សង្គមអន្តរជាតិ​
អន្តរជាតិ
ឲ្យទាហាននារីហ្វឹកហាត់ដោយពាក់កែងចោត ក្រសួងការពារជាតិអ៊ុយក្រែនរងការរិះគន់
06, Jul 2021 , 8:29 pm        
រូបភាព
ដោយ: ធីតា
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានការពារសម្រេចលើការហ្វឹកហាត់ទាហាននារី ហ្វឹកហាត់ដោយពាក់ស្បែងជើងកែងចោត។ បើតាម CNN នេះជាការឆ្លើយតបទៅនឹងការរិះគន់របស់សមាជិកសភា និងមន្ត្រីរដ្ឋាភិបាលមួយចំនួន។

 
ស្ត្រីនៅក្នុងជួរកងទ័ពអ៊ុយក្រែន នឹងដើរព្យុះហយាត្រាដើម្បីអបអរពិធីរំលឹកខួបឯករាជ្យពីសហភាពសូវៀត នាថ្ងៃទី២៤ ខែសីហាខាងមុខ។ ឧត្តមសេនីយ៍យោធា Eugene Balabuskha បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មានយោធា Army Inform ថា ការហ្វឹកហាត់ធ្វើឡើងពីរដងក្នុងថ្ងៃ ក្នុងនោះមានការពាក់ស្បែកជើងកែងចោតផងដែរ។
 
Ivanna Medvid ដែលជាសមាជិកកងទ័ពនារីម្នាក់ បានអះអាងថាខ្លួនបានហ្វឹកហាត់អស់រយៈពេលជាង១ខែហើយ ហើយការពាក់ស្បែកជើងកែងចោតដើរក្បួន ពិតជាពិបាកជាងស្បែកជើងធម្មតា ប៉ុន្តែគាត់នៅតែបន្តប្រឹងប្រែង។
 
ករណីនេះ បានធ្វើឲ្យសមាជិកសភាមួយចំនួនរិះគន់យ៉ាងខ្លាំង។ លោកស្រី Elena Kondratyuk អនុប្រធានសភាអ៊ុយក្រែន រួមជាមួយសភាសមាជិកផ្សេងទៀត បាននាំគ្នាអំពាវនាវដល់រដ្ឋមន្ត្រីការពារជាតិ លោក Andrei Taran ធ្វើការសម្រេចចិត្តឡើងវិញ  ដោយផ្អែកទៅតាមគោលការណ៍យេនឌ័រ។
 
ក្រៅពីក្រុមអ្នកតំណាងរាស្ត្រ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុប, រដ្ឋមន្ត្រីផ្នែកអតីតយុទ្ធជន រួមទាំងតំណាងរដ្ឋាភិបាលសម្រាប់គោលនយោបាយយេនឌ័រ ក៏បានរួមក្នុងសេចក្តីថ្លែងការណ៍រិះគន់ផងដែរ។ «ស្បែកជើងកែងចោត មិនស៊ីគ្នាទាល់តែសោះនឹងការងារកងទ័ព ហើយថែមទាំងបង្កបញ្ហាសុខភាពថែមទៀតផង»។ លោកស្រីឧបនាយករដ្ឋមន្ត្រី Olga Stefanishina បានសរសេរយ៉ាងដូច្នេះនៅលើហ្វេសប៊ុករបស់ខ្លួន។
 
មិនមានការឆ្លើយតបវែងឆ្ងាយឡើយ តែក្រសួងការពារអ៊ុយក្រែន បានបង្ហោះរូបថតជាច្រើនសន្លឹកទាក់ទងនឹងកងទ័ពនារីផ្សេងទៀតដែលធ្លាប់ពាក់ស្បែកជើងកែងចោតដូចគ្នា។ 
 
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីនៅតែទាមទារឲ្យក្រសួងជំនួសស្បែកជើងកែងចោត ហើយតែងតាំងទីប្រឹក្សាម្នាក់ទទួលបន្ទុកផ្នែកយេនឌ័រ ដើម្បីឲ្យដឹងពីលក្ខខណ្ឌការងារត្រឹមត្រូវរបស់ស្ត្រីក្នុងវិស័យសន្តិសុខ និងការពារជាតិ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com