អន្តរជាតិ
អាមេរិក ដកទ័ពពីអាហ្វហ្កានីស្ថានបានច្រើនជាង៩០ភាគរយហើយ
07, Jul 2021 , 9:50 am        
រូបភាព
មូលដ្ឋានអាកាស Bagram នៅក្បែររដ្ឋធានីកាប៊ុល។ រូបថត Xinhua
មូលដ្ឋានអាកាស Bagram នៅក្បែររដ្ឋធានីកាប៊ុល។ រូបថត Xinhua
ប្រតិបត្តិការដកទ័ពពីអាហ្វហ្កានីស្ថានរបស់អាមេរិក សម្រេចបានជាង៩០ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់យោធាអាមេរិកនៅថ្ងៃទី៦ ខែកក្កដា។ ស្របពេលអាមេរិកដកទ័ព ក្រុមតាលីបង់ក៏បង្កើនប្រតិបត្តិការរបស់ខ្លួន និងបានដណ្ដើមស្រុកជាបន្តបន្ទាប់ ខណៈកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថានដាក់គោលដៅការពារទីក្រុងធំៗ និងទីតាំងយុទ្ធសាស្រ្តប៉ុណ្ណោះ។

 
ការដកទ័ពអាមេរិកពីអាហ្វហ្កានីស្ថាន កំពុងធ្វើឡើងដោយរលូន និងលឿនជាងផែនការគ្រោងទុកផង។ យោធាអាមេរិក អាចនឹងចាកចេញពីអាហ្វហ្កានីស្ថានៅត្រឹមខែសីហា ដោយមិនចាំបាច់រង់ចាំដល់ថ្ងៃដល់ថ្ងៃទី១១ ខែកញ្ញាឡើយ។
 
បញ្ជាការដ្ឋានតំបន់កណ្ដាលដែលជាទីបញ្ជាការកងទ័ពអាមេរិកប្រចាំមជ្ឈិមបូព៌ា បញ្ជាក់ថា ការដកទ័ពដែលប្រធានាធិបតី ចូ បៃឌិន ចេញ្ជាឱ្យនៅខែមេសា បានបញ្ចប់ច្រើនជាង៩៥ភាគរយហើយ។ ចំណែកមន្ទីរបញ្ចកោណលើកឡើងថា ការដកទ័ព និងបុគ្គលិកស៊ីវិលឯទៀត នឹងបញ្ចប់នៅខែសីហាតែម្ដង។ ជាសញ្ញានៃការសម្រេចគោលដៅ អាមេរិក និងសម្ព័ន្ធមិត្តណាតូ ទើបប្រគល់មូលដ្ឋានអាកាសដ៏ធំនៅ Bagram ឱ្យអាហ្វហ្កានីស្ថានថ្មីៗនេះ។
 
ការដកទ័ពរបស់អាមេរិក ក្លាយជាឱកាសរបស់ក្រុមតាលីបង់ក្នុងការបង្កើនយុទ្ធនាការរបស់ខ្លួនប្រឆាំងកម្លាំងរដ្ឋាភិបាល។ នៅភាគខាងជើងប្រទេស ក្រុមតាលីបង់ចូលដណ្ដើមបានស្រុកសំខាន់ៗជាបន្តបន្ទាប់ពីកងទ័ពអាហ្វហ្កានីស្ថានដែលត្រូវមើលឃើញថា មិនសូវតស៊ូប្រយុទ្ធនឹងក្រុមឧទ្ទាមឡើយ តែបានដកថយរហូត។
 
ទាក់ទងរឿងដកទ័ពនេះ លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក និយាយថា អាមេរិក និងសម្ព័ន្ធមិត្តចម្រុះណាតូ នឹងបន្តគាំទ្រកម្លាំងសន្តិសុខអាហ្វហ្កានីស្ថានដដែល ទោះគ្មានកងទ័ពនៅអាហ្វហ្កានីស្ថានក៏ដោយ។ ត្រង់នេះ លោក Kirby អះអាងថា អាមេរិកនៅមានសិទ្ធិផ្ដល់ជំនួយដល់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ ទោះមិននិយាយលម្អិត អ្នកនាំពាក្យរូបនេះ ទំនងនិយាយពីការវាយប្រហារតាមដែនអាកាស។
 
ទោះជាយ៉ាងណា សមត្ថភាពរបស់កងទ័ពអាហ្វហ្កានីស្ថាន នៅតែជារឿងឈឺក្បាល ព្រោះសកម្មជនតាលីបង់អាចដណ្ដើមត្រួតត្រាទឹកដីយ៉ាងរហ័ស។ នៅថ្ងៃទី៥ ខែកក្កដា កងទ័ពអាហ្វហ្កានីស្ថាន ប្រមាណមួយពាន់នាក់ បានភៀសខ្លួនចូលទឹកដីតាហ្ស៊ីគីស្ថានក្បែរខាង ដោយមិនប្រយុទ្ធការពារទីតាំងឈរជើងឡើយ៕
 

Tag:
 អាមេរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com