ជាតិ
សិល្បះ
សិល្បករ​ជើង​ចាស់​​បារម្ភ​​ខ្លាច ទម្រង់​​សិល្បៈ​អាយ៉ៃគ្មាន​​អ្នក​បន្ត​វេន​
04, Jul 2021 , 12:39 pm        
រូបភាព
ភ្នំពេញ​​៖ សិល្បករ​អាយ៉ៃ​ជើង​ចាស់​ កាន់​តែ​ហោច​ទៅ​ជា​រៀង​រាល់​ឆ្នាំ ខណៈ​ពេល​ក្មេង​ជំនាន់​ក្រោយ​ ហាក់​មិន​សូវ​ចាប់​អារម្មណ៍​​សិក្សា​រៀន​សូត្រ​ពី​សិល្បៈ​អាយ៉ៃ​​។ ការ​ណ៍​នេះ​​បាន​ធ្វើ​ឱ្យ​ សិល្បករ​អាយ៉ៃ​​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ហើយ​នោះ​ ព្រួយ​បារម្ភ​ខ្លាច​​សិល្បៈ​បុរាណ​មួយ​នេះ​ អាច​នឹង​បាត់​បង់​នៅ​ថ្ងៃ​ណា​មួយ​។


 
អ្នក​ស្រី​ នួន​ សារី បាន​សម្ដែង​ក្ដី​បារម្ភ​របស់​ខ្លួន ​ពី​ការ​បាត់​បង់​សិល្បករ​អាយ៉ៃ​ជា​បន្ត​បន្ទាប់​​។ អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រី​កាន់​តែ​ខ្វល់​ចិត្ត​ខ្លាំង​នោះ​ គឺ​មិន​មាន​សញ្ញាណ​ណា​មួយ​បង្ហាញ​ថា ក្មេង​ជំនាន់​ក្រោយ​ចាប់​អារម្មណ៍បន្ត​វេន​​មរត​សិល្បៈ​អាយ៉ៃ​។ ​សិល្បការិនី​ជើង​ចាស់​ដ៏​ល្បី​ល្បាញ​ ដែល​មាន​ឈ្មោះក្នុង​​សិល្បៈ​ថា យាយ​យ៉យ​ នោះ​ អះ​អាង​ថា​គាត់​មិន​អាច​​ធ្វើ​អ្វី​បាន​ឡើយ​។
 
អ្នក​ស្រី នួន​ សារី​ បញ្ជាក់​៖««អាយ៉ៃ​ពិបាក​ណាស់​ ទាល់​តែ​អ្នក​មាន​ទេព​កោសល្យ ទើប​អាច​រៀន​ចេះ​។​ ម្យ៉ាង​អាយ៉ៃ​ពេល​នេះ​ ប្រជា​ជន​មិន​សូវ​គាំ​ទ្រ ដូច្នេះ​អ្នក​ដែល​ចង់​រៀន​ចង់​ចេះ​ ក៏​មិន​សូវ​មាន​ ព្រោះ​គេ​គិត​ថា​បើ​រៀន​ទៅ​ខ្លាច​គ្មាន​អ្នក​​ជួល​ ដូច្នេះ​មិន​ដឹង​ថា​រៀន​ធ្វើ​អ្វី​។ គេ​រៀន​អ្វី​ដែល​ទាន់​សម័យ​ និង​រក​លុយ​បាន​ងាយ​ៗ។ អ្នក​ជំនាន់​ក្រោយ​មួយ​ចំនួន​ ​ច្រៀង​អាយ៉ៃ​មិន​ច្បាស់​លាស់​ ច្រៀង​​ជា​ទម្រង់​អាយ៉ៃ ប៉ុន្តែ​មិនបាន​​ច្រៀង​​បទចម្រៀង​​តាម​លំដាប់​លំដោយ​ច្បាស់​លាស់ឡើយ​»។


អ្នកស្រី នួន សារី សិល្បការិនីអាយ៉ៃ (រូបពីpage  នាយ ព្រែក)

ចំណែក​លោក​ ជ័យ សុដា ដែល​ជា​សិល្បករ​អាយ៉ៃ និង​ជា​សិល្បករ​ចាប៉ីដង​វែង​ផង​នោះ ក៏​ខ្វល់​ចិត្ត​ចំពោះ​ការ​បាត់​បង់​សិល្បករ​អាយ៉ៃ​ជា​បន្ត​បន្ទាប់​ ខណៈ​ពេល​ក្មេង​ជំនាន់​ក្រោយ មិន​​ចាប់​អារម្មណ៍​រៀន​​​អាយ៉ៃ​ដែរ​។ លោក​ ជ័យ​ សុដា ថា​អាយ៉ៃ​គឺ​ជា​ទម្រង់​សិល្បៈ​មួយ​ដែល​ល្អ​វិសេស។ វិសេស​នៅ​ត្រង់​ថា​ សិល្បៈ​ទម្រង់​នេះ​ ទាល់​តែ​មនុស្ស​មាន​ភាព​វៃ​ឆ្លាត ក្នុង​ការរៀប​​​ចំណាប់​ចួន មាន​ចំណេះ​ដឹង​ទូទៅ​ទូលំ​ទូលាយ​  អាច​ស្រាយ​បញ្ញា​ដែល​ដៃ​គូ​ចោទ​សួរ​បាន​ភ្លាម​ៗ ដោយ​គ្មាន​ការ​ព្រាង​ទុក ដែល​​នេះ​​ជា​ទេពកោសល្យ​ពី​កំណើរ​តែ​ម្ដង​។​
 
សិល្បករ​ដែល​មាន​អាយុ​៥២​ឆ្នាំ​រូប​នេះ​ ថា​​កត្តា​ដែល​នាំ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ មិន​សូវ​ចាប់​​អារម្មណ៍​រៀន​ទម្រង់​​សិល្បៈ​អាយ៉ៃ​ ក៏​ដោយ​ហេតុ​សិល្បៈ​មួយ​នេះ​ មិន​សូវ​សម្បូរ​ទីផ្សារ​ ពិសេស​មិន​សូវ​មាន​ការ​លើក​ទឹក​ចិត្ត​​នោះ​ឯង​។ 
លោក សុដា ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​​​បន្ទាយ​មាន​ជ័យ ប​ន្ត​ថា​ សព្វ​ថ្ងៃ​នេះ​លោក​ពុំ​​មាន​សិស្សខាង​អាយ៉ៃ​សូម្បី​តែ​ម្នាក់ ស្រប​ពេលសិស្ស​ចាប៉ី​ដង​វែង​របស់​គាត់​​ មាន​តែ​មួយ​រូប​នោះ​។ បុរស​សម្បុរ​ស្រអែម​រូប​នេះ​ ​ពិត​ជា​ចង់​ផ្ទេរ​ចំណេះ​ជំនាញ​នេះ​ ទៅ​ក្មេង​ជំនាន់​ក្រោយ​ណាស់​ ប៉ុន្តែ​ក្នុង​តំបន់​របស់គាត់​​ ពុំ​មាន​ក្មេង​ណា​ចង់​រៀន​ ឬ​ធ្លាប់​​ទៅ​សួរ​នាំ​លោក​ពី​ទម្រង់​សិល្បៈ​បុរាណ​នេះ​ឡើយ​។   


លោក ជ័យ សុដា សិល្បករអាយ៉ៃ និងចាប៉ីដងវែង (រូបផ្ដល់ឱ្យ)

និយាយ​ដោយ​សម្ដី​រដឺន​មួយ​ៗហាក់​អស់​សង្ឃឹម​​ លោក ជ័យ សុដា អះ​អាង​ថា​សព្វ​ថ្ងៃនេះ​​ លោក​ស្រណេះ​ខ្លួន​ឯង​ ព្រោះការ​​ចេះ​ចាំ​ស្ទាត់​ជំនាញ​​សិល្បៈ​អាយ៉ៃ​និង​ចាប៉ី​ដង​វែង​នោះ​ ពុំ​​មាន​អ្នក​គាំ​ទ្រ​​។ 
«​មាន​ក្មេង​សួរ​ខ្ញុំ​ថា ចុះ​លោក​គ្រូ​ចេះ​ប៉ុណ្ណឹង​ដែរ​ មាន​លុយ​ខែ​ឬ​អត់​? ខ្ញុំ​ថា​អត់។​ គេ​ថា​អ៊ីចឹង​​គេ​មិន​ដឹង​ជា​ខំ​​រៀន​ធ្វើ​អី​​ទេ​។ គេ​និយាយ​បែប​នេះ​ ខ្ញុំ​មិន​ដឹង​និយាយ​អ្វី​ទៀត​។ ប្រសិន​បើ​មិន​មាន​អ្នក​រៀន​ ទៅ​មុខ​ប្រាកដ​ជា​អត់​អ្នក​បន្ត​ហើយ។ ខ្ញុំ​ចង់​ឱ្យ​ថ្នាក់​លើ​មើល​ឃើញ​អ្នក​ចេះ​ដឹង​ផ្នែក​នេះ​ផង​ តាម​រយៈ​ការ​យកចិត្ត​ទុក​ដាក់​ផ្នែក​ចំណូល​ ដើម្បី​ឱ្យ​ពួក​គាត់​អាច​មាន​លទ្ធភាព ​បណ្ដុះ​បណ្ដាល​ក្មេង​ជំនាន់​ក្រោយ​ផង​ និង​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ មាន​អារម្មណ៍​កក់​ក្ដៅ​នឹង​ការ​រៀន​ជំនាញ​នេះ​ផង​»។ នេះ​គឺ​ជា​ការ​ពន្យល់​របស់​លោក​ ជ័យ សុដា​។ 
 
លោក ហេង សុផាឌី វិទ្យា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​ភូមិ​ន្ទ​វិចិត្រ​សិល្បៈ​ បានបញ្ជាក់​​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ​ឆ្នាំ​២០២០​-២០២១​ នេះ ជំនាញ​អាយ៉ៃ​មិន​មាន​សិស្ស​រៀន​ទាល់​តែ​សោះ​ ខណៈកាល​ពី​​ឆ្នាំ​២០​១៩​ មាន​សិស្ស​ប្រឡង​ចេញ​តែ​ម្នាក់​គត់​។ លោក​ថា​កត្តា​សំខាន់បំផុត​​គឺ​ទី​ផ្សារ ដែល​ជំរុញ​ឱ្យ​​​សិល្បៈ​មួយ​ទម្រង់​នេះ​ គ្មាន​អ្នក​​ចង់​រៀន។ ទោះ​ជា​យ៉ាង​ណា​ លោក​ ហេង សុផាឌី​ ថា​រដ្ឋ​គួរ​តែ​ជួយ​គិត​គូរ​ផ្ដល់​លទ្ធភាព​​ណា​មួយ​ ដល់​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​អាយ៉ៃ​​។


លោក ហេង សុផាឌី សាកលវិទ្យាធិកាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ 

លោក​ ហេង​ សុផាឌី​ បញ្ជាក់​ដូច្នេះ​៖«ខ្ញុំ​ចាំ​មិន​ច្បាស់​ទេ ដូច​ជា​កាល​ពី​ឆ្នាំ​២០១៩​-២០២០​ មាន​សិស្ស​អាយ៉ៃ​តែ​ម្នាក់​ទេ​ ដែល​បាន​ប្រឡង​ចេញ​។ ធម្មតា​ជំនាញ​នេះ​ខ្សត់​អ្នក​រៀនតែ​ម្ដង​។ សាលា​ចេះ​តែ​បណ្ដុះ​បណ្ដាល​ហើយ​ ប៉ុន្តែ​សំខាន់​គឺ​ទី​ផ្សារ​ ឥឡូវ​នេះ​គ្មាន​អ្នក​គាំ​ទ្រ​​ដូចពី​មុន​ទេ ដូច្នេះ​គាត់​មិន​ដឹង​ថា​រៀន​ធ្វើ​អ្វី​។ ខ្ញុំ​គិត​ថា​រដ្ឋ​​ត្រូវ​ផ្ដល់​ឱ​កាស​ឱ្យ​គាត់​ដែរ​ ព្រោះ​គាត់​ត្រូវ​ការ​រស់។ សម្រាប់​សាលា​យើង​ មុន​ជំនាញ​ដែល​សំខាន់​​ យើង​ផ្ដល់​អាហារូបករណ៍ឱ្យ​​​ ក្នុង​នោះ​មាន​អាយ៉ៃ​មួយ​ដែរ»។​
 
ពាក្យ​ព័ន្ធ​ករណី​ខាង​លើ​ លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​បច្ចេក​ទេស​វប្បធម៌ នៃ​ក្រសួងវប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ឆ្លើយ​តប​ថា​ ជា​ទូទៅ​ក្រសួង​​បារម្ភ​គ្រប់​ទម្រង់សិល្បៈ​បុរាណ​​ ព្រោះ​មនុស្ស​សព្វ​ថ្ងៃ​មិន​សូវ​ចាប់​អារម្មណ៍​​។ 
 
ទោះ​ជា​យ៉ាង​ណា លោក ស៊ីយ៉ុន​ សុភារិទ្ធ​ ថា​​ការ​ជ្រើ​ស​រើស​សិល្បករ​អាយ៉ៃ​​ឱ្យ​ចូល​ធ្វើ​ការ​ក្នុងក្រប​ខ័ណ្ឌរដ្ឋ​​ ក្រសួង​នៅ​​មិន​ទាន់​មាន​គោល​នយោបាយ​រើស​ដោយ​ចំពោះ​ឡើយ​។​ ប៉ុន្តែ​ក្រសួង​មាន​គោល​នយោបាយ​ លើ​ក​កម្ពស់​វិស័យ​ទស្សនីយភាព​​រួម​តែ​ម្ដង​។ មាន​ន័យ​ថា ​ក្រសួង​បាន​នឹង​កំពុង​រួមសហការ​ជា​មួយ​ដៃ​គូ​នានា​ ដើម្បី​ជំរុញ​ការ​សម្ដែង​ទស្សនីយភាព​សិល្បៈ​បុរាណ​គ្រប់​ទម្រង់​ ដូច​ជា​​ល្ខោន​ របាំ​ ចម្រៀង​ ចាប៉ី អាយ៉ៃ​ យីកេ​ ជា​ដើម​ គ្រប់​ទី​កន្លែង​តាម​លទ្ធភាពដែល​​អាច​ធ្វើ​ទៅ​បាន​។ 
 
អគ្គនាយក​បច្ចេក​ទេស​រូប​នេះថា​​ បញ្ហា​ធំ​បំផុត​សម្រាប់​ទម្រង់​​សិល្បៈ​អាយ៉ៃ ក៏ដូច​ជា​សិល្បៈ​បុរាណ​ដទៃ​ទៀត​ គឺ​ពុំ​សូវ​មាន​ការ​គាំ​ទ្រ​។ លោក​ថា ដើម្បី​ឱ្យ​ការ​ងារ​លើក​ស្ទួយ​វិស័យ​សិល្បៈ​បុរាណ​មាន​​ចីរកាល​ គឺ​​ត្រូវ​តែ​មាន​ការ​ចូល​រួម​ទាំង​អស់​គ្នា​ ទាំង​សហគមន៍​ សាធារណជន​ និង​រដ្ឋ​ផង​។


លោក ស៊ីយ៉ុន សុភារិទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ (រូបផ្ដល់ឱ្យ)
«​ឱ្យ​មនុស្ស​ខំ​រៀន​ ហើយ​ឱ្យ​មនុស្ស​ប្រឡង​ចូល​ក្រប​ខណ្ឌ​ក្រសួង ប៉ុន្តែ​ពេល​រើស​ម្ដង​ៗ​មិន​មែន​យើង​រើស​​រាប់​រយ​នាក់​ឯណា​ ​ម្ដង​រើស​ម្នាក់​ឬ​ពីរ​នាក់​ហ្នឹង​។ ហើយ​ទម្រាំង​រើស​ម្ដង​ទៀត​ ម្នាក់​ឬ​ពីរ​នាក់​ដដែល​ ហើយ​បើ​ធ្វើ​អ៊ី​ចឹង​ដដែល​ មិន​ខូច​ទឹក​ចិត្ត​គ្នា​ទៅ​ហើយ​។ អ្នក​ចេះ​ជំនាញ​នេះ​នឹង​ហោច​ វា​ជា​ការ​ពិត​ ព្រោះ​​អត់​ទី​ផ្សារ​​។ ទាល់​​តែ​មាន​ការ​លើក​ទឹក​ចិត្ត បំផុស​មនុស្ស​ពេល​មាន​បុណ្យ​ទាន​ ឱ្យ​មាន​ច្រៀង​អាយ៉ៃឡើង​វិញ​ និង​​​មាន​ការ​សម្ដែង​ញឹក​ញាប់​​គ្រប់​ទី​កន្លែង​​។ មាន​អ្នក​ស្រឡាញ់​ចូល​ចិត្ត​ច្រើន​ នោះ​វិស័យ​នេះ​នឹង​ដើរ​ដោយ​ខ្លួន​ឯង​ហើយ»។
 
មែន​ទែន​​ទៅ​ ការ​ធ្វើ​ឱ្យ​​សិល្បៈ​បុរាណគ្រប់​ទម្រង់​​ស្ថិត​នៅ​គង់​វង់​យូរអង្វែង​ សម្រាប់​ប្រជា​ជាតិ​ខ្មែរ គឺ​ជា​រឿង​ស្មុគ​ស្មាញ​មួយ​ ដែល​មិន​អាច​បន្ទោស​ភាគី​ណា​តែ​ម្ខាង​ៗ​បាន​ឡើយ។​ ប៉ុន្តែបើ​ខ្មែរ​គ្រប់​រូប​ មាន​ឆន្ទៈ មាន​មនសិការ និង​យល់​ច្បាស់​ក្នុង​ចិត្ត​សន្តាន​ ថា​ខ្លួន​ត្រូវ​តែ​បំពេញ​​កាតព្វ​កិច្ច ថែរក្សា​មរតក​វប្បធម៌​ដួង​ព្រលឹង​ជាតិ​នេះ​ ឱ្យខាង​តែ​បាន​ នោះ​នឹង​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ទៀត​ឡើយ​។ ខ្មែរ​ក៏​គួរ​តែ​បោះ​ចោល​វប្បធម៌​ អង្គុយ​ចាំ​តែ​បន្ទោស​ ហើយ​ចាប់​ផ្ដើម​ជួយ​ជ្រោម​ជ្រែង​គ្នា​ តាម​លទ្ធភាពដែល​អាច​ធ្វើ​ទៅ​បាន​​។
 
អាយ៉ៃ​ជា​ទម្រង់​សិល្បៈ​ប្រជាប្រិយមួយ​​ មាន​​បែង​ចែក​ជា​ពីរ​ប្រភេទ គឺ​អាយ៉ៃ​ឆ្លើយ​ឆ្លង​ និង​អាយ៉ៃ​រឿង​។ អាយ៉ៃ​ ត្រូវ​បាន​គេ​ហៅ​តាម​​ឈ្មោះ​បុរសម្នាក់​ដែល​មាន​ឈ្មោះ​ថា​”តាយ៉ៃ”។ “​តាយ៉ៃ​” គឺ​ជា​អ្នក​មាន​​វោហារ​សព្ទដ៏​​ពូកែ​ខាង​សម្ដែង​សិល្បៈ​ចម្រៀង​ប្រជាប្រិយ គ្មាន​ការ​ព្រាង​ទុក​​ ដែល​​មាន​ចំណាប់​ជួន​ផ្ទួន​រណ្តំពីរោះ​គាប់​ចិត្ត​។ ​ក្រោយ​មក​អ្នក​និយម​ចូល​ចិត្ត​សិល្បៈ​ប្រជា​ប្រិយ​ដែល​តា​យ៉ៃ​សម្ដែង បាន​ហៅ​ទម្រង់​សិល្បៈ​នោះ​ថា “អាយ៉ៃ” ដោយ​ហៅ​តាម​ចាស់ៗ​កាល​ជំនាន់​នោះ​​។ សព្វ​ថ្ងៃ​ឧបករណ៍​ភ្លេង​ ដែល​យក​ទៅ​ប្រគំក្នុង​​សិល្បៈ​​អាយ៉ៃ មាន​ទ្រអ៊ូ ទ្រសោ ឃឹម តាខេ ខ្លុយ​ ស្គរដៃ និង​ឈិង​៕

Tag:
 សិល្បៈ
  អាយ៉ៃ​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com