អន្តរជាតិ
អាមេរិកដាក់កូរ៉េខាងជើង រុស្ស៊ី និងចិន ក្នុងបញ្ជីជួញដូរមនុស្ស និងបង្ខំកម្លាំងពលកម្មដ៏អាក្រក់បំផុត
02, Jul 2021 , 3:03 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក លោកអាន់តូនី ប្ល៊ីងខិន។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសអាមេរិក លោកអាន់តូនី ប្ល៊ីងខិន។ រូបភាព៖ AFP
អាមេរិក នៅថ្ងៃទី១ ខែកក្កដា បានដាក់កូរ៉េខាងជើង រុស្ស៊ី និងចិន រួមទាំងប្រទេសចំនួន ៨ផ្សេងទៀត ក្នុងបញ្ជីជួញដូរមនុស្ស និងបង្ខំកម្លាំងពលកម្មដ៏អាក្រក់បំផុត ដោយក្នុងនោះរដ្ឋាភិបាលក៏មានពាក់ព័ន្ធនឹងការជួញដូរមនុស្សផងដែរ តាមរយៈគោលនយោបាយរបស់ខ្លួន។ របាយការណ៍នេះ ធ្វើឡើងស្របពេលអាមេរិក កំពុងមានភាពតានតឹងជាមួយចិន និងរុស្ស៊ី និងចង់ចរចាជាមួយកូរ៉េខាងជើង។


 
ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី១ ខែកក្កដា បានចេញផ្សាយរបាយការណ៍មួយស្តីពីការជួយដូរមនុស្សក្នុងឆ្នាំ២០២១។ ក្នុងរបាយការណ៍នោះ អាមេរិក បានដាក់ប្រទេសចំនួន១១ ក្នុងបញ្ជីជួញដូរមនុស្ស និងបង្ខំកម្លាំងពលកម្ម ដែលអាក្រក់បំផុត និងមានពាក់ព័ន្ធជាមួយរដ្ឋាភិបាល និងការវាយតម្លៃលើការជួញដូរមនុស្សនៅក្នុងប្រទេសផ្សេងទៀត។ 
 
ក្នុងរបាយការណ៍ជួយដូរមនុស្សឆ្នាំ២០២១ អាមេរិក បានរកឃើញ រដ្ឋាភិបាលចំនួន ១១ មានគោលនយោបាយ ឬគំរូនៃការជួញដូរមនុស្ស, ការជួញមនុស្សក្នុងមូលនិធិរដ្ឋាភិបាល, ការបង្ខំកម្លាំងពលកម្មក្នុងសេវាវេជ្ជសាស្រ្តទាក់ទិននឹងរដ្ឋាភិបាល ឬក្នុងវិស័យផ្សេងទៀត, ទាសករផ្លូវភេទនៅក្នុងជំរំរដ្ឋាភិបាល និងការរើសកុមារធ្វើជាទាហានជាដើម។
 
ប្រទេសទាំង ១១ នោះ មានដូចជា អាហ្វហ្កានីស្ថាន មីយ៉ាន់ម៉ា កូរ៉េខាងជើង ចិន គុយបា អេរីត្រេ អ៊ីរ៉ង់ រុស្ស៊ី ស៊ូដង់ខាងត្បូង ស៊ីរី និងតួកម៉េនីស្ថាន។ 
«របាយការណ៍ឆ្នាំនេះ ផ្តោតលើការគាំទ្ររបស់រដ្ឋលើការជួញដូរមនុស្ស»។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោកអាន់តូនី ប្ល៊ីងខិន បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១ ខែកក្កដា ដោយបន្ថែមថា អាមេរិក បានកំណត់ប្រទេសចំនួន ១១ ដែលរដ្ឋាភិបាលខ្លួនឯង គឺជាអ្នកជួញដូរមនុស្សដោយផ្ទាល់តែម្តង។ 
 
ក្នុងន័យនេះ ប្រមុខការទូតអាមេរិក បានជំរុញរដ្ឋាភិបាលប្រទេសទាំង១១ខាងលើ ការពារ និងបម្រើប្រជាជនខ្លួន និងមិនត្រូវយកប្រជាជនមួយចំនួន ដើម្បីស្វែងរកប្រាក់ចំណេញឡើយ។ 
ក្នុងរបាយការណ៍នេះ អាមេរិក អះអាងថា មីយ៉ាន់ម៉ា ប្រើប្រាស់កម្លាំងពលកម្មលើកុមារនៅក្នុងជួរយោធា ស្របពេលចិនមានការចាប់បង្ខំកម្លាំងពលកម្ម ក្នុងនោះរួមមានការឃុំខ្លួនដោយបង្ខំ លើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀតជាង ១លាននាក់។ ចំណែករុស្ស៊ីវិញ ត្រូវបានអាមេរិកអះអាងថា មានគោលនយោបាយលើការជួញដូរមនុស្ស។ 
 
សូមបញ្ជាក់ថា របាយការណ៍ខាងលើ ធ្វើឡើងស្របពេល ក្រុងវ៉ាស៊ីនតោន កំពុងមានបញ្ហាចម្រូងចម្រាសជាច្រើនជាមួយក្រុងប៉េកាំង និងក្រុងមូស្គូ ខណៈពេលរដ្ឋាភិបាលលោក ចូ បៃឌិន ចង់ចរចាលើកម្មវិធីនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង៕ 
 

Tag:
 កូរ៉េខាងជើង
  ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com