ជាតិ
រថយន្ត
ឡានCITROËN ប្រភេទDS ម៉ូឌែល20 ឆ្នាំ១៩៦៩ មួយគ្រឿង នៅមានពណ៌ដើមទាំងស្រុង
05, Jul 2021 , 7:39 pm        
រូបភាព
ភ្នំពេញ៖ រថយន្ត ម៉ាក CITROËN (ស៊ីត្រូអ៊ែន) ប្រភេទ DS ម៉ូឌែល20 ផលិតឆ្នាំ១៩៦៩ មួយគ្រឿង នៅរក្សាបាននូវព័ត៌មានដើមទាំងស្រុង គឺដំបូលស តួជុំវិញពណ៌លឿង និងផ្នែកខាងក្នុងពណ៌ក្រហម។ កាលពី៥០ឆ្នាំមុន គឺជាប្រភេទរថយន្ដមួយដ៏ប្រជាប្រិយណាស់នៅទ្វីបអឺរ៉ុប ដោយសាររូបរាងដ៏ប្លែករបស់វា។ សូម្បីតែលោកប្រធានាធិបតីបារាំង GAULLE Charles ដែលធ្លាប់ធ្វើទស្សនកិច្ចមកប្រទេសកម្ពុជា ឆ្នាំ១៩៦៦ ក៏មាន CITROËN DS មួយគ្រឿងដែរ។ រថយន្តនេះ ត្រូវបាននាំចូលពីប្រទេសបារាំង កាលពីឆ្នាំ ២០១៩ ដោយហាងលក់រថយន្ដ HBH នៅរាជធានីភ្នំពេញ។

 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ
 
 
អក្សរ DS អានថា [deɛs] ដូចពាក្យបារាំង déesse ដែលមានន័យថាទេពធីតា។  ចាប់តាំងពីឆ្នាំ២០១៤ DS គឺជាម៉ាកតែម្ដង បង្កើតឡើងដោយក្រុមហ៊ុន CITROËN។ រថយន្ដ CITROËN ប្រភេទ DS ត្រូវបានផលិតប្រមាណជិត ១.៥លានគ្រឿង ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ នៅតាមរោងចក្រនានានៅទ្វីបអឺរ៉ុប ដូចជាប្រទេសបារាំង បែលហ្ស៊ិក អង់គ្លេស និងព័រទុយហ្កាល់។
 
ប្រទេសកម្ពុជា ក៏ធ្លាប់មានរោងចក្រផលិតឡានរបស់ CITROËN ដែរ ដែលកាលណោះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនខ្មែរផលិតរថយន្ត ហៅកាត់ថា SKMA (Société Khmère de Montage Automobile)។ រោងចក្រនេះដំឡើងរថយន្ដ CITROËN ប្រភេទ 2 Chevaux ពីឆ្នាំ១៩៥៨ រហូតដល់ឆ្នាំ១៩៦២ នៅខេត្តព្រះសីហនុ ក្រោមការគ្រប់គ្រងរបស់លោក DESRUES Georges។ ទោះយ៉ាងណា ក្រោយសង្គ្រាមមិនមានសេសសល់រថយន្តម៉ាក CITROËN ដែលដំឡើងនៅកម្ពុជានោះទេ។ សូមជម្រាបដែរថា ទីតាំងចែកចាយរថយន្ដ CITROËN នៅរាជធានីភ្នំពេញនាសម័យសង្គមរាស្ត្រនិយម គឺលើវិថីព្រះវិហារ (ផ្លូវ៨២) សង្កាត់ស្រះចក ខណ្ឌដូនពេញ។ សព្វថ្ងៃនេះ គេនៅឃើញឈ្មោះ CITROËN នៅជាប់នឹងអគារនេះនៅឡើយ ប៉ុន្តែវាបានក្លាយជាទៅជាហាងកាហ្វេ និងបន្ទប់ជួលវិញ។
 


 
 
ក្រុមហ៊ុន CITROËN ក៏បានផ្ដល់ម៉ាស៊ីនសម្រាប់រថយន្ដម៉ាក Angkor ផលិតមុនសង្គ្រាម នៅខេត្តបាត់ដំបងដែរ។ ក្រុមហ៊ុន CITROËN ត្រូវបានបង្កើតឡើង នាឆ្នាំ១៩១៩ នៅប្រទេសបារាំង ដោយលោក CITROËN André។ សព្វថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ក្រុមសម្ព័ន្ធ PSA៕




 

Tag:
 រថយន្ត
 យានយន្ត
  ឡាន
  CITROËN
© រក្សាសិទ្ធិដោយ thmeythmey.com