អន្តរជាតិ
រុស្ស៊ី៖ សមយុទ្ធយោធាដឹកនាំដោយអាមេរិក-អ៊ុយក្រែន ធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់
02, Jul 2021 , 8:29 am        
រូបភាព
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី។ រូបភាព៖ Sputnik News
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី។ រូបភាព៖ Sputnik News
ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃទី១ ខែកក្កដា បានចាត់ទុកសមយុទ្ធយោធាដែលដឹកនាំដោយ អាមេរិក និងអ៊ុយក្រែននៅក្នុងសមុទ្រខ្មៅ មានគោលបំណងធ្វើឱ្យមានអស្ថិរភាពនៅក្នុងតំបន់។ រុស្ស៊ី ក៏បានធ្វើសមយុទ្ធយោធាមួយវិញដែរ ដើម្បីឆ្លើយតបនឹងសមយុទ្ធដឹកនាំរបស់អាមេរិក និងអ៊ុយក្រែន។


នៅចុងខែមិថុនាកន្លងមក អាមេរិក និងអ៊ុយក្រែន បានដឹកនាំសមយុទ្ធយោធា បក្សសម្ពន្ធណាតូ (NATO) ដែលមានប្រទេសចូលរួមចំនួន ៣២។ កងទ័ព ដែលមានវត្តមានក្នុងសមយុទ្ធនោះ មានចំនួន ៥ពាន់នាក់, នាវាយោធាចំនួន ៣២គ្រឿង, យន្តហោះចម្បាំងចំនួន ៤០គ្រឿង និងក្រុមប្រតិបត្តិការពិសេសមានចំនួន១៨។ 
 
ក្រសួងការបរទេសរុស្ស៊ី បានចាត់ទុកថា សកម្មភាពទាំងនោះ បង្កអស្ថិរភាពក្នុងតំបន់។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា សមយុទ្ធ ដែលមានកងទ័ពចូលរួមច្រើនបែបនេះ មិនអាចហៅថាសមយុទ្ធមិត្តភាព ឬសមយុទ្ធយោធាធម្មតាបានឡើយ ប៉ុន្តែវាកើតឡើងដោយសារតែកត្តានយោបាយ។
 
សមយុទ្ធ ដែលដឹកនាំដោយអាមេរិក និងអ៊ុយក្រែននេះ ធ្វើឡើងបន្ទាប់ពីរុស្ស៊ីអះអាងថា ខ្លួនបានបាញ់គំរាមលើនាវាអង់គ្លេស ដែលបានបើកចូលក្នុងដែនទឹករបស់ខ្លួន ប៉ុន្តែអង់គ្លេស បានបដិសេធ។ 
 
បើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះ សមុទ្រខ្មៅ ដែលជាតំបន់កិច្ចសហប្រតិបត្តិការ កំពុងត្រូវបានអាមេរិក និងអ៊ុយក្រែន ធ្វើឱ្យក្លាយជាតំបន់ប្រឈមមុខដាក់គ្នា។ ក្នុងន័យនេះ ក្រសួងការបរទេសរុស្ស៊ី បានចាត់ទុកសមយុទ្ធយោធាខាងលើជាការបង្កអស្ថិរភាពនយោបាយ និងអាចបង្កឱ្យមានឧបទ្ទវហេតុយោធាកើតឡើង។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN ។ 
 
ក្នុងថ្ងៃទី១ ខែកក្កដា ដដែលនោះ នាវាយោធារុស្ស៊ី ក៏បានធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតផងដែរនៅក្នុងសមុទ្រខ្មៅ ដែលជាទំនងជាចង់ឆ្លើយតបនឹងសមយុទ្ធរបស់បក្សសម្ពន្ធយោធាណាតូ។
 
មួយរយៈចុងក្រោយនេះ រុស្ស៊ីជាមួយអង្គការណាតូ ហាក់ប្រឈមមុខដាក់គ្នា កាន់តែខ្លាំងជាមុខ។ រុស្ស៊ី តែងតែបង្ហាញសាច់ដុំ និងសមត្ថភាពយោធារបស់ខ្លួនជាញឹកញាប់នៅតាមព្រំដែនរុស្ស៊ី ជាមួយបណ្តាប្រទេសអឺរ៉ុបខាងកើត។ ទាក់ទិននឹងបញ្ហានេះ សមាជិកបក្សសម្ពន្ធយោធាណាតូមួយចំនួន បានរិះគន់លើរុស្ស៊ី និងទាមទារឱ្យបញ្ឈប់ការគំរាមកំហែង៕  
 

Tag:
 រុស្ស៊ី
  អាមេរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com