COVID-19
ជាតិ
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ Delta ២៣នាក់ទៀត ភាគច្រើនអ្នកចូលតាមច្រកអូរស្មាច់
02, Jul 2021 , 7:44 pm        
រូបភាព
ដោយ: រួបរួម
ក្រសួងសុខាភិបាលនាល្ងាចថ្ងៃទី២ ខែកក្កដា នេះ បានប្រកាសពីការរកឃើញករណីវីរុសកូវីដ-១៩ បំប្លែងថ្មី  B.1.617.2 ចំនួន២៣ករណីទៀតលើអ្នកដំណរចូលមកកម្ពុជា ដោយភាគច្រើនតាមច្រកអូរស្មាញ់ ខេត្តឧត្តរមានជ័យ។

 
ក្នុងចំណោម២៣ករណី មាន១២ករណីរកឃើញនៅថ្ងៃទី២៥ ខែមិថុនា និង១១ករណីនៅថ្ងៃទី១ ខែកក្កដា។ អ្នកជំងឺភាគច្រើនមកពីក្រុងបាកកក ហើយចូលមកកម្ពុជាតាមច្រកអូរស្មាញ់ ខេត្តឧត្តរមានជ័យ។ ក្រៅពីនោះមានតាមច្រកអូរបីជាន់ ចំបក់ និងប៉ាក់ធុមថានី។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ បុគ្គលិកសុខាភិបាលម្នាក់នៅខេត្តឧត្តរមានជ័យ ក៏ស្ថិតក្នុងចំណោម​អ្នកឆ្លងវីរុសដែលតាផងដែរ។ រីឯអ្នកជំងឺផ្សេងទៀត ជាអ្នកដែលមានលំនៅដ្ឋាននៅឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពត កំពង់ស្ពឺ ស្វាយរៀង ត្បូងឃ្មុំ ព្រះវិហារ និងពោធិ៍សាត់។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក្រើនរំលឹកពលរដ្ឋទាំងអស់បង្កើន​ការប្រុងប្រយ័ត្ន ការពារខ្លួន និងកុំភ្លេចខ្លួន ដោយរៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធប្រឆាំងជំងឺរាលដាលសាកលនេះ៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com