ជាតិ
នយោបាយជាតិ
រដ្ឋាភិបាល សម្រេចចេញថ្លៃសិក្សាឱ្យនិស្សិតយោធាខ្មែរ៦នាក់ ដែលអាមេរិកបញ្ចប់ការសិក្សាមុនកំណត់
× ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចចេញថ្លៃសិក្សាឱ្យនិស្សិយយោធាខ្មែរ៦នាក់ នៅអាមេរិក។ និស្សិតកម្ពុជា ៦នាក់ ត្រូវបានអាមេរិក ប្រាប់ឲ្យផ្អាកការសិក្សាមុនពេលកំណត់ នៃការបញ្ចប់ឆ្នាំសិក្សាឆ្នាំនេះ ក្រោមហេតុផលថា កម្ពុជាបានបាត់បង់ភាពស្របច្បាប់ក្នុងការទទួលជំនួយពីសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រសួង នឹងទាក់ទងទៅរដ្ឋាភិបាលអាមេរិក ដើម្បីដោះស្រាយបញ្ហានិស្សិតយោធាកម្ពុជា ដែលកំពុងសិក្សានៅទីនោះ។ សេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ នៅយប់ថ្ងៃទី២ កក្កដា នេះ បានបញ្ជាក់ដូច្នេះថា៖«ដោយមើលឃើញអំពីការលំបាករបស់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំងអស់ ដែលបណ្ដាលមកពីការបញ្ឈប់នូវកាតព្វកិច្ចនៃការបង់ថ្លៃសិក្សាពីសំណាក់ ភាគីអាមេរិក និងនៅក្នុងស្មារតីទទួលខុសត្រូវចំពោះអនាគត និងផលប្រយោជន៍របស់សិស្សបណ្ឌិតសភាយោធាកម្ពុជា រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតយោធាកម្ពុជាទាំង៦រូប រហូតដល់បញ្ជប់ការសិក្សារបស់ខ្លួនជាស្ថាពរ»។
និស្សិតទាំង៦រូបនេះ ត្រូវបានអាមេរិក បញ្ចប់ការសិក្សាមុនកំណត់នោះ រួមមាន និស្សិត២រូប កំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោកWest Point , ២រូបទៀត សិក្សាបណ្ឌិតសភាទ័ពអាកាស, កងទ័ពជើងទឹក ១រូប និងឆ្មាំសមុទ្រ ១រូប។ នេះបើតាមការចុះផ្សាយរបស់VOA ដែលទទួលបានព័ត៌មានពីនិស្សិតនិងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក។
ក្នុងចំណោមនិស្សិតទាំងនេះ ក៏មាននិស្សិតខ្លះ សិក្សាដល់ឆ្នាំទី៤ ដែលនឹងត្រូវបញ្ចប់ការសិក្សានៅឆ្នាំ២០២២ខាងមុខ។ ពួកគេត្រូវបានជ្រើសរើស តាមរយៈកម្មវិធីអាហារូបករណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយស្ថានទូតប្រចាំនៅកម្ពុជាជ្រើសរើសដោយផ្ទាល់។
បើតាមVOA មូលហេតុដែលអាមេរិកបញ្ចប់ការសិក្សានិស្សិតយោធាកម្ពុជា មុនការកំណត់នេះ ដោយសារបញ្ហាទំនាក់ទំនងរវាងភាគីទាំងពីរ។ «បន្ទាប់ពីកម្ពុជាកាត់បន្ថយកិច្ចសហប្រតិបត្តិការលើផ្នែកជាច្រើននៃទំនាក់ទំនងទ្វេភាគីជាប្រពៃណីរវាងយោធានិងយោធាគឺប្រទេសនេះបានបាត់បង់ភាពស្របច្បាប់ក្នុងការទទួលបានកម្មវិធីសិក្សាផ្នែកយោធារបស់សហរដ្ឋអាមេរិក»។ នេះបើតាមVOA ដែលបានស្រងសម្តីលោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ។
ជុំវិញទង្វើរបស់អាមេរិកនេះ ក៏បានធ្វើឱ្យមន្ត្រីរដ្ឋាភិបាលកម្ពុជា មិនពេញចិត្ត ។ ពួកគេ ចាត់ទុកទង្វើអាមេរិកនេះថា គ្មានគុណធម៌ ដោយយកការអប់រំ មកផ្សារភ្ជាប់នយោបាយការបរទេស។ បន្ថែមពីនេះ ពួកគេចំអកអាមេរិកទៀតថា «ជំនួយអាមេរិក គឺជាចំណង»។ បានន័យថា មហាអំណាចប្រជាធិបតេយ្យមួយនេះ តែងតែជួយប្រទេសដទៃ ដើម្បីទារសំណងវិញប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com