ជាតិ
«ខ្លាពពក»ជាប្រភេទសត្វងាយរងគ្រោះ មានវត្តមាននៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតកម្ពុជា
03, Jul 2021 , 7:59 am        
រូបភាព
ដោយ៖ ប៉ូ សុភា
 
ភ្នំពេញ៖ ខ្លាពពក ប្រភេទសត្វងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ សត្វខ្លាពពកនេះ ក៏មានវត្តមាននៅកម្ពុជា ភាគច្រើនគឺនៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើត ភាគឦសាន និរតី និងភាគខាងជើង ប្រទេសកម្ពុជា។


 
ក្រសួងបរិស្ថាន នៅចុងមិថុនាកន្លងទៅ បានបង្ហាញរូបភាពរបស់សត្វខ្លាពពក ដែលមានវត្តមាន នៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតកម្ពុជា ហើយដែលត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ កាលពីអំឡុងខែមីនាកន្លងទៅ។
 
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា អ្នកជំនាញ នៃក្រសួងបរិស្ថាន កំពុងសិក្សាស្រាវជ្រាវ ពីវត្តមានខ្លាលឿងពពកនេះ ក្នុងគោលដៅប្រមូលទិន្ធន័យប្រភេទសត្វទាំងនោះ ដើម្បីអភិរក្សតាមតំបន់។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖«ការសិក្សាស្រាវជ្រាវខាងលើនេះ បានបង្ហាញថាវត្តមានខ្លាពពកនេះ មាននៅក្នុងតំបន់ការពារនានាក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែក្រុមអ្នកជំនាញ មិនទាន់អាចសន្មត់ ពីចំនួនជាក់លាក់បាននៅឡើយទេ។ វានៅមានល្បាយរស់នៅ ជាពិសេសមានច្រើន ក្នុងតំបន់ទេសភាពភាគខាងកើតរួមមានខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារជាដើម»។
 
តាមក្រសួងបរិស្ថាន ខ្លាពពក ត្រូវបានចុះក្នុងបញ្ជីក្រហម ថាជាប្រភេទងាយរងគ្រោះថ្នាក់ និងជិតផុតពូជនៅក្នុងពិភពលោក។ ខ្លាពពក មានមាឌធំជាងខ្លាភ្ញីថ្មកែវ មានសម្បុរក្រមៅប្រផេះ នៅលើដងខ្លួនមានផ្ទាំងៗដូចពពកធំៗ នៅផ្នែកខាងក្រោយនៃផ្ទាំងនេះ មានពណ៌ខ្មៅ ខណ្ឌជាកំណាត់ដុំផ្ទាំងនីមួយៗ។ ដុំផ្ទាំងនេះ រីកធំនៅផ្នែកខាងក្រោយស្មា ដែលចាប់ផ្តើមពីលើខ្នង រហូតស្ទើរដល់ក្រោមពោះ។ ច្រមុះមានពណ៌ស និងនៅលើថ្ងាសមានស្នាមអុចតូចៗ។ វាមានកន្ទុយវែងអុចៗនៅផ្នែកខាងគល់ និងបន្ទះៗនៅផ្នែកខាងចុង។ វាមានជើងខ្លី ប្រអប់ជើងធំងាយស្រួលក្នុងការប្រតោងមែកឈើ។


រូបភាពដោយក្រសួងបរិស្ថាន
 
វាចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចម្រុះ ដែលជាសត្វរាត្រីចរ ច្រើនរស់នៅជាគូលើដើមឈើ។ អាហាររបស់វាមានបក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស និងស្វាជាដើម។ ខ្លាពពក អាចបង្កើតកូនម្តងបានពី២ ទៅ៤ក្បាល បន្ទាប់ពីពពោះប្រហែល៩០ ទៅ៩៥ថ្ងៃ។
 
ក្រៅពីកម្ពុជា ខ្លាពពក ក៏មានវត្តមាននៅប្រទេសបូតាន ចិន ឥណ្ឌា ឥណ្ឌូណេស៊ី  ឡាវ ម៉ាឡេស៊ី  ភូមា នេប៉ាល់ ថៃ និងប្រទេសវៀតណាមដែរ ខណៈនៅសិង្ហបុរី បង់ក្លាដេស និងកោះតៃវ៉ាន់ ខ្លាប្រភេទនេះ បានផុតពូជទៅហើយ។
 
សូមបញ្ជាក់ថា ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងបរិស្ថាន ក៏បានប្រកាសពីវត្តមានសត្វ«ឈ្លូសយក្យ» កម្រមួយក្បាល និងវត្តមានសត្វខ្លាលឿងមាសក្នុងឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី និងឆ្កែព្រៃប្រភេទកម្រ នៅតំបន់ការពារ និងជួរភ្នំក្រវាញ។ វត្តមានសត្វកម្រដែលថតបានកន្លងមក អាចជាក្ដីសង្ឃឹមសម្រាប់អ្នកអភិរក្ស និងអ្នកបរិស្ថាននិយម ដើម្បីបែងចែកតំបន់ការពារ និងការអភិរក្ស៕
 

Tag:
 ខ្លាពពក
  ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com