COVID-19
អន្តរជាតិ
ទិវាឯករាជ្យអាមេរិក​ លោក បៃឌិន ថា ជំងឺកូវីដ-១៩ នឹងមិនបាត់មុខឆាប់ៗឡើយ
05, Jul 2021 , 3:29 pm        
រូបភាព
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី៤ ខែកក្កដា បានព្រមានប្រជាជនខ្លួនថា ជំងឺកូវីដ-១៩ នឹងមិនត្រូវលុបបំបាត់បានភ្លាមៗឡើយ លុះត្រាតែប្រជាជនអាមេរិក ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។ បើតាមលោកប្រធានាធិបតី ប្រជាជន គួរតែទៅចាក់វ៉ាក់សាំង ដើម្បីគ្រួសារ សហគមន៍ និងប្រទេសជាតិ។

 
ក្នុងសុន្ទរកថាដើម្បីអបអរទិវាឯករាជ្យជាតិអាមេរិក នៅថ្ងៃទី៤ ខែកក្កដា លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រៀបធៀបការទទួលបានឯករាជ្យកាលពីជាង ២៤៥ឆ្នាំមុន និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។​ លោក បៃឌិន អះអាងថា ពេលនេះ អាមេរិក កាន់តែកៀកថ្ងៃប្រកាសឯករាជ្យម្តងទៀតពីជំងឺកូវីដ-១៩ ដែលបានរាលដាលនៅទូទាំងសកលលោក។ 
 
បើទោះអះអាងថាជិតដល់ថ្ងៃទទួលជ័យជម្នះក្តី លោកប្រធានាធិបតី បានបន្តថា អាមេរិក នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើដើម្បីបញ្ចប់ជំងឺឆ្លងសកលមួយនេះ។ 
 
«ជំងឺកូវីដ-១៩ មិនទាន់ត្រូវបានបញ្ចប់ឡើយ»។ លោកបៃឌិន បានព្រមានបែបនេះទៅកាន់ប្រជាជនអាមេរិក ដោយបន្ថែមថា ជំងឺឆ្លងសកលមិនអាចបញ្ចប់ ដោយសារតែវីរុសដែលបង្កជាជំងឺកូវីដ-១៩ មានទម្រង់ថ្មីៗជាច្រើន បានលេចឡើង និងបង្កហានិភ័យកាន់តែធ្ងន់។ ក្នុងន័យនេះ មេដឹកនាំអាមេរិក បានជំរុញឱ្យប្រជាជនខ្លួនទៅទទួលវ៉ាក់សាំងបង្ការទាំងអស់គ្នា ដើម្បីទប់ស្កាត់ជំងឺឆ្លង ក៏ដូចជាការពារមនុស្សដែលខ្លួនស្រលាញ់។ 
 
ក្នុងឱកាសដដែលនោះ លោកប្រធានាធិបតី ក៏បានបញ្ជាក់ផងដែរថា វ៉ាក់សាំងកូវីដ-១៩ បានធ្វើឱ្យអាមេរិក មានកម្លាំងជាងមុខ ក្នុងការទប់ស្កាត់កូវីដ-១៩ ក៏ដូចជាអាចបើកអាជីវកម្ម ហាងទំនិញ និងកន្លែងមួយចំនួន។ 
 
តាមទិន្នន័របស់ Our World in Data អាមេរិក បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យប្រជាជនខ្លួនយ៉ាងហោចណាស់ជាង ៣៣០ លានដូស ដោយក្នុងនោះប្រជាជនអាមេរិក ប្រមាណ ១៥៧លាននាក់ ឬ ៤៧,៨ភាគរយ បានទទួលវ៉ាក់សាំងពេញលេញ។ យ៉ាងណាមិញ ចំនួននេះ មិនអាចឈានដល់គោលដៅរបស់លោកបៃឌិន ដែលបានប្រកាសនាពេលកន្លងមកឡើយ។ 
 
គួររំលឹកថា នៅដើមខែឧសភាកន្លងទៅ លោកប្រធានាធិបតី បានដាក់គោលដៅចាក់វ៉ាក់សាំងឱ្យបានពេញលេញ ដល់ប្រជាជនខ្លួនបានយ៉ាងហោចណាស់ ១៦០លាននាក់ មុនទិវាឯករាជ្យជាតិអាមេរិក។
 
មកទល់ពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅអាមេរិក ហាក់ល្អប្រសើរខ្លាំង បើធៀបនឹងដើមឆ្នាំ២០២១ កន្លងមក។ នៅថ្ងៃទី៤ ខែកក្កដា អាមេរិកមានករណីឆ្លងធ្លាក់មកត្រឹម ៤ពាន់ករណីប៉ុណ្ណោះ បើធៀបនឹងដើមឆ្នាំ២០២១ ដែលមានករណីឆ្លងរហូតដល់ ជាង២០ម៉ឺនករណី។ នៅក្នុងតំបន់ខ្លះ ប្រជាជនអាមេរិក ដែលចាក់វ៉ាក់សាំងរួច មិនចាំបាច់ពាក់ម៉ាស់ឡើយ។ 
 
ករណីឆ្លងជំងឺកូវីដ-១៩ សរុបរបស់អាមេរិក មានចំនួន ជាង ៣៤លានករណី និងអ្នកស្លាប់មានជាង ៦២ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ជាង ២៩លាននាក់៕
 
 

Tag:
 អាមេរិក
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com