ជាតិ
ករណីពិសេស សម្តេច ហ៊ុន សែន អនុញ្ញាតឲ្យបុរសចិន យកតោឈ្មោះ «ហ៊ីម៉ា» ទៅចិញ្ចឹមវិញ
05, Jul 2021 , 11:05 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យបុរសជនជាតិចិន យកតោរបស់ខ្លួនទៅចិញ្ចឹមវិញ ក្រោយបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។



«ក្រោយក្តាប់បានរឿងសត្វតោ»។ សម្តេច ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីយប់ថ្ងៃទី៤ ខែកក្កដា ដោយបានណែនាំថា ម្ចាស់ត្រូវគោរពលក្ខខណ្ឌ ដូចជាធ្វើទ្រុងឲ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាព ទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។

ទាក់ទងនឹងការសម្រេចជាពិសេសនេះ ប្រមុខរដ្ឋាភិបាល បានសរសេរថា៖ «អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ»។

អត្ថបទទាក់ទង


ក្រោយការសម្រេចរបស់សម្តេច ហ៊ុន សែន ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Qi Xiao» ដែលត្រូវបានគេជឿថា ជាបុរសចិន ម្ចាស់តោ បានសរសេរអរគុណចំពោះការគាំទ្រសត្វតោឈ្មោះ ហ៊ីម៉ារបស់ខ្លួន។ ម្ចាស់តោរូបនោះ បានអះអាងថា ខ្លួនមានអារម្មណ៍កក់ក្តៅដែលបានរស់នៅកម្ពុជា។ «ជាចុងក្រោយសុំជូនពរឱ្យកម្ពុជា និងចិនជាមិត្តដែកថែបជារៀងរហូត»។

នៅលើប្រអប់បញ្ចប់មតិ សម្តេច ហ៊ុន សែន បានឆ្លើយតបវិញថា៖ «ប្រហែលលោកជាម្ចាស់នៃសត្វតោដែលខ្ញុំគួរតែបញ្ជាក់ថានេះជាករណីយពិសេសដោយលោកបានចិញ្ចឹមតោនេះតាំងពីតូចរហូតធំដែលតោនេះប្រៀបដូចជាសមាជិកគ្រួសារទៅហើយទើបអនុញ្ញាតជាករណីយពិសេសឲ្យលោកយកទៅចិញ្ចឹមវិញ។ដូចការបញ្ជាក់របស់ខ្ញុំសូមលោកធ្វើទ្រុងឱយបានល្អដើម្បីសុវត្តិភាពមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាងនិងក៍ត្រូវគិតដល់សុខភាពនៃតោផងដែរ»។




បុរសជនជាតិចិនដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ ត្រូវអាជ្ញាធររកឃើញចិញ្ចឹមតោមួយក្បាលដោយខុសច្បាប់ នៅក្នុងផ្ទះវីឡាមួយកន្លែងក្នុងភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ដំបូងឡើយ បុរសជនជាតិចិននេះ  បានចិញ្ចឹមសត្វតោនោះ នៅប្រទេសចិន។ ប៉ុន្តែក្រោយពីបុរសចិនរូបនេះ មករស់នៅកម្ពុជា រូបគេក៏បាននាំសត្វតោនោះ មកចិញ្ចឹមដោយមិនបានសុំការអនុញ្ញាតពីរដ្ឋបាលព្រៃឈើឡើយ។

សត្វតោដែលមានទម្ងន់ជាង៧០គីឡូក្រាមនោះ ត្រូវបានរដ្ឋបាលព្រៃឈើភ្នំពេញ នាំយកទៅរស់នៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ ក្រោយមក អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បង្ហាញការអាណិតចំពោះសត្វតោ ហើយទាមទារឲ្យនាំយកវាទៅម្ចាស់វិញ។
 
យោងតាមច្បាប់ស្តីពីព្រៃឈើ មាត្រា៩៦ បានចែងថា ជនណាដែលចិញ្ចឹម បង្កាត់ពូជប្រភេទសត្វព្រៃក្នុងក្រុមជិតផុតពូជ និងប្រភេទសត្វព្រៃក្នុងក្រុមមានដោយកម្រ ជននោះនឹងត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើ គិតជាទឹកប្រាក់ពី ២ ទៅ៣ដង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ៕




© រក្សាសិទ្ធិដោយ thmeythmey.com