មុខរបរធ្វើព្រះភូមិ និងផើងផ្កាជួយឱ្យគ្រួសារលោក សន ចក់ មានជីវភាពល្អប្រសើរ
ជាតិ
មុខរបរធ្វើព្រះភូមិ និងផើងផ្កាជួយឱ្យគ្រួសារលោក សន ចក់ មានជីវភាពល្អប្រសើរ
04, Jul 2021 , 10:59 pm        
រូបភាព
សៀមរាប៖ ក្នុងបរិយាកាសស្ងៀមស្ងាត់នៅម្លប់ក្បែរផ្ទះ លោក សន ចក់ និងគ្រួសារ កំពុងរូតរះរៀបចំ ចាក់ពុម្ពដើម្បីដំឡើងព្រះភូមិ និងផើងផ្កា។ គ្រួសារមួយនេះ ចាប់ផ្តើមរបរជាលក្ខណៈគ្រួសារនេះប្រមាណ៥ឆ្នាំមកហើយ។ របរនេះបានជួយឱ្យគ្រួសារនៅជាយក្រុងសៀមរាប រស់នៅបានសុខស្រួល និងមានជីវភាពសមរម្យ។

 
ដំណាលរឿងផ្ទាល់ខ្លួន លោក សន ចក់ រៀបរាប់ថា ដើមឡើយលោកមានរបរជាជាងសំណង់ និងមានឱកាសបានស្គាល់កន្លែងធ្វើព្រះភូមិ និងផើងផ្កានេះ ពេលលោកឆ្លៀតរត់មុខឌុបប៉ុន្មានឆ្នាំមុន។ លោកបន្ថែមថា ដោយសារចង់ស្រឡាញ់ និងភាពអំណត់ ធ្វើឱ្យលោកចេះការងារនេះដោយងាយស្រួល តាមរយៈការមើលនិងអនុវត្តផ្ទាល់។ លោកបន្តថា៖« ដំបូងបន្ទាប់ពីធ្វើការសំណង់ចប់ ខ្ញុំតែងតែចំណាយពេលរត់ម៉ូតូឌុប នៅក្បែរកន្លែងគេធ្វើព្រះភូមិ ដើម្បីលួចពីរបៀបធ្វើ ហើយត្រឡប់មកផ្ទះវិញ ធ្វើតាម យូរៗទៅក៏ចេះ»។
 
យ៉ាងណាលោក សន ចក់ សារភាពថា ការធ្វើព្រះភូមិមួយៗ ពិតជាមានការលំបាកខ្លាំង​ ដ្បិតមានក្បូរក្បាច់រចនាច្រើន ដែលតម្រូវឱ្យយើងត្រង់ត្រាប់ និងអនុវត្តដដែលៗទើបឆាប់ចាប់បាន។ បន្ថែមពីព្រះភូមិនេះ លោក សន ចក់ ក៏ចេះធ្វើផើងផ្កាផងដែរ និងបានដាក់លក់នៅមុខផ្ទះ និងតូបដែលគ្រួសារលោក ទើបរៀបចំរួចកាលពីពេលថ្មីៗ។
 
គួរបញ្ជាក់ថា សិប្បកម្មធ្វើព្រះភូមិ និងផើងផ្ការបស់លោក សន ចក់ មានទីតាំងស្ថិតនៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប។ រាល់ថ្ងៃ លោកធ្វើបោះដុំឱ្យអតិថិជន និងមានលក់រាយផងដែរ ដែលព្រះភូមិមួយ អាចលក់ក្នុងតម្លៃចាប់ពី៥០ ទៅ១០០ដុល្លារ រីឯផើងផ្កា លក់បានចាប់ពី៥ពាន់ ទៅ៨ពាន់រៀល៕











Tag:
 សន ចក់
  សិប្បកម្ម
  ព្រះភូមិ
 ផើងផ្កា
© រក្សាសិទ្ធិដោយ thmeythmey.com