COVID-19
ជាតិ
កូ​វីដ​-១៩៖ បាត់ដំបង ៥៧​នាក់ និង​៤៧​នាក់​នៅ​កំពង់ចាម ខណៈ​អ្នកស្លាប់​ដល់​ទៅ​៥​នាក់​
05, Jul 2021 , 4:03 pm        
រូបភាព
​ខេត្តបាត់ដំបង បន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៥៧​នាក់​ទៀត នៅ​ថ្ងៃទី​៤ ខែកក្កដា ខណៈ​អ្នកជា​សះស្បើយ​មានតែ​៣​នាក់​ប៉ុណ្ណោះ​។ ដោយឡែក​ខេត្តកំពង់ចាម ក៏មាន ៤៧​នាក់​បន្ថែម​ដែរ ខណៈ​អ្នក​សះស្បើយ​មាន ៤៣​នាក់ និង​អ្នក​ស្លាប់មាន​ដល់​ទៅ​៥​នាក់​។ ខេត្តព្រៃវែង ក៏មាន​៤២​នាក់​ដែរ ហើយ​ត្បូងឃ្មុំ​មាន ៣៥​នាក់​។ ខេត្តរតនគិរី និង​កំពង់ឆ្នាំង មាន ១៦​នាក់​រៀងខ្លួន ខណៈ​មណ្ឌលគិរី​មាន ១០​នាក់ និង​នៅ​ក្រចេះ​មាន ៦​នាក់​។



​បាត់ដំបង​៖ ករណី​ថ្មី ៥៧​នាក់ និង​៣​នាក់​បានជា​សះស្បើយ 

​មនុស្ស​ចំនួន ៥៧​នាក់ មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ខណៈ​អ្នកជំងឺ ៣​នាក់ បានជា​សះស្បើយ​។ ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង ៥៧​នាក់​នោះ មាន​២៦​នាក់​ជា​ករណី​នាំចូល​ពី​ប្រទេស​ថៃ​។ ពលរដ្ឋ​ដែល​រស់នៅ​ក្រុង​បាត់ដំបង​, ស្រុក​មោងឫស្សី​, រុក្ខ​គិរី​, សង្កែ​, ថ្មគោល​, ប​វេ​ល​, សំពៅ​លូន​, កំ​វៀង​, ឯក​ភ្នំ និង​ស្រុក​រតនមណ្ឌល​។ អ្នកជំងឺ​ម្នាក់​អា​អ្នក​រាជធានី​ភ្នំពេញ​, ២​នាក់​ជា​អ្នក​បន្ទាយមានជ័យ និង​ម្នាក់ទៀត​ជា​អ្នក​ខេត្តព្រៃវែង​។ បច្ចុប្បន្ន ខេត្តបាត់ដំបង មាន​អ្នក​កើត​កូ​វីដ​-១៩ សរុប ១១៧៦​នាក់ ក្នុងនោះ​៦១២​នាក់ បានជា​សះស្បើយ ៧​នាក់​ស្លាប់ និង​អ្នកជំងឺ ៥៥៧​នាក់ កំពុង​សម្រាក​ព្យាបាល​។​
 
​កំពង់ចាម​៖ ឆ្លង​ថ្មី ៤៧​នាក់ ៤៣​នាក់​សះស្បើយ និង​ស្លាប់​៥​នាក់​

​ពលរដ្ឋ​ចំនួន ៤៧​នាក់​ទៀត មាន​វិជ្ជមាន​កូ​វីដ​-១៩ និង​មាន​អ្នកជំងឺ​ចំនួន ៤៣​នាក់​បានជា​សះស្បើយ​។ ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង ៤៧​នាក់​នោះ មាន ២៤​នាក់​ជា​ពលរដ្ឋ​រស់នៅ​ស្រុក​ស្ទឹងត្រង់​, ១៥​នាក់​នៅ​ស្រុក​ជើងព្រៃ​, ៣​នាក់​នៅ​ស្រុក​កំពង់សៀម​, ២​នាក់​នៅ​ក្រុង​កំពង់ចាម ខណៈ​ស្រុក​ព្រៃឈរ និង​ស្រុក​បាធាយ​មាន​១​នាក់​រៀងខ្លួន​។ អ្នកជំងឺ​ម្នាក់ទៀត ជា​អ្នក​ខេត្តកណ្តាល​។  ​ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏​ទើប​ប្រកាសថា មាន​អ្នកជំងឺ ៥​នាក់ បាន​ស្លាប់​ដោយសារ​កូ​វីដ -១៩ នៅ​ចន្លោះ​ថ្ងៃទី​២ ដល់ទី​៤​កក្កដា​។ ក្នុងចំណោម​អ្នក​ទាំង ៥​នាក់​នេះ មាន​ស្ត្រី​អាយុ ៧២​ឆ្នាំ រស់នៅ​ភូមិ​ត្រ​កូន ឃុំ​ក្រឡា ស្រុក​កំពង់សៀម​។ អ្នកជំងឺ​រូបនេះ បាត់បង់​ជីវិត​នៅ​ថ្ងៃទី ២​កក្កដា​។ ស្ត្រី​មួយរូប​ទៀត អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ផៅ​ជុំ​កើត ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ​។ អ្នកជំងឺ​បាន​បាត់បង់​ជីវិត​នៅ​៣​កក្កដា​។ 
​ម្នាក់ទៀត​បាន​ស្លាប់​នៅ​២​កក្កដា គឺជា​ស្ត្រី វ័យ​៦៩​នាក់ រស់នៅ​ភូមិ​ស្វាយ​ពក ឃុំ​បាធាយ ស្រុក​បាធាយ​។ អ្នកស្លាប់​ម្នាក់ទៀត ជា​បុរស វ័យ ៤៣​ឆ្នាំ រស់នៅ​ភូមិ​វាល​ស្បូវ ឃុំ​អំពិល ស្រុក​កំពង់សៀម​។ អ្នកជំងឺ​រូបនេះ បាន​ស្លាប់​នៅ​ថ្ងៃទី ៣​ខែកក្កដា​។ ចំណែក​ករណី​ស្លាប់​ទី ៥ គឺជា​ស្ត្រី​វ័យ​៥២​ឆ្នាំ រស់នៅ​ភូមិ​ហាន់​ទ្វា ឃុំ​រំលង ស្រុក​តាំងគោក ខេត្តកំពង់ធំ ហើយ​គាត់​បាន​បាត់បង់​ជីវិត នៅ​ថ្ងៃទី​៤ ខែកក្កដា​។ 
​បច្ចុប្បន្ន មាន​អ្នកជំងឺ ១៦០៤​នាក់​ហើយ​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៧២៥​នាក់​ទៀត​។ អាជ្ញាធរខេត្ត​កំពង់ចាម មិន​បង្ហាញ​តួលេខ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប និង​ចំនួន​អ្នក​ដែល​បាន​ស្លាប់​ពាក់ព័ន្ធ​នឹង​កូ​វីដ​-១៩​នោះទេ នៅក្នុង​របាយការណ៍​ប្រចាំ​របស់ខ្លួន​។ 

​ព្រៃវែង​៖ មាន​៤២​នាក់​ទៀត ភាគច្រើន​នៅ​ស្រុក​ពាម​រក៍​

​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៤២​នាក់​នោះ មាន ១៤​នាក់ ជា​ពលរដ្ឋ​នៅ​ស្រុក​ពាម​រក៍ ខណៈ​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​ពាម​ជរ​មាន​៥​នាក់​រៀងខ្លួន​។ ពលរដ្ឋ​ស្រុក​ព្រះស្តេច​មាន ៤​នាក់ និង​ក្រុង​ព្រៃវែង ស្រុក​កំចាយមារ និង​ស្រុក​ពារាំង មាន​៣​នាក់​រៀងខ្លួន​។ អ្នកជំងឺ​២​នាក់​នៅ​ស្រុក​មេសាង ខណៈ​ស្រុក​បាភ្នំ ស៊ីធរ​កណ្តាល និង​ស្រុក​ក​ញ្ច្រៀ​ច​មាន ១​នាក់​រៀងខ្លួន​។ បច្ចុប្បន្ន ខេត្តព្រៃវែង រកឃើញ​អ្នក​កើត​កូ​វីដ​-១៩ ចំនួន ១៧៦៦​នាក់ ក្នុងនោះ​មាន​១២៧៥​នាក់ បានជា​សះស្បើយ ២៥​នាក់​បាន​ស្លាប់ និង​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល មាន​ចំនួន ៥៦៦​នាក់​។​

​ត្បូងឃ្មុំ​៖ មាន​៣៥​នាក់​បន្ថែម និង​១៣​នាក់​ជាសះស្បើយ​

​មនុស្ស ៣៥​នាក់​ទៀត បាន​ឆ្លង​កូ​វីដ​-១៩ និង​មាន​អ្នកជំងឺ ១៣​នាក់ បានជា​សះស្បើយ​។ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៣៥​នាក់​នោះ ភាគច្រើន​ជាង​កសិករ​។ ក៏មានដែរ​ព្រះសង្ឃ សិស្ស​, អាជីវករ ពលករ និង​បុគ្គលិក​ធនាគារ​។ អ្នក​វិជ្ជមាន​ទាំងនោះ មាន​អាសយដ្ឋាន​នៅ​ស្រុក​ត្បូងឃ្មុំ អូររាំងឪ ពញាក្រែក ក្រូចឆ្មារ តំបែរ និង​ស្រុក​មេមត់​។ 

​រតនគិរី​៖ ឆ្លង​ថ្មី ១៦​នាក់ និង​៤០​នាក់​ជាសះស្បើយ​

​អ្នកជំងឺ ៤០​នាក់ បាន​ជាះ​សះស្បើយ និង​អ្នក​ឆ្លង​ថ្មី​មាន​១៦​នាក់​បន្ថែម​។ ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង ១៦​នាក់​នោះ មាន​៧​នាក់​ជា​អ្នករស់នៅ​ក្រុង​បាន​លុង , ៥​នាក់​រស់នៅ​ស្រុក​វឺ​ន​សៃ​, ២​នាក់​នៅ​ស្រុក​កូន​មុំ និង​១​នាក់​នៅ​ស្រុក​អូ​រយ៉ា​ដាវ​។ អ្នកជំងឺ​ម្នាក់​ជា​ពលរដ្ឋ​នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ បច្ចុប្បន្ន ខេត្តរតនគិរី មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៥០៥​នាក់ ក្នុងនោះ​១០១​នាក់​បានជា​សះស្បើយ ស្លាប់​៤​នាក់ និង​អ្នកជំងឺ ៤៥០​នាក់​កំពុង​សម្រាក​ព្យាបាល​។ 

​កំពង់ឆ្នាំង​៖ មាន​១៦​នាក់​ទៀត  និង​ជាសះស្បើយ​២២​នាក់ 

​អ្នកជំងឺ​ចំនួន ២២​នាក់ បានជា​សះស្បើយ ប៉ុន្តែ​រកឃើញ​ករណី​វិជ្ជមាន​ថ្មី ១៦​នាក់​វិញ​។ ក្នុងចំណោម​ករណី​ថ្មី​ទាំង ១៦​នាក់​នេះ មាន ៦​នាក់​ជា​ពលរដ្ឋ​រស់នៅ​សង្កាត់​ប្អេ​រ​, ផ្សារឆ្នាំង និង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ៧​នាក់​រស់នៅ​ឃុំ​ពពេល ពន្លៃ និង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌​, ២​នាក់​នៅ​ឃុំ​ស្វាយជ្រំ និង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ និង​ម្នាក់ទៀត​រស់នៅ​ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច​។ បច្ចុប្បន្ន​ខេត្ត​កំពង់​ឆ្នាំ មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន ៦៧៣​នាក់ ក្នុងនោះ​៤០៥​នាក់ បានជា​សះស្បើយ ១៤​នាក់​ស្លាប់ និង​អ្នកជំងឺ​៣៥៤​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​។​

​មណ្ឌលគិរី​៖ ឆ្លង​ថ្មី ១០​នាក់ និង​ជាសះស្បើយ ១៤​នាក់​

​អ្នកជំងឺ​១៤​នាក់ បានជា​សះស្បើយ ខណៈ​អ្នក​ឆ្លង​កូ​វីដ​-១៩ បន្ថែម​មាន​១០​នាក់​។ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ១០​នាក់​នោះ​មាន ៥​នាក់​ជា​ពលរដ្ឋ​រស់នៅ​សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​។ អ្នកជំងឺ​៤​នាក់ នៅ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា និង​ម្នាក់​ជា​អ្នករស់នៅ​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​។ 

​ក្រចេះ​៖ មាន​៦​នាក់​បន្ថែម 
​ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង ៦​នាក់​នោះ មាន​៣​នាក់​ជា​ពលរដ្ឋ​រស់នៅ​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​, ២​នាក់ រស់នៅ​ឃុំ​សំបុក ស្រុក​ចិត្រ​បូរី​។ អ្នកជំងឺ​ម្នាក់ទៀត​រស់នៅ​ឃុំ​កំពង់​គរ ស្រុក​ព្រែក​ប្រសព្វ​។ 

ឧត្តរមានជ័យ៖ មាន១២០នាក់ ក្នុងនោះ ១០៩នាក់ នាំចូលពីថៃ
 
អ្នកវិជ្ជមានកូវីដ-១៩ មានចំនយន ១២០នាក់បន្ថែមទៀត ក្នុងនោះមាន១០៩នាក់ ជាករណីនាំចូលពីថៃ។ ទន្ទឹមនឹងនេះ ក៏មានអ្នកជំងឺ ៣៣នាក់ បានជាសះស្បើយដែរ។  ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១២០នាក់នោះ មានពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ ត្បូងឃ្មុំ ព្រៃវែង ពោធិ៍សាត់ កំពត កណ្តាល កោះកុង និងខេត្តតាកែវ​។ បច្ចុប្បន្ន ឧត្តរមានជ័យ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩២៣នាក់ ក្នុងនោះ ៨២០នាក់ជាករណីនាំចូល។ អ្នកជំងឺចំនួន ១៦២នាក់ បានជាសះស្បើយ ៣នាក់ស្លាប់ និង៧៥៨នាក់ទៀត កំពុងសម្រាកព្យាបាល។
 
កំពត៖ មាន១១០នាក់ទៀត និង១នាក់ស្លាប់
 
​អ្នកវិជ្ជមានថ្មី នៅខេត្តកំពត មាន១១០នាក់ និងមានអ្នកស្លាប់ ម្នាក់បន្ថែមទៀតដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មី ភាគច្រើនជាកម្មកររោងចក្រ ហើយក្រៅពីនេះ មានអាជីវករ សិស្ស មេផ្ទះ និងកសិករជាដើម។ អ្នកដែលមានវិជ្ជមាន គឺជាអ្នករស់នៅ ក្រុងកំពត, ស្រុកទឹកឈូ កំពង់ត្រាច ឈូក ដងទង់ អង្គរជ័យ និងស្រុកបន្ទាយមាស។ អ្នកជំងឺមួយចំនួនជាអ្នករស់នៅខេត្តកំពង់ឆ្នាំង កោះកុង ព្រៃវែង ព្រះសីហនុ កំពង់ស្ពឺ និងកំពង់ធំ។  ចំណែកឯករណីស្លាប់ គឺជាស្ត្រីវ័យ ៧២ឆ្នាំ រស់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត។ 
 
កោះកុង៖ ឆ្លងថ្មី ៩៧នាក់ និងជាសះស្បើយ ៣១២នាក់
 
អ្នកជំងឺ ៣១២នាក់ បានជាសះស្បើយ ខណៈករណីឆ្លងថ្មី មាន៩៧នាក់។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីនេះ មាន ៧៥នាក់ជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ ហើយក្រៅពីនេះ ជាអ្នកស្រុកអំបិល​។
 
សៀមរាប៖ មាន៩១នាក់បន្ថែម និងស្លាប់២នាក់
មនុស្ស ៩១នាក់​ទៀតមានវិជ្ជមាន​កូវីដ-១៩ ក្នុងនោះនាំចូលពីប្រទេសថៃ ១៣ករណី។ ជា​មួយគ្នានេះ ​មានអ្នកជំងឺ ១៨នាក់បន្ថែមបានជាសះស្បើយ និងអ្នកស្លាប់មាន២នាក់ទៀត ។​ អ្នកវិជ្ជមាន មាននៅក្រុងសៀមរាប ស្រុកជីក្រែង សូទ្រនិគម ប្រាសាទបាគង ក្រឡាញ់ ពួក អង្គរជុំ និងស្រុកស្រីស្នំ។ អ្នកជំងឺម្នាក់ មានអាសយដ្ឋាននៅខេត្តកំពង់ធំ។ ចំពោះករណីស្លាប់ គឺជាស្ត្រីវ័យ ៤០ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ ចំណែកម្នាក់ជាទៀតជាស្ត្រីវ័យ​៦៧ឆ្នាំ រស់នៅភូមិអូររបង សង្កាត់មេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
 ​
គិតត្រឹមថ្ងៃទី៤​កក្កដា ខេត្តសៀមរាប មានអ្នកវិជ្ជមាន​កូវីដ-១៩ ចំនួន ១,៥០៨នាក់ ក្នុងនោះ៥៨០នាក់ បាន​សះស្បើយ ១៧នាក់ស្លាប់​ និង៩១១នាក់ កំពុងសម្រាកព្យាបាល។
កំពង់ធំ៖ ករណីថ្មី ២២នាក់ និងសះស្បើយ ៣៣នាក់ 
 
អ្នកជំងឺចំនួន ៣៣នាក់ បានជាសះស្បើយ ខណៈករណីថ្មីមាន ២២នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២២នាក់នោះ មានពលរដ្ឋដែលរស់នៅក្រុងស្ទឹងសែន , ស្រុកបារាយណ៍ សន្ទុក សណ្តាន់ ស្ទោង និងស្រុកតាំងគោក។ ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប១,០១៨នាក់ គិតត្រឹមថ្ងៃទី៤កក្កដា ដោយក្នុងនោះមាន៤៩៩នាក់ បានជាសះស្បើយ ស្លាប់១៣នាក់ និង៣០៩នាក់ទៀត កំពុងសម្រាកព្យាបាល។ 
 
ស្ទឹងត្រែង៖ មាន១៧នាក់ទៀត និងជាសះស្បើយ ២នាក់
ក្នុងចំណោមអ្នកវិជ្ជមានទាង ១៧នាក់នោះ គឺជាអ្នកដែលរស់នៅក្រុងស្ទឹងត្រែងទាំងអស់ ហើយក្នុងនោះមាន៩នាក់ នៅមូលដ្ឋានចម្ការកៅស៊ូ-ឃ្លាំងឈ្មោះតាញ៉ា ចំណុចអូរពងមាន់ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។ ក្រោយរកឃើញការរាលដាលកូវីដ-១៩ អាជ្ញាធរ បានសម្រេចបិទទីតាំង មូលដ្ឋានចម្ការកៅស៊ូ-ឃ្លាំងឈ្មោះតាញ៉ាបណ្តោះអាសន្នផងដែរ។  នៅខេត្តស្ទឹងត្រែង ក៏មានអ្នកជំងឺ ២នាក់បានជាសះស្បើយដែរ។ គិតត្រឹមថ្ងៃតី ៤កក្កដា ខេត្តនេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ៣២១នាក់ ក្នុងនោះជាសះស្បើយ ២៣នាក់ និង ២៩៨នាក់ ទៀត កំពុងសម្រាកព្យាបាល។ 
 
ព្រះវិហារ៖ មាន៣នាក់បន្ថែមទៀត 
 
ក្នុងចំណោមអ្នកឆ្លងថ្មី ទាំង៣នាក់ មាន២នាក់ជាពលរដ្ឋរស់នៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ និង១នាក់ទៀត ជាអ្នកដែលធ្វើដំណើរពីខេត្តកំពង់ធំ។ គិតត្រឹមថ្ងៃទី​៤ ខែ​កក្កដា ​​​​​​​​​ខេត្តព្រះវិហារ ​រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៥២នាក់ ក្នុងនោះ៤៤នាក់ បាន​ជាសះស្បើយ និង១០៨នាក់ទៀតកំពុងសម្រាកព្យាបាល។

ករណី​ទូទាំងប្រទេស​៖ ឆ្លង​ថ្មី ៨៩៦​នាក់ ជាសះស្បើយ ៦៤៦​នាក់ និង​ស្លាប់​២៨​នាក់​
​មនុស្ស​ចំនួន ៨៩៦ នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ ២១០​នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន ៦៤៦ នាក់​បន្ថែម និង​អ្នកជំងឺ ២៨​នាក់​ទៀត​បាន​ស្លាប់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៥ ខែកក្កដា​នេះ​។ មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៥៥ ១៨៧ នាក់ ក្នុងនោះ​៣ ៣៤០ នាក់​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៤៧ ៣៨៦ នាក់ និង​ស្លាប់​សរុប ៧៤៨​នាក់​៕


 
 

Tag:
 ​បាត់ដំបង​
  កំពង់ចាម​
  ព្រៃវែង​
 ​ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com