អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
04, Jul 2021 , 10:29 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅតែបន្តកើតឡើង។ បក្សកុម្មុយនីស្តចិន បានប្រារព្ធខួប ១០០ឆ្នាំរបស់ខ្លួនយ៉ាងអធិកអធម និងមានអ្នកជាចូលរួមជាច្រើនពាន់នាក់ ស្របពេលពិភពលោក កំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩។ ទន្ទឹមនេះ គ្រោះធម្មជាតិ បានកើតឡើងនៅក្នុងបណ្តាប្រទេសមួយចំនួន ដូចជាកាណាដា និងជប៉ុនជាដើម។

 
ថ្ងៃទី២៨ ខែមិថុនា
 
កូរ៉េខាងត្បូង បានសម្រេចអភិវឌ្ឍខែលការពារអាកាសដោយខ្លួនឯង ដោយយកគំរូតាមប្រព័ន្ធការពារមីស៊ីលអ៊ីស្រាអែល Iron Dome។ ការអភិវឌ្ឍខែលការពារផ្លូវអាកាសនេះ ធ្វើឡើងក្នុងគោលបំណងការពារហេដ្ឋារចនាសម្ពន្ធសំខាន់ៗ ពីការវាយប្រហារកាំភ្លើងធំចម្ងាយកូរ៉េខាងជើង។
 
យោធាអាមេរិកនៅស៊ីរី បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតជាច្រើន ដែលទំនងជាការសងសឹកពីកងជីវពលគាំទ្រដោយអ៊ីរ៉ង់វិញ។ ការបាញ់គ្រាប់រ៉ុក្កែតនេះ កើតឡើង បន្ទាប់ពីអាមេរិក បានវាយប្រហារតាមផ្លូវអាកាសលើកងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅស៊ីរី  និងអ៊ីរ៉ាក់។
 
ថ្ងៃទី២៩ ខែមិថុនា
 
អគ្គលេខាធិការបក្សកុម្មុយនីស្តចិនលោក ស៊ី ជិនភីង បានជំរុញឱ្យសមាជិកបក្សកុម្មុយនីស្តទាំងអស់ ស្មោះត្រង់ចំពោះបក្ស និងចំពោះប្រជាជន ដើម្បីសម្រេចគោលដៅរបស់ប្រទេស។ 
 
រដ្ឋាភិបាលវៀតណាម បានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់លើ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna បន្ថែមពីវ៉ាក់សាំងបួនប្រភេទដែលទទួលការអនុញ្ញាតរួចស្រេច។
 
ថ្ងៃទី៣០ ខែមិថុនា
 
អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិក ដូណាល់ រ៉ាំស្វែល បានស្លាប់ហើយក្នុងវ័យ៨៨ឆ្នាំ។ គ្រួសាររបស់លោកប្រកាសព័ត៌មាននេះនៅថ្ងៃទី៣០ ខែមិថុនា។ លោកជារដ្ឋមន្រ្តីការពារដែលដឹកនាំអាមេរិកចូលសង្រ្គាមនៅអាហ្វហ្កានីស្ថានក្នុងឆ្នាំ២០០១ និងនៅអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣ ។
 
ថ្ងៃទី១ ខែកក្កដា
 
ចិន បានបារព្ធខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិននៅទីលានធានអានមេន។ លោក ស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ក៏បានចូលរួមក្នុងពិធីដ៏អធិកអធមមួយនេះដែរ។ តាមរយៈសុន្ទរកថាប្រមាណជាង ១ម៉ោង លោកស៊ី បានលើកឡើងពីភាពជោគជ័យរបស់បក្ស ការព្រមានលើការប្រកាសឯករាជ្យរបស់តៃវ៉ាន់ និងការបំបែកបក្សកុម្មុយនីស្តចេញពីប្រជាជនជាដើម។ 
 
កោះ Phuket ដែលជាទីកន្លែងទេសចរណ៍ដ៏ល្បីមួយនៅថៃ បានបើកឱ្យដំណើរការឡើងវិញនៅថ្ងៃទី១ ខែកក្កដានេះសម្រាប់ភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងរួច។
 
ថ្ងៃទី២ ខែកក្កដា
 
អាមេរិក ប្រកាសទណ្ឌកម្មថ្មីទៀតលើក្រុមមន្ត្រីរបបយោធាមីយ៉ាន់ម៉ាមួយចំនួន និងក្រុមគ្រួសាររបស់មន្ត្រីដែលរងទណ្ឌកម្មរួចហើយ។ ទណ្ឌកម្មនេះ ជាការដាក់សម្ពាធលើក្បាលម៉ាស៊ីនរដ្ឋាភិបាលយោធាដែលដឹកនាំប្រទេសក្រោយរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ក៏ដូចជាការបង្រ្កាបលើអ្នកតវ៉ាអហិង្សាផងដែរ។
 
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan ប្រាប់ប្រមុខការទូតឥណ្ឌូណេស៊ីថា អាមេរិក នឹងបញ្ជូនវ៉ាក់សាំង ចំនួន៤លានដូសទៅឱ្យឥណ្ឌូណេស៊ីឱ្យបានឆាប់តាមតែអាចធ្វើបាន ។
 
ថ្ងៃទី៣ ខែកក្កដា
 
មនុស្សយ៉ាងតិច១៩នាក់ បានបាត់បង់ខ្លួនក្នុងហេតុការណ៍បាក់ដីនៅក្នុងទីក្រុងកម្សាន្តមួយ។ ហេតុការណ៍បាក់ដីនេះ កើតឡើងក្រោយការធ្លាក់ប៉ុន្មានថ្ងៃមកនេះ។ គ្រោះថ្នាក់របៀបនេះ តែងកើតមានយ៉ាងញឹកញាប់នៅជប៉ុន។
 
អ្នកតវ៉ានៅមីយ៉ាន់ម៉ា បានរៀបចំថ្ងៃកំណើតដល់ប្រមុខយោធា លោក មីន អ៊ុងឡាំង ដោយមានអ្នកខ្លះដុតរូបថតរបស់លោក ហើយខ្លះទៀតដល់ថ្នាក់រៀបចំពិធីបុណ្យសពទៅទៀត។ លោក មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈកន្លងទៅ។
 
ថ្ងៃទី៤ ខែកក្កដា
 
ក្រុមជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការរុករកអ្នករស់រានមានជីវិតក្នុងហេតុការណ៍បាក់ដីក្នុងក្រុង Atami ក្បែរទីក្រុងតូក្យូ។ មនុស្សពីរនាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ហើយ ខណៈជាង២០នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ៕ 
 

Tag:
 អាមេរិក
  កូរ៉េខាងត្បូង
  ចិន
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com