកំណត់យករៀបចំការប្រកួតកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com