ជាតិ
ផ្លែឈើ៧ប្រភេទ ផ្ដល់ផលច្រើនចន្លោះខែមេសា និងឧសភា
× ចុងរដូវប្រាំង ចន្លោះពីខែមេសា-ឧសភា ជាពេលដែលដំណាំឈើហូបផ្លែ៧ប្រភេទ ចាប់ផ្ដើមហុចផលដល់ម្ចាស់ចម្ការតាមបណ្ដាខេត្តនានា។ ផ្លែឈើមួយចំនួន ចាប់ផ្ដើមមានលក់ជាហូរហែទូទាំងរាជធានី-ខេត្ត តាមដងផ្លូវ តាមផ្សារ និងលើបណ្ដាញសង្គម។ អាជីវករទាំងនោះ បានបញ្ចេញផ្លែឈើចម្រុះប្រភេទដាក់លក់បណ្ដាក់គ្នា។
លោក គៀន សុភា ប្រធាននាយកដ្ឋានដំណាំរួមផ្សំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដំណាំឈើហូបមួយចំនួនមានដូចជា ទុរេន សាវម៉ៅ មង្ឃុត ប័រ មៀន និងស្វាយ នឹងចាប់ផ្ដើមលាស់ត្រួយចេញផ្កាបណ្ដាក់គ្នាពីដើមឆ្នាំ ព្រោះជារដូវរបស់វា។ រហូតមកដល់ខែមេសា-ឧសភា ដំណាំទាំងនោះ ចេញផ្លែ ហើយកសិករនឹងប្រមូលផល។ ដោយឡែក ចំពោះដំណាំចេក និងខ្នុរ ជាផ្លែឈើខួបរដូវ ដែលចេញផ្លែផ្កាពេញមួយឆ្នាំ។
អ្នកជំនាញកសិកម្មរូបនេះ បានប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ៖«មិនមែនមានតែប៉ុណ្ណឹងទេ។ ដំណាំឈើហូបផ្លែសឹងគ្រប់ប្រភេទហើយ ដែលកាក់កបចេញផ្លែនៅពេលហ្នឹង។ ហើយផ្លែឈើទាំងហ្នឹង ប្រើពេលចន្លោះពី៣-៤ខែ ដើម្បីប្រមូលផលគិតចាប់ពីពេលចេញផ្លែ រហូតដល់ទុំ»។
លោក បញ្ជាក់បន្ថែមថា បើកសិករមានបច្ចេកទេសដាំដុះច្បាស់លាស់ ពួកគេអាចបង្កបង្កើនផលផ្លែឈើទាំងនោះបណ្ដាក់ៗគ្នា ប្រមូលផលបានរយៈពេលវែង។ ទោះបីជាដំណាំទាំងអស់នេះ ហុចផលស្របពេលជាមួយគ្នាក្ដី ប៉ុន្តែនៅតែមានទីផ្សារ និងតម្លៃខ្ពស់។ ជាក់ស្តែងដូចជា ទុរេន សាវម៉ៅ មង្ឃុត និងផ្លែប័រ របស់កសិករខ្មែរមិនទាន់អាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ឡើយ នៅតែមាននាំចូលពីបរទេស។
អ្នកជំនាញកសិកម្មដដែល បានលើកឡើងថា៖«តំបន់ដីទួល ដែលមិនលេចទឹក ដាំដុះដំណាំឈើហូបផ្លែហ្នឹងល្អបំផុត។ ក្នុងហ្នឹងមានខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ រតនគិរី មណ្ឌលគិរី និងកំពតជាដើម»។ ទន្ទឹមនឹងនេះ ខេត្តព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង កំពង់ធំ ជាតំបន់ទំនាបកាក់កបនឹងដំណាំស្រូវ និងការដាំដុះបន្លែជាដើម។
ទុរេន មានសក្តានុពលក្នុងខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ និងបាត់ដំបង ។ ចំណែកឯ សាវម៉ៅ និងមង្ឃុត មានសក្តានុពលក្នុងខេត្តកំពត កោះកុង កំពង់ចាម និងត្បូងឃ្មុំ។ រីឯ ផ្លែប័រ មានសក្ដានុពលបំផុតនៅខេត្តមណ្ឌលគិរី។ ចំពោះផ្លែចេក និងស្វាយ ជាដំណាំនាំចេញ ហើយមានសក្ដានុពេលបំផុត នៅខេត្តកំពង់ចាម កំពត ព្រះវិហារ កំពង់ស្ពឺ កោះកុង កណ្ដាល មណ្ឌលគិរី និងរតនគិរី។ ប៉ៃលិន ព្រះវិហារ កំពង់ចាម កណ្ដាល កំពង់ស្ពឺ និងត្បូងឃ្មុំ មានសក្ដានុពលលើដំណាំមៀន និងខ្នុរ។ នេះបើតាមការបញ្ជាក់របស់លោក គៀន សុភា៕
© រក្សាសិទ្ធិដោយ thmeythmey.com