COVID-19
ជាតិ
លោកយាយ អាយុ១០១ឆ្នាំម្នាក់ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩
02, Jul 2021 , 11:47 am        
រូបភាព
លោកយាយអាយុ ១០១ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាបឋមសិក្សាចតុមុខ នៅថ្ងៃទី២ កក្កដា ២០២១(រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល)។
លោកយាយអាយុ ១០១ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាបឋមសិក្សាចតុមុខ នៅថ្ងៃទី២ កក្កដា ២០២១(រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល)។
ភ្នំពេញ៖ លោកយាយ ហូ ខាំ អាយុ១០១ឆ្នាំម្នាក់ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ និងទទួលបានអំណោយពីសម្ដេច ហ៊ុន សែន នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ។ នេះបើតាមក្រសួងសុខាភិបាល។



រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ លោកស្រី ឱ វណ្ណឌីន បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ៣លានរៀល និងសម្ភារៈឧបភោគបរិភោគទៅប្រគល់ជូនដល់លោកយាយ ហូ ខាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាបឋមសិក្សាចតុមុខ។ លោកយាយ វ័យ១០១ឆ្នាំរូបនេះ ចាក់វ៉ាក់សាំង Sinovac ជាដូសទី២។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា លោកយាយ ហូ ខាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនេះ គឺជាសក្ខីភាពសំខាន់មួយទៀត ដែលបង្ហាញទៅសាធារណជន ពីសារៈសំខាន់នៃការចាក់វ៉ាងសាំងការពារអាយុជីវិត។ «ទោះបីជា(លោកយាយ ហូ ខាំ) វ័យចាស់ហើយក៏ពិតមែន អាយុ១០១ឆ្នាំហើយក៏ពិតមែន ក៏ប៉ុន្តែវ៉ាក់សាំងនៅតែមានផលប្រយោជន៍ណាស់សម្រាប់ការពារអាយុជីវិតរបស់មនុស្ស។ អ៊ីចឹងវ៉ាក់សាំងនេះ មិនថាជាប្រភេទណាទេ គឺថាវ៉ាក់សាំងទាំងអស់ ដែលអង្គការសុខភាពពិភពលោក ដែលគេបានពិនិត្យយ៉ាងហ្មត់ចត់ ហើយបានដាក់ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់ទៅហើយនេះ គឺសុទ្ធសឹងជាវ៉ាក់សាំង ដែលមានសុវត្ថិភាព ហើយក៏ជួយការពារអាយុជីវិតបងប្អូនយើង …»។ នេះជាការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន។
 
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ ក៏បានអំពាវនាវឱ្យពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ឱ្យបានគ្រប់គ្នា ជាពិសេសពលរដ្ឋវ័យចំណាស់។ បើតាមលោកស្រី ឱ វណ្ណឌីន ក្រុមមនុស្សដែលងាយប្រឈមគ្រោះថ្នាក់ ដោយសារជំងឺកូវីដ-១៩ នេះ ភាគច្រើនជាមនុស្សចាស់។ ដូច្នេះពលរដ្ឋវ័យចំណាស់ទាំងអស់ ត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយកុំគិតថា ខ្លួនឯងចាស់ហើយ បណ្ដោយតាមយថាកម្ម។
 
ក្រៅពីក្រុមមនុស្សចាស់នេះ ក៏ក្រុមមានជំងឺប្រចាំកាយ ដែលងាយប្រឈមនឹងជំងឺកូវីដ-១៩នេះដែរ។ នេះជាការបញ្ជាក់របស់ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩។
 
គិតត្រឹមថ្ងៃទី១ កក្កដា មន្ត្រីរាជការ និងពលរដ្ឋ ៤,៣លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្មើនឹង៤៣,០៥ ភាគរយ នៃផែនការចាក់វ៉ាក់សាំងលើមនុស្ស១០នាក់ រដ្ឋាភិបាល។ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងទាំងនេះ ក្នុងនោះមានពលរដ្ឋ៣,១លាននាក់ បានចាក់វ៉ាក់សាំងដូសទី២ ។ នេះបើតាមក្រសួងសុខាភិបាល។
 
បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ប្រជាពលរដ្ឋ ចំនួន ១១,០២៤,០០០ដូស។ ក្នុងនោះ មានវ៉ាក់សាំងកូវីដ-១៩របស់ស៊ីណូវ៉ាក់ ៧,៥លានដូស, ស៊ីណូហ្វាម៣,២លានដូស និង វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Covishield( Astra Zineca) ចំនួន៣២៤,០០០ដូស។
 
ដោយឡែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូសទៀត នឹងមកដល់កម្ពុជា នៅក្នុងខែកក្កដានេះ។ ក្នុងនោះវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម ចំនួន១លានដុល្លារ នឹងមកដល់កម្ពុជា នាថ្ងៃទី៦កក្កដា។ ចំពោះវ៉ាក់សាំងកូវីដ-១៩ ចំនួន៤លានដូសទៀត នឹងមកដល់កម្ពុជា នាថ្ងៃទី១០កក្កដាឆ្នាំ២០២១។
 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥២៣៥០នាក់ ក្នុងនោះ  ២៨៧២ នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ៤៥ ៥០៨ នាក់ និងស្លាប់សរុប ៦៦០ នាក់៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com