កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រស្កុតឡែនជិត២ពាន់នាក់តេស្តវិជ្ជមានកូវីដ-១៩ អំឡុងព្រឹត្តិការណ៍ Euro 2020
01, Jul 2021 , 5:19 pm        
រូបភាព
ព្រឹត្តិការណ៍ UEFA Euro 2020 បានក្លាយជាចំណុចក្តៅដែលនាំឱ្យមានការកើនឡើងអ្នកឆ្លងជំងឺកូវីដ-១៩ នៅអឺរ៉ុប ជាពិសេសនៅចក្រភពអង់គ្លេស។ អ្នកឆ្លងកូវីដ-១៩ ចំនួន ១៩៩១ នាក់នៅស្កុតឡែន ជាអ្នកទៅគាំទ្រផ្ទាល់ក្នុងការប្រកួតជើងឯកអឺរ៉ុប ក្នុងនោះភាគច្រើនអ្នកដែលបានទៅកីឡដ្ឋាន Wembley ក្នុងជំនួបរវាងក្រុមអង់គ្លេស និងស្កុតឡែន។


អ្នកគាំទ្រស្កុតឡែនចំនួន២៦០០នាក់ ដែលបានទៅចូលរួមទស្សនាប្រកួត អង់គ្លេស និងស្កុតឡែននៅកីឡដ្ឋាន Wembley ក្នុងក្រុងឡុងដ៏ បានទទួលការធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយលទ្ធផលបង្ហាញថាមានវិជ្ជមានចំនួន៣៩៧ករណី។ នេះបើតាមការបញ្ជាក់របស់សុខភាពសាធារណៈស្កុតឡែន (PHS) នៅថ្ងៃទី៣០ ខែមិថុនា។
 
របាយការណ៍របស់ PHS បង្ហាញទៀតថា ៥៥ករណីរកឃើញនៅតំបន់អ្នកគាំទ្ររបស់ស្កុតឡែនក្នុងក្រុង Glasgow ខណៈ៣៨ករណី និង៣៧ករណី រកឃើញក្រោយជំនួបស្កុតឡែន ជាមួយក្រូអាស៊ី និងស្កុតឡែនជាមួយសាធារណរដ្ឋឆែក ក្នុងវគ្គជម្រុះពូល D នៅកីឡដ្ឋាន Hampden Park។ 
 
ចំណោមករណីឆ្លង១៩៩១ករណីរបស់អ្នកគាំទ្រស្កុតឡែននៅ Euro 2020 មាន១៤៧០ករណីជាមនុស្សដែលមានអាយុចន្លោះពី២០ ទៅ៣៩ឆ្នាំ និងច្រើនបំផុតជាបុរស។ អ្នកឆ្លងភាគច្រើននៅក្រៅកីឡដ្ឋា ឯអ្នកចូលក្នុងកីឡដ្ឋានមានចំនួន៣៤ភាគរយនៃអ្នកឆ្លងសរុប។
 
លោកសាស្រ្តាចារ្យ Jason Leitch នាយកគ្លីនិកជាតិស្កុតឡែន ខកចិត្តដែលក្នុងចំណោមករណីឆ្លងសរុប ៣២០០០ករណី នៅក្នុងប្រទេសស្កុតឡែនគិតចាប់ពីថ្ងៃទី១១ ខែកក្កដាមក មានជាប់ទាក់ទងនឹងព្រឹត្តិការណ៍អឺរ៉ុបដល់ទៅជិតពីរពាន់ករណី។
 
Leitch ជឿជាក់ថា នឹងមានករណីឆ្លងកើនឡើងជាបន្តបន្ទាប់ទៀត ហើយភាគច្រើននោះគឺជាអ្នកដែលបានទៅកាន់ក្រុងឡុងដ៏ នាព្រឹត្តិការណ៍ Euro 2020៕
 
 
 

Tag:
 Euro 2020
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com