កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អ៊ីតាលីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយទម្លាក់អេស្ប៉ាញដោយបាល់ប៉េណាល់ទី
07, Jul 2021 , 5:10 am        
រូបភាព
រូបថត UEFA Euro 2020
រូបថត UEFA Euro 2020
អ៊ីតាលី បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Euro 2020 បន្ទាប់ពីបានយកឈ្នះជើងឯក៣ជំនាន់អេស្ប៉ាញ ៤-២ ដោយការទាត់ប៉េណាល់ទី ខណៈលទ្ធផល ១២០នាទីស្មើគ្នា ១-១។

 
Federico Chiesa រកបានគ្រាប់បាល់បញ្ចូលទីនាំមុខឲ្យអ៊ីតាលីនៅនាទី៦០ ហើយ Alvaro Morata តាមស្មើសម្រាប់អេស្ប៉ាញនៅនាទី៨០។ ការប្រកួតអស់១២០នាទី លទ្ធផលស្មើ ១-១ ដែលនាំឲ្យអាជ្ញាកណ្តាលអាល្លឺម៉ង់ Felix Brych សម្រេចការទាត់១១ម៉ែត្រទៅវិញទៅមក។
 
ការទាត់ប៉េណាល់ទីដំបូងរបស់ខ្សែបម្រើអ៊ីតាលី Manuel Locatelli ត្រូវបានសង្គ្រោះដោយអ្នកចាំទីអេស្ប៉ាញ Unai Simon ប៉ុន្តែក្រោយមកខ្សែបម្រើអេស្ប៉ាញ Dani Olmo ក៏បានស៊ុតខុសគោលដៅផងដែរ។ បន្តបន្ទាប់ទៀត អ៊ីតាលីធ្វើបានសម្រេច៤គ្រាប់ ដោយ Andrea Belotti, Leonardo Bonucci, Federico Bernadeschi និងចុងក្រោយ Jorginho។ ២គ្រាប់របស់អេស្ប៉ាញរកបានដោយ Gerard Moreno និង Thiago Alcantara ខណៈការទាត់របស់ Alvaro Morata ត្រូវបានសង្គ្រោះដោយអ្នកចាំទីអ៊ីតាលី Gianluigi Donnarumma។
 
Chiesa ជាកីឡាករឆ្នើមប្រចាំការប្រកួត Star of the Match។
 
ក្រុមរបស់លោក Roberto Mancini ឡើងបន្តទៅវគ្គផ្តាច់ព្រ័ត្រ ហើយរក្សាការមិនស្គាល់ចាញ់៣៣ប្រកួតជាប់គ្នា ខណៈអេស្ប៉ាញរបស់លោក Luis Enrique ហាលអាវទាំងខកចិត្ត ដោយសារបាល់ប៉េណាល់ទី បន្ទាប់ពីទម្លាក់ស្វីសដោយប៉េណាល់ទីដូចគ្នា។
 
អ៊ីតាលីត្រូវរង់ចាំការប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១១ ខែកក្កដា ដោយរង់ចាំមើលជំនួបរវាងដាណឺម៉ាក និងអង់គ្លេសនៅកីឡដ្ឋាន Wembley ដដែល៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com