ជាតិ
ហេតុអ្វីមានការរៀបចំក្បាលមករ ជាទបង្ហូរទឹកក្នុងប្រាសាទ?
05, Jul 2021 , 8:29 am        
រូបភាព
សៀមរាប៖ កន្លងមក អ្នកបុរាណវិទ្យាបានពន្យល់រួចមកហើយ ពីវត្តមានសត្វមករ នៅតំបន់ប្រាសាទបេងមាលា ដែលគេប្រើជាប្រព័ន្ធបង្ហូរទឹកទាំងមូលក្នុងតំបន់នោះ។ តើវត្តមាននៃមករ នៅតាមប្រាសាទនានាក្នុងតំបន់អង្គរ ដែលគេរៀបចំជាទបង្ហូរទឹកវិញ តើមានអត្ថន័យបែបណា?

 
សូមស្ដាប់បទសម្ភាស រវាងអ្នកនាង អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប​ ​ជាមួយលោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖



 
អ្នកបុរាណវិទ្យា បានព្យាយាមពន្យល់ពីការរៀបចំក្បាលមករ ដែលតំណាងឱ្យទឹក ជាទបង្ហូរទឹកចេញពីក្នុងប្រាសាទ។ ការរៀបចំទី១ គឺជាទទឹកដែលបង្ហូរពីគ៌ភគ្រឹះ ដែលមានតម្កល់ព្រះសិវលិង្គ ឬបដិមាទេពផ្សេងៗ ដែលព្រាហ្មណ៍បានធ្វើពិធី មានស្រោចបូជាទឹកមន្តជាដើម។ ការរៀបចំទី២ គឺជាប្រព័ន្ធបង្ហូរទឹក ពីក្នុងប្រាសាទមកក្រៅ ដើម្បីធានាពីសុវត្ថិភាព និងភាពរឹងមាំរបស់ប្រាសាទ ព្រោះថា​បើពុំមានការរៀបចំប្រព័ន្ធបង្ហូរទឹកល្អទេ នោះវានឹងធ្វើឱ្យគ្រឹះប្រាសាទ ប្រឈមនឹងបញ្ហា។ល។ លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា នេះជាចំណុចស្លាប់រស់ របស់អ្នកអភិរក្ស និងជួសជុលប្រាសាទ ដែលត្រូវគិតគូរមុនគេ ពីបញ្ហាបណ្ដាញបង្ហូរទឹកក្នុងប្រាសាទនេះ។ 
 
ហេតុអ្វីទបង្ហូរទឹកមានរូបមករ? បុរាណវិទូ អ៊ឹម សុខរិទ្ធី ពន្យល់ថា វាត្រូវបានរៀបចំឡើងជាទម្រង់សិល្បៈផង និងក្នុងន័យសាសនាផង។ ក្នុងអារ្យធម៌ខ្មែរ សត្វមករ ជាសត្វតំណាងឱ្យទឹក។ ក្នុងន័យសាសនា ការរៀបចំនេះ ក៏ដើម្បីបន្សុទ្ធពីទឹកធម្មតាទៅជាទឹកមន្ត។ ទឹកដែលហូរស្រោចស្រព ពីឋានទេព (ប្រាសាទ) ធ្លាក់ចុះតាមទទឹកក្បាលមករ ក្លាយជាទឹកមន្ត ស្រោចស្រពតំបន់ភូមិឋានជុំវិញប្រាសាទ​៕

រូបមករ ប្រើជាទបង្ហូរទឹកតាមប្រាសាទ។ រូបភាព៖ លោក អ៊ឹម សុខរិទ្ធី៖

 








Tag:
 ​មករ
  អ៊ឹម សុខរិទ្ធី
  បុរាណវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com