COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អ៊ីតាលី ព្រមានអ្នកគាំទ្រពីអង់គ្លេសកុំចូលទឹកដីខ្លួនក្នុងជំនួបអង់គ្លេស-អ៊ុយក្រែន
03, Jul 2021 , 10:29 am        
រូបភាព
អ៊ីតាលី ប្រាប់អ្នកគាំទ្រពីប្រទេសអង់គ្លេសកុំព្យាយាមចូលប្រទេសខ្លួនដើម្បីទស្សនាការប្រកួតវគ្គ៨ក្រុមចុងក្រោយព្រឹត្តិការណ៍ Euro 2020 រវាងអង់គ្លេស និងអ៊ុយក្រែន ទោះបីពួកគេមានសំបុត្រក៏ដោយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ អ៊ីតាលី ព្រមានថា អ្នកល្មើសនឹងពិន័យជាប្រាក់៣៥៥៥ដុល្លារ។


 
អង់គ្លេស នឹងតតាំងជាមួយអ៊ុយក្រែននៅជំនួបវគ្គ១/៤ផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Stadio Olimpico ក្នុងក្រុងរ៉ូម ប្រទេសអ៊ីតាលីនៅរាត្រីថ្ងៃទី៣ ខែកក្កដា វេលាម៉ោង ២:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ដោយមានវិធានការការពារជំងឺកូវីដ-១៩ អ៊ីតាលី បានចេញគោលការណ៍ដោយកំណត់ឱ្យរាល់អ្នកធ្លាប់ចូលទឹកដីអង់គ្លេសអំឡុងពីរសប្តាហ៍មុន ហើយចង់ចូលប្រទេសខ្លួន ត្រូវចត្តាឡីស័ក៥ថ្ងៃសិន។
 
បើសិនអ្នកគាំទ្រពីអង់គ្លេសមិនធ្វើដំណើរទៅអ៊ីតាលីឱ្យបាន៥ថ្ងៃមុនការប្រកួតនោះទេ នោះពួកគេនឹងមិនត្រូវអនុញ្ញាតឱ្យចូលកីឡដ្ឋានឡើយ។ អ្នកគាំទ្រទៅពីអង់គ្លេសរូបណាលួចចូលគាំទ្រក្នុងជំនួបជាមួយអ៊ុយក្រែន នឹងត្រូវពិន័យជាប្រាក់៣៥៥៥ដុល្លារអាមេរិក បើទោះពួកគេមានសំបុត្ររួចហើយក្តី។
 
ស្ថានទូតអ៊ីតាលី ប្រចាំចក្រភពអង់គ្លេសអះអាងថា៖ «ការលើកលែងណាមួយសម្រាប់អ្នកគាំទ្រអង់គ្លេស ទៅកាន់អ៊ីតាលីក្នុងបំណងចូលក្នុងកីឡដ្ឋាន នឹងមិនត្រូវអនុញ្ញាតនោះទេ។ អ្នកគាំទ្រដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមិនគួរធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីដើម្បីចូលរួមការប្រកួតនៅ Stadio Olimpico ក្នុងទីក្រុងរ៉ូមឡើយ»។
 
កីឡដ្ឋាន Stadio Olimpico នឹងទទួលអ្នកគាំទ្រចំនួន ១៦០០០ នាក់ ពោលគឺស្មើនឹង២៥ភាគរយនៃសមត្ថភាពផ្ទុកសរុបក្នុងជំនួបអង់គ្លេស និងអ៊ុយក្រែន។ ដោយសារអ្នកគាំទ្រអង់គ្លេសមានសំបុត្រច្រើនសម្រាប់ជំនួបនេះ ចំនួនអ្នកទស្សនាផ្ទាល់ ទំនងមិនមានច្រើនឡើយ៕
 

Tag:
 Euro 2020
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com