ជាតិ
សង្គមជាតិ
អភិបាលខេត្តកណ្តាល៖ ការចាក់ថ្មចូលទន្លេនៅអរិយក្សត្រ ស្របតាមគម្រោងអភិវឌ្ឍក្រុមហ៊ុន ឃុន សៀ
06, Jul 2021 , 4:29 pm        
រូបភាព
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
ពលរដ្ឋ ងឿងឆ្ងល់ខ្លាំង ចំពោះសកម្មភាពចាក់ថ្មនៅក្នុងទន្លេ ក្បែរត្រើយកំពង់ចម្លងអរិយក្សត្រ ខេត្តកណ្ដាល ។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ពន្យល់ថា ការចាក់ថ្មចូលក្នុងទន្លនេះ ធ្វើឡើងតាមគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនវិនិយោគមួយ នៅលើផ្ទៃដីប្រមាណ៧០ហិកតា។



រដ្ឋាភិបាល បានសម្រេចជួលដី៧០ហិកតា នៅភូមិសាស្ត្រអរិយក្សត្រទៅឱ្យក្រុមហ៊ុនឯកជនមួយឈ្មោះ ឃុន សៀ ឌីវើឡុកមិន ក្នុងការអភិវឌ្ឍតំបន់នេះ ឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងខុនដូ... ជាដើម។ លោកគង់ សោភ័ណ្ឌ បានថ្លែងប្រាប់សារព័ត៌មានThmeyThmeyតាមទូរសព្ទ នាព្រឹកថ្ងៃទី៦កក្កដាថា ការចាក់ថ្ម ឬចាក់គ្រឹះ នៅក្នុងទន្លេនេះ គឺជាការចាប់ផ្តើមនៃការអភិវឌ្ឍមួយ ដែលមានទម្រង់ប្រហាក់ប្រហែលនឹងមជ្ឈមណ្ឌលកោះពេជ្រ ឬទៅតាមកន្លែងអភិវឌ្ឍនានាដែរ។
 
អភិបាលខេត្តរូបនេះ បានបញ្ជាក់ថា ការចាក់ថ្មចូលក្នុងទន្លេនេះ គឺមានការសិក្សាពីអ្នកជំនាញផ្នែកបរិស្ថានគ្រប់ស្ថាប័នហើយ ដើម្បីធានាមិនឱ្យខូចខ្សែទឹកទន្លេឡើយ។ លោកបានបន្ថែមដូច្នេះ៖«ការអនុវត្តរបស់ក្រុមហ៊ុនវិនិយោគនេះ ធ្វើឡើងតាមគម្រោងអភិវឌ្ឍដែលទទួលបានអនុញ្ញាតពីអាជ្ញាធរ ក៏ដូចជាពីរដ្ឋាភិបាល»។ 
 
លោក គង់ សោភ័ណ្ឌ ចាត់ទុកសកម្មភាពចាក់ថ្មចូលទន្លេនេះ ជាការកំពុងតែអភិវឌ្ឍដែលធ្វើឱ្យមានកំណើនការងារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋ រួមទាំងភាពរីកចម្រើនរបស់ប្រទេសជាតិ។  
 
ពាក់ព័ន្ធនឹងការចាក់ថ្មពីសំណាក់ក្រុមហ៊ុនវិនិយោគ ដែលទទួលបានអនុញ្ញាតពីរដ្ឋាភិបាលនេះ លោក សៅ សារ៉ាង មេភូមិវត្តខ្សាច់ ឃុំអរិយក្សត្រ បានលើកឡើងថា ការចាក់ថ្មនេះ គឺវាស្ថិតនៅតាមច្រាំងទន្លេ តែប៉ុណ្ណោះ ពោលគឺមិនមែនពង្រីកដីចូលទន្លេ ។ «ពីមុន[ទឹកស្រក] ទីតាំងដែលគេចាក់ថ្មហ្នឹង យើងមើលឃើញថ្មដែលក្រុមហ៊ុនចាក់ហ្នឹង គឺនៅត្រឹមច្រាំងទន្លេប៉ុណ្ណោះ ប៉ុន្តែរហូតដល់ពេលទឹកឡើងនេះ ថ្មដែលគេចាក់ហ្នឹង យើងមើលឃើញថា ដូចគេចាក់នៅចូលទន្លេដែលនៅឆ្ងាយខ្លាំងច្រាំងអ៊ីចឹង។ តាមពិតគេនៅតាមច្រាំងទន្លេ ទៅតាមការគម្រោងអភិវឌ្ឍរបស់គេទេ»។ លោក សៅ សារ៉ាង បាននិយាយប្រាប់សារព័ត៌មានThmeyThmey យ៉ាងខ្លីដូច្នេះ។ 


 
ចំពោះការលេចរូបរាងនៃការអភិវឌ្ឍនៅតំបន់នៅភូមិសាស្រ្តអរិយក្សត្រ ដោយមានការចាក់ថ្មចូលទន្លេនេះ គឺជារឿងមួយដែលគួរឱ្យភ្ញាក់ផ្អើលណាស់  ខណៈរដ្ឋាភិបាលឬអាជ្ញាធរ មិនដែលបង្ហាញដល់សាធារណជន។ លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា បានលើកឡើងថា ការផ្តើមអនុវត្តគម្រោងអភិវឌ្ឍនៅតាមតំបន់ សូម្បីតែប្រជាពលរដ្ឋមូលដ្ឋាន ក៏មិនដឹងដែរនោះ អាចបណ្តាលមកពីរដ្ឋាភិបាលពុំបានសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយនៃផលប៉ះពាល់នានាទៅលើបរិស្ថាន។ 
 
លោក ហេង គីមហុង មានការព្រួយបារម្ភជាខ្លាំង ចំពោះគម្រោងអភិវឌ្ឍនៅអរិយក្សត្រនេះ ព្រោះវា អាចធ្វើឱ្យប៉ះពាល់ដល់ចរន្តទឹកទន្លេមេគង្គ ខណៈនៅតំបន់នោះ មានគម្រោងអភិវឌ្ឍជាបន្តបន្ទាប់ ដូចជាកោះពេជ្រ និងការអភិវឌ្ឍកោះនរា ជាដើម។  « អ្វីដែលយើងខ្ញុំបារម្ភពីគម្រោងអភិវឌ្ឍនេះ គឺការប៉ះពាល់ដល់ចរន្តទឹកទន្លេមេគង្គ ដែលអាចធ្វើឱ្យមានជន់លិចភ្នំពេញ នៅក្នុងពេលទឹកឡើងឬពេលទឹកធំនៅក្នុងរដូវវស្សា ឬផលប៉ះពាល់ផ្សេងៗ រួមទាំងការបាត់បង់នូវធនធានមច្ឆាជាតិផងដែរ»។ នេះបើតាមប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា។
 
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជារូបនេះ បានទាមទារឱ្យរដ្ឋាភិបាលបង្ហាញពីលទ្ធផលនៃការសិក្សាអំពីផលប៉ះពាល់នានាលើបរិស្ថាននៃគម្រោងអភិវឌ្ឍនេះ ឱ្យមានតម្លាភាពចំពោះសាធារណជន  ដើម្បីបញ្ចៀសនូវចម្ងល់ និងប៉ះពាល់នានា នាពេលអនាគត។
 
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញបញ្ហាចាក់ថ្មចូលទន្លេ នៅក្បែរត្រើយកំពង់ចម្លងអរិយក្សត្រ បានឡើយ។
 
កាលពីខែឧសភា ២០២០កន្លងមក រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើទៅគណៈអភិបាលគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក និងបឹងបួដែលជាសម្បត្តិសាធារណៈ។ លោក លឹម គានហោ បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះ បង្កបញ្ហាដល់លទ្ធភាពនៃការរំដោះទឹក និងបង្កជាគ្រោះមហន្តរាយទឹកជំនន់ដោយសារ ច្រាំងទន្លេ ស្ទឹង ឬតំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនត្រូវបានរំលោភចាក់ដីលុប និងសាងសង់បិទផ្លូវទឹកនានា ដោយមិនស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
 
 

Tag:
 អរិយក្សត្រ
  កណ្តាល
  លោក គង់ សោភ័ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com