កីឡាអន្តរជាតិ
អន្តរជាតិ
WHO ប្រាប់ម្ចាស់ផ្ទះ Euro 2020 តាមដានអ្នកគាំទ្រ ក្រោយករណីកូវីដ-១៩ កើនឡើង
02, Jul 2021 , 9:30 am        
រូបភាព
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១ ខែកក្កដា ណែនាំឱ្យទីក្រុងដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ UEFA Euro 2020 ចាំបាច់ត្រូវតាមដានវត្តមានអ្នកគាំទ្រឱ្យបានប្រសើរជាងមុន នៅពេលពួកគេទៅដល់ និងចាកចេញពីកីឡដ្ឋាន។ ការណែនាំរបស់ WHO ធ្វើឡើង ក្រោយពេលអ្នកគាំទ្រស្កុតឡែនជិត២ពាន់នាក់ និងអ្នកគាំទ្រផ្សេងទៀតតេស្តវិជ្ជមានកូវីដ-១៩ ក្រោយចូលរួមក្នុងពានតំបន់អឺរ៉ុបនេះ។


«យើងត្រូវតាមដានការចេញចូលរបស់អ្នកគាំទ្រឱ្យបានល្អិតល្អន់ជាងមុន»។ លោកស្រី Catherine Smallwood មន្ត្រីជាន់ខ្ពស់របស់ WHO ប្រចាំតំបន់អឺរ៉ុប អះអាងក្នុងសន្និសីទសារព័ត៌មានដូច្នេះក្រោយមានការកើនឡើងចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្រុងឡុងដ៍ និង Saint Petersburg របស់រុស្ស៊ី។
 
នៅពេលសួរថា តើការប្រកួតជើងឯកអឺរ៉ុប អាចជាព្រឹត្តិការណ៍ដែលនាំឱ្យរីករាលដាលជំងឺរាតត្បាតកាន់តែខ្លាំងឬទេ? លោក Hans Kluge នាយកអង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុបឆ្លើយភ្លាមថា៖ «ខ្ញុំសង្ឃឹមថាអត់ទេ…ប៉ុន្តែរឿងនេះក៏នឹងអាចរាប់បញ្ចូលដែរ»។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
ករណីឆ្លងកូវីដ-១៩ ច្រើន ត្រូវបានរកឃើញក្នុងចំណោមអ្នកដែលបានទៅទស្សនាការប្រកួត Euro 2020 ក្នុងនោះអ្នកគាំទ្រក្រុមជម្រើសជាតិស្កុតឡែនជិត២ពាន់នាក់ បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវីដ-១៩។ អ្នកគាំទ្រស្កុតឡែនដែលឆ្លង ភាគច្រើនជាអ្នកទៅកីឡដ្ឋាន Wembley នាជំនួបអង់គ្លេសជាមួយស្កុតឡែន។
 
ដោយឡែកអ្នកគាំទ្រហ្វាំងឡង់ ក៏រកឃើញថាឆ្លងកូវីដ-១៩ ចំនួនច្រើនដែរ បន្ទាប់ពីពួកគេត្រឡប់ពីក្រុង Saint Petersburg ប្រទេសរុស្ស៊ី និងក្រុងកូប៉ិនហាករបស់ដាណឺម៉ាក ដែលបច្ចុប្បន្នកំពុងរាលដាលកាន់តែខ្លាំង។
 
ក្រោយមានអ្នកឆ្លងកូវីដ-១៩ កើនឡើងនៅតំបន់អឺរ៉ុប ដែលសុទ្ធសឹងជាប់ពាក់ព័ន្ធនឹងការប្រកួត Euro 2020 អ្នកស្រី Smallwood មន្ត្រីជាន់ខ្ពស់របស់ WHO ប្រចាំតំបន់អឺរ៉ុបបានណែនាំឱ្យអ្នករៀបចំព្រឹត្តិការណ៍បន្ថែមការតាមដានចំនួនមនុស្សដែលបានចេញចូលនៅកីឡដ្ឋាន ដោយកំណត់អត្តសញ្ញានពួកគេឱ្យបានច្បាស់លាស់។
 
យ៉ាងណាក៏ដោយ លោកស្រី Smallwood ជឿជាក់ថាការប្រមូលផ្តុំរបស់អ្នកគាំទ្រនៅក្រៅកីឡដ្ឋាន និងនៅតាមក្លិបកម្សាន្តនានាដែលតូចចង្អៀតអំឡុងការប្រកួត និងក្រោយការប្រកួត នឹងធ្វើឱ្យករណីឆ្លងកើនឡើងកាន់តែខ្លាំងដដែល៕
 

Tag:
 Euro 2020
  WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com