កីឡាអន្តរជាតិ
អន្តរជាតិ
ស្ត្រីឆ្នើម​៥នាក់ក្នុងព្រឹត្តិការណ៍ EURO 2020
04, Jul 2021 , 7:59 pm        
រូបភាព
ដោយ: ធីតា
ពានរង្វាន់កីឡាបាល់ទាត់ទ្វីបអឺរ៉ុប EURO 2020 ជាព្រឹត្តិការណ៍ផ្នែក​បុរស ប៉ុន្តែ​ស្ត្រីមាន​ចំណែក​យ៉ាងសំខាន់​ក្នុងដំណើរ​ការ​រៀបចំដំណើរការប្រកួតនេះ យ៉ាងរលូន ទៅតាមមុខ​ជំនាញ​រៀងៗខ្លួន។ តាម​រយៈគេហទំព័រ​ផ្លូវការ​របស់ខ្លួន សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បាន​បង្ហាញវត្តមានស្ត្រីដ៏មានឥទ្ធិពល​៥នាក់ក្នុងព្រឹត្តិការណ៍ EURO 2020 នេះ ដែលនាំឲ្យសកម្មភាពប្រកួតនៅ​លើទីលាន​កាន់តែទាក់ទាញ។



ស្ត្រីទាំង៥រូបនោះ រួមមាន៖
 
១. Eniola Aluko៖ 

អតីត​ខ្សែប្រយុទ្ធអន្តរជាតិ​អង់គ្លេសដែលបាន​លេងជាង​១០០ប្រកួត​សម្រាប់ក្រុម។ ឆ្លងកាត់ប្រវត្តិលេងឲ្យ​បណ្តា​ក្លិបនៅ​សហរដ្ឋអាមេរិក អ៊ីតាលី និងអង់គ្លេស ស្ត្រីដែលមាន​ដើម​កំណើតនៅនីហ្សេរីយ៉ារូបនេះ បានវិវត្តខ្លួន​ក្លាយជា​នាយិកាបាល់ទាត់​ក្លិប Angel City FC របស់អាមេរិក។ សម្រាប់ព្រឹត្តិការណ៍ Euro 2020 នាង Eniola ដើរតួនាទីជាអ្នកជំនាញ​វិភាគសម្រាប់ទូរទស្សន៍អង់គ្លេស។


 
២. Sharon Burkhalter-Lau៖

ក្នុងតួនាទីជានាយិកាគ្រប់គ្រង​សកម្មភាព​ប្រតិបត្តិការប្រចាំ UEFA អ្នក​ស្រី Sharon រ៉ាប់រងដំណើរ​ការ​រៀបចំ​ការ​ប្រកួតធំៗរវាង​ក្លិប និងក្លិប ជម្រើសជាតិ និងជម្រើសាជាតិ ជាពិសេស Euro 2020 នេះជាដើម។ អ្នកស្រីមាន​បទពិសោធន៍ដឹកនាំព្រឹត្តិការណ៍កីឡា​ជិត​៣០​ឆ្នាំហើយ ដោយមាន​សមាជិកក្រុមការងារ​ជាង​៦៥០នាក់។


 
៣. Lene Kryger៖

ជាអគ្គនាយិកាទទួល​បន្ទុក​ព្រឹត្តិការណ៍ EURO 2020 ប្រចាំ​ក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក​ Lene Kryger បានចាប់ផ្តើម​ការងារខ្លួន​តាំងពីខែ​មករា ឆ្នាំ​២០១៧មកម្ល៉េះ។ គាត់មានបទពិសោធន៍​ជាង​១០​ឆ្នាំ​លើ​ការគ្រប់គ្រងព្រឹត្តិការណ៍​កីឡា ដែលក្នុងនោះមាន​ការប្រកួតកីឡាបាល់ឱបពិភពលោក និងព្រឹត្តិការណ៍ពាក់កណ្តាល​ម៉ារ៉ាតុនពិភពលោក​ជាដើម។


 
៤. Diana Pirciu៖

មានតួនាទីជាអ្នកគ្រប់គ្រង​ក្រុម​ការងារស្ម័គ្រចិត្ត​សម្រាប់ព្រឹត្តិការណ៍ EURO 2020 នៅក្រុងប៊ុយការ៉ែស Diana Piciu មាន​សមាជិកក្រុមការងារជាង​៨០០នាក់​ដែលធានាភាពរលូន​នៃ​ដំណើរប្រកួតចំនួន​៤។ គាត់ជាអតីតកីឡាការិនីវាយកូន​បាល់អន្តរជាតិរូម៉ានី ហើយ​បាន​សិក្សា​ផ្នែកទំនាក់ទំនង និងទីផ្សារកីឡានៅសហរដ្ឋអាមេរិក មុន​នឹង​ចូលរួមជាមួយ​សហព័ន្ធកីឡាបាល់ទាត់រូម៉ានី ក្នុងតំណែងជាអ្នកគ្រប់គ្រងផ្នែកទំនួល​ខុសត្រូវសង្គម សហគ្រាស និង​ការបណ្តុះបណ្តាលជំនាញ។


 
៥. Celia Sasic៖

ជាសមាជិកជើងឯក Euro ផ្នែកនារី​របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ បច្ចុប្បន្ន Celia Sasic មានតួនាទីជាទូតសម្រាប់ព្រឹត្តិការណ៍ UEFA Euro 2024 ដែលគ្រោងរៀបចំនៅអាល្លឺម៉ង់។ ក្នុងព្រឹត្តិការណ៍នេះ គាត់ខិតខំ​សិក្សា​បទពិសោធន៍រៀបចំផ្សេងៗ ជាពិសេស​ការប្រកួតចំនួន​៤នៅក្រុងមុយនិច។ «វាជាឱកាស​ជាក់ស្តែងក្នុងការប្រើប្រាស់កីឡាបាល់ទាត់ដើម្បី​បង្កើតអ្វីមួយឲ្យធំជាងនេះ»។ Sasic បាន​លើកឡើងយ៉ាងដូច្នេះ៕


 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com