ជាតិ
រដ្ឋមន្រ្តីកសិកម្ម៖ ការនាំចេញអង្ករធ្លាក់ចុះ២៩ភាគរយ ព្រោះខ្វះទូកុងតឺន័ និងថ្លៃដឹកជញ្ជូនខ្ពស់
02, Jul 2021 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ កម្ពុជា បាននាំចេញអង្ករ ប្រមាណ ២៨ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២១ បានធ្លាក់ចុះ ២៩ភាគរយ។ ប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ កម្ពុជា បាននាំចេញអង្ករ ជិត ៤០ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បញ្ជាក់ថា ការនាំចេញអង្ករឆ្នាំនេះធ្លាក់ចុះ ព្រោះតែកង្វះទូកុងតឺន័រ តម្លៃដឹកជញ្ជូនខ្ពស់ និងតម្លៃអង្ករលើទីផ្សារអន្តរជាតិធ្លាក់ចុះ។


របាយការណ៍ នាំចេញកសិផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ទិសដៅ នៃការនាំចេញអង្ករ គឺប្រទេសចិនជាង ១៤ម៉ឺនតោន,សហភាពអឺរ៉ុប ជាង ៦ម៉ឺនតោន,តំបន់អាស៊ានជាង ២ម៉ឺនតោន និងប្រទេសដទៃជាង ២ម៉ឺនតោន។ ក្នុងនោះ ការនាំចេញ អង្ករក្រអូបគ្រប់ប្រភេទប្រមាណ ១៩ម៉ឺនតោន។ 
 
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់លើហ្វេសប៊ុកផ្ទាល់របស់ខ្លួន នៅថ្ងៃទី៣០ ខែមិថុនា ដូច្នេះ៖«ការនាំចេញកសិផលសរុប ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២១ កើនឡើង ៨៤,៦៤ភាគរយ។ ក្នុងនោះកសិផល ក្រៅពីអង្ករកើនឡើង ១០៧,១៦ភាគរយ។  រីឯការនាំចេញអង្ករ បានថយចុះ ២៩,៤៧ភាគរយ ដោយសារកង្វះទូរកុងតឺន័រ តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករ នៅទីផ្សារអន្តរជាតិ មានការធ្លាក់ចុះពិសេសសហគមន៍អឺរ៉ុប»។ 
 
រយៈពេល ៦ខែ កម្ពុជា បាននាំចេញកសិផលសំខាន់ៗ ប្រមាណ ៤លានតោន ទៅកាន់ទីផ្សារអន្តរជាតិ និងទទួលបានចំណូលជាង ២ពាន់លានដុល្លារ។ ក្នុងនោះចំណូលពីការនាំចេញអង្ករ សរុបជាង ២៣លានដុល្លារ។ រីឯ ចំណូលពីការនាំចេញស្រូវ សរុបជាង ២៧៩លានដុល្លារ។ ដោយឡែក ចំណូលសរុបនៃការនាំចេញកសិផល ក្រៅពីស្រូវ-អង្ករ មានប្រមាណ ២ពាន់លានដុល្លារ៕
 

Tag:
 វេង សាខុន
 នាំចេញ
 អង្ករ
 ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com