COVID-19
ជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅភ្នំពេញ បិទបញ្ចប់នាល្ងាចថ្ងៃទី៨ ខែកក្កដា
06, Jul 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំឭកជាថ្មី ដល់ប្រជាពលរដ្ឋឱ្យរួសរាន់ទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទាំងដូសទី១ និងទី២ យ៉ាងយូរត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី៨ ខែកក្កដា ដែលជាកាលបរិច្ឆេទបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង នៅភូមិសាស្ត្ររាជធានីភ្នំពេញ។

 
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រសិនបើពលរដ្ឋខកខាន ការចាក់វ៉ាក់សាំង នៅអំឡុងយុទ្ធនាការនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំង នៅពេលក្រោយនោះទេ។ 
 
ពាក់ព័ន្ធនឹងការខកខានចាក់វ៉ាក់សាំងនេះដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីនៅថ្ងៃទី១ កក្កដា ក៏បានក្រើនរំឭកដែរ ឱ្យពលរដ្ឋនៅរាជធានីភ្នំពេញប្រញាប់ទៅចាក់វ៉ាក់សាំង បង្ការឱ្យទាន់ពេល បើពុំដូច្នេះនីតិវិធីទទួលបានវ៉ាក់សាំងនៅពេលក្រោយ នឹងកាន់តែស្មុគស្មាញ។ 
 
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ សរុប១៤ កន្លែង នៅក្នុងខណ្ឌទាំង១៤ ដោយចាប់ផ្តើមពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។ ក្នុងចំណោមខណ្ឌទាំង ១៤នោះ យុទ្ធនាការចាក់វ៉ាក់សាងកូវីដ-១៩ នៅក្នុងខណ្ឌមានជ័យ បានបិទបញ្ចប់ហើយ។  
 
គិតត្រឹមថ្ងៃទី ៥កក្កដា មានពលរដ្ឋជិត ៤,៦លាននាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬស្មើនឹងជិត៤៦ភាគរយ នៃផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋសរុប ១០លាននាក់។ ក្នុងចំណោមអ្នកបានចាក់វ៉ាក់សាំងទាំងអស់ មានជាង ៣.៣លាននាក់ បានចាក់វ៉ាក់សាំងគ្រប់ទាំង ២ដូស។  បើតាមគម្រោងរដ្ឋាភិបាល ផែនការចាក់វ៉ាក់សាំងពលរដ្ឋ១០លាននាក់នេះ គ្រោងសម្រេចបាន១០០ភាគរយ នៅក្នុងវិច្ឆិកា ឆ្នាំ២០២១។ 
 
គិតត្រឹមថ្ងៃទី ៦ ខែកក្កដានេះ កម្ពុជាមានវ៉ាក់សាំងជាង១២លានដូស សម្រាប់ចាក់ជូនពលរដ្ឋ  ក្នុងនោះរួមមានវ៉ាក់សាំងស៊ីណូវ៉ាក់ ៧,៥លានដូស, ស៊ីណូហ្វាម ៤,២លានដូស និង វ៉ាក់សាំង Covishield ចំនួន៣២៤,០០០ដូស។ តាមការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល  កាលពីសប្ដាហ៍មុន កម្ពុជា នឹងទទួលបានវ៉ាក់សាំង៤លានដូសទៀត នៅថ្ងៃទី១០ កក្កដា ។ វ៉ាក់សាំងទាំង៤លានដូសនោះ គឺមានស៊ីណូវ៉ាក់សាំង៣លានដូស និងស៊ីណូហ្វាម ១លានដូស៕
 
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
 ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com