កីឡាអន្តរជាតិ
អន្តរជាតិ
អតីតគ្រូដាណឺម៉ាក៖ Kane គ្រោះថ្នាក់ដូច Ronaldo ដែរ
07, Jul 2021 , 10:38 am        
រូបភាព
លោក Age Hareide អតីតគ្រូបង្វឹកក្រុមជម្រើសជាតិដាណឺម៉ាកសរសើរ Harry Kane ប្រធានក្រុមជម្រើសជាតិអង់គ្លេសថា ជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ដូចគ្នានឹង Cristiano Ronaldo ដែរ។


អង់គ្លេស នឹងត្រូវទទួលភ្ញៀវដាណឺម៉ាកក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2020 នៅកីឡដ្ឋាន Wembley នារាត្រីថ្ងៃទី៧ ខែកក្កដា វេលាម៉ោង ២:០០នាទី អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ នេះជាក្តីសង្ឃឹមឈានទៅវគ្គផ្តាច់ព្រ័ត្រដ៏ធំលើកដំបូងរបស់តោកំណាច ចាប់តាំងពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ ១៩៦៦។


បន្ទាប់ពីបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះនៅតំបន់ប្រយុទ្ធនាជំនួបកន្លងមក បានធ្វើឱ្យអតីតគ្រូដាណឺម៉ាក Hareide ដែលសព្វថ្ងៃជាអ្នកចាត់ការក្រុម Rosenborg នៃលីគកំពូលន័រវែស ជឿជាក់ថា Kane នឹងធ្វើឱ្យមានភាពលម្អៀងសម្រាប់ក្រុមអង់គ្លេសទៅលើដាណឺម៉ាក។
  Age Hareide អតីតគ្រូដាណឺម៉ាក់កាលអំឡុងប្រកួត World Cup 2018

«Harry Kane ដូចជា Cristiano Ronaldo អ៊ីចឹងដែរ»។ នេះជាការអះអាងរបស់គ្រូសញ្ជាតិន័រវែសវ័យ៦៧ឆ្នាំ មុនបន្ថែមថាសមាជិកក្រុមអង់គ្លេសគួរបញ្ជូនបាល់ឱ្យ Kane ឱ្យច្រើននោះ ប្រធានក្រុមរូបនេះនឹងរកគ្រាប់បានច្រើនដូចគ្នា ព្រោះរូបគេជាកីឡាករដ៏គ្រោះថ្នាក់។
 
Hareide ធ្លាប់ដឹកនាំដឺណឺម៉ាកចន្លោះឆ្នាំ២០១៦ ដល់២០២០ ពោលក្នុងអំឡុងប្រកួតជម្រុះជើងឯកអឺរ៉ុបនេះ ប៉ុន្តែកិច្ចសន្យារបស់លោកបានផុតកំណត់ហើយលោក Kasper Hjulmand បានចូលទៅជំនួសកៅអីវិញ។
 
អតីតគ្រូន័វែសរូបនេះ ប្រាប់កាសែត BBC ថាលោកបានតាមដានទម្រង់លេងរបស់ Kane ហើយខ្សែប្រយុទ្ធ Tottenham Hotspur រូបនេះ ពិតជាមានទេពកោសល្យសម្រេចទីមិនខុសពី Ronaldo ដែលទើបបំបែកកំណត់ត្រាជាច្រើននៅ Euro 2020 នេះឡើយ។
 
ទោះមិនអាចរកគ្រាប់បាននៅវគ្គជម្រុះតាមពូល តែ Kane វ័យ២៧ឆ្នាំ រកបានដល់ទៅ៣គ្រាប់ក្នុងជំនួបវគ្គខ្វែងជាមួយអាល្លឺម៉ង់ និងអ៊ុយក្រែន។
 
Ronaldo ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ រកបាន៥គ្រាប់ក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុបដែលរៀបចំនៅឆ្នាំ២០២១ និងកាន់កំណត់ត្រាជាអ្នកស៊ុតចូលទីច្រើនជាងគេទាំងអឺរ៉ុប និង World Cup បញ្ចូលគ្នា។ ព័រទុយហ្កាល់ដែលជាម្ចាស់ការពារតំណែងជើងឯកធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោចាញ់បែលហ្ស៊ិក ១-០៕
 




Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com