កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ Hamilton ថា Verstappen កាន់តែទៅមុខឆ្ងាយហើយក្រោយឈ្នះ៣លើកជាប់គ្នា
05, Jul 2021 , 7:19 pm        
រូបភាព
Max Verstappen ឈ្នះការប្រណាំង Formula One ជាលើកទី៥ និង៣លើកជាប់ៗគ្នារដូវកាលនេះ ក្នុងកម្មវិធី Austrian Grand Prix ប្រទេសអូទ្រីសនៅថ្ងៃទី៤ ខែកក្កដា។ ម្ចាស់ការពារតំណែងជើងឯក Lewis Hamilton ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ សារភាពថា ក្រុម Mercedes របស់ខ្លួន កំពុងឃ្លាតពិន្ទុកាន់តែឆ្ងាយពីក្រុម Red Bull។


អ្នកប្រណាំងសញ្ជាតិហូឡង់ដែលបើកបរឱ្យក្រុម Red Bull សម្រេចទីមុនគេដោយប្រើថេរវេលា ១ម៉ោង ២៣នាទី និង៥៤វិនាទី តាមពីក្រោយដោយ Valtteri Bottas របស់ក្រុម Mercedes ខណៈ Lando Norris របស់ McLaren ទទួលបានចំណាត់ថ្នាក់ទី៣។
 
ក្រោយរកបានជ័យជម្នះទី៥ ក្នុងការប្រណាំង៩លើក Verstappen បង្ហាញភាពលេចធ្លោកាន់តែខ្លាំងឡើងនិងមានភាគរយខ្ពស់ក្នុងការប្រជែងជើងឯក F1 រដូវកាល ២០២១នេះ ក្រោយកើនពិន្ទុនាំមុខគូប្រជែង Hamilton ចំនួន៣២ពិន្ទុ។
 
Verstappen កើនពិន្ទុសរុបដល់១៨២ពិន្ទុ ឈរលេខ១បណ្តោះអាសន្នក្នុងតារាង F1 តាមពីក្រោយដោយអ្នកប្រណាំងអង់គ្លេស Hamilton ដែលបើកឱ្យ Mercedes រកបាន១៥០ពិន្ទុ។ Sergio Perez មិត្តរួមក្រុម Red Bull នៅលេខ៣មាន១០៤ពិន្ទុ។


 
ក្រោយ Verstappen ទទួលបានជ័យជម្នះផ្ទួនៗនៅការប្រណាំងចុងក្រោយ Hamilton ម្ចាស់ជើងឯក F1 ៧សម័យសារភាពថា គូប្រជែងដ៏លេចធ្លោរបស់ខ្លួនរូបនេះ កំពុងធ្វើដំណើរទៅមុខឆ្ងាយៗទៅហើយ។ ក្នុងការប្រណាំង២ខែចុងក្រោយ Hamilton ដែលធ្លាប់ឈ្នះ៣លើករដូវកាលនេះ អាក់ខានទទួលបានពិន្ទុជាច្រើន ក្រោយបញ្ចប់ត្រឹមចំណាត់ថ្នាក់ទី២ និងក្រោមៗនេះជារឿយៗ។
 
ដោយឡែកផ្នែកគ្រឿងម៉ាស៊ីន ក្រុម Red Bull បន្តកើនពិន្ទុនាំមុខ Mercedes ចំនួន៤៤ពិន្ទុ។ Red Bull រកបាន២៨៦ពិន្ទុពីការប្រណាំង៩លើក ខណៈ Mercedes មាន២៤២ពិន្ទុ។ ក្រុម McLaren-Mercedes ស្ថិតនៅចំណាត់ថ្នាក់ទី៣ កើនបាន១៤១ពិន្ទុ។
 
ការប្រណាំងនៅទីលានទី១០ នឹងធ្វើឡើងក្នុងប្រទេសអង់គ្លេស ក្នុងកម្មវិធី Brithish Grand Prix នាថ្ងៃទី១៨ ខែកក្កដា៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com