ដោយ៖ជា យូគៀង
ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Euro 2020 នាវេលាម៉ោង២អាធ្រាត្រនៅកីឡដ្ឋាន Wembley យប់នេះ ចាប់ផ្តើម ដោយ ជំនួបរវាងអ៊ីតាលី ដែលក្រុមមិនទាន់ស្គាល់ចាញ់៣២ប្រកួតជាប់គ្នា ជាមួយម្ចាស់ជើងឯក៣សម័យកាល អេស្ប៉ាញ។
នាប្រកួតវគ្គ៨ក្រុមចុងក្រោយ អ៊ីតាលី បានទម្លាក់បែលហ្សិកក្នុងលទ្ធផល ២-១ ខណៈ អេស្ប៉ាញ ទម្លាក់ស្វីស ដែលមានគ្នា១០នាក់ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៣-១ ក្រោយប្រកួត១២០នាទីស្មើគ្នា ១-១ ។
នេះជាជំនួបទី៧របស់ក្រុមទាំងពីរ ក្នុងព្រឹត្តិការណ៍ Euro ដោយ ៦ប្រកួតមុនពួកគេធ្លាប់ជួបគ្នានៅវគ្គជម្រុះចំនួន៤ដង ពីឆ្នាំ១៩៨០ ដល់កាលឆ្នាំ២០១២។ អេស្ប៉ាញបានប្រើចង្វាក់ Tiki-Taka យកឈ្នះអ៊ីតាលី ៤-០ ហើយបានលើកពានជាលើកទី៣ ក្នុងប្រវត្តិសាស្រ្ត និងឆ្នាំ ២០១៦ អ៊ីតាលីទម្លាក់វិញនៅវគ្គ១៦ក្រុម។ ៦ជំនួបនោះក្រុមទាំង២ ឈ្នះ២ ស្មើ២ និងចាញ់២ដូចគ្នា។
សម្រាប់អ៊ីតាលីដែលដឹកនាំដោយលោក Roberto Mancini កីឡាករ Spinazzola របួសសរសៃពួរមិនអាចជួយក្រុមខណៈខ្សែការពារ Alessandro Florenzi មិនទាន់អាចជួយក្រុមបាននៅឡើយ ចំណែកតំបន់ប្រយុទ្ធគឺមិនមែនបញ្ហាដោយកីឡាករ Ciro Imobile, Lorenzo Insigne មានទម្រង់លេងយ៉ាងល្អដោយអមដោយខ្សែបម្រើ Emerson; Barella, Jorginho, Verratti និងរនាំងការពារដ៏រឹងមាំ Di Lorenzo, Bonucci, Chiellini ។
ចំពោះអេស្ប៉ាញវិញ កីឡាករដែលទំនងមិនទាន់អាចជួយក្រុមបានមានអ្នកចាំទី Devid De Gea, Pablo Sarabia, Jose Gaya រីឯ Aymeric Laporte មិនទាន់ច្បាស់លាស់នៅឡើយ ខណៈកីឡាករផ្សេងទៀត មានទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់លោក Luis Enrique ដោយ Morata និង Ferran Torres ជាខ្សែប្រយុទ្ធល្អដែលគាំទ្រពីខ្សែបម្រើឆ្នើមជាច្រើនដូចជា Koke, Busquets, Pedri, និង Gerard Moreno ចំណែក ខ្សែការពារវិញរួមមាន Azpilicueta, García, Laporte, Alba។
ក្រុមដែលទទួលបានជ័យជម្នះ ត្រូវបន្តរង់ចាំមើលលទ្ធផលនៃជំនយបរវាងអង់គ្លេស និងដាណឺម៉ាក សម្រាប់វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១១ ខែកក្កដា៕