កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖តើអង់គ្លេស ឬដាណឺម៉ាក ដែលត្រូវទៅប្រជែងពានជាមួយអ៊ីតាលី?
07, Jul 2021 , 4:59 pm        
រូបភាព
ដោយ៖ជា យូគៀង

ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវេលាម៉ោង២អាធ្រាត្រនាកីឡដ្ឋាន Wembley នេះ ជាការប៉ះគ្នារវាងក្រុមម្ចាស់ផ្ទះ តោកំណាចអង់គ្លេស ជាមួយក្រុមជើងឯកឆ្នាំ១៩៩២ ដាណឺម៉ាក។

 
កាលពីវគ្គ៨ក្រុមអង់គ្លេសបានបង្ហាញនៅទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលដោយបានយកឈ្នះអ៊ុយក្រែន ៤-០ ហើយ បានបន្តជាក្រុមអាចទប់បាន Clean-Sheet ចំនួន៥ប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍នេះ ខណៈដាណឺម៉ាក ធ្វើបានយ៉ាងល្អដោយទម្លាក់ឆែកលទ្ធផល២-១។
 
៦ប្រកួតចុងក្រោយក្នុងចំណោមការប្រកួតព្រឹត្តិការណ៍ធំៗរវាង អង់គ្លេសទល់នឹងដាណឺម៉ាក ក្រុមតោកំណាចមួយនេះធ្លាប់យកឈ្នះតែម្តងប៉ុណ្ណោះលើក្រុមរហ្សសនាមពណ_ក្រហមស ពោលគឺព្រឹត្តិការណ៍ World Cup 2002 ចំណែក ៥ប្រកួតផ្សេងទៀតគឺ ស្មើ៣ និងចាញ់២។ 
 
ជំនួបយប់នេះគឺជាលើកទី៣សម្រាប់ម្ចាស់ផ្ទះអង់គ្លេស ដែលមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយ ២ លើកផ្សេងទៀតនៅឆ្នាំ ១៩៦៨ និង ១៩៩៦ ប៉ុន្តែមិនដែលឆ្លងផុតទៅកាន់វគ្គផ្តាច់ព្រ័ត្រនោះទេ។
 
មុនការប្រកួតឈានចូលមកដល់លោក Gareth Southgate គ្រូតោកំណាចនិយាយថា៖  «ក្រុមយើងបាន ទទួលនៅឱកាស ដ៏អស្ចារ្យ ហើយវាជាពេលដែលយើងត្រូវបង្កើតប្រវត្តិសាស្រ្តដែលពេលមុនៗ យើងមិនដែលធ្លាប់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ សោះ។ ការប្រកួតយប់នេះនឹងជាប្រកួតមួយដ៏អស្ចារ្យសម្រាប់ពួកយើង»។


 
ចំពោះលោក Kasper Hjulmand គ្រូបង្វឹកដាណឺម៉ាក វិញបាននិយាយថា៖ «ទោះជាយ៉ាងណាក្រុមយើងត្រូវតែខិតខំប្រឹង ហើយសំឡឹងទៅមុខ។ ការតាំងចិត្តរបស់ពួកយើងនឹងធ្វើឲ្យអ្នកទស្សនាស្ងាត់មាត់ ប៉ុន្តែយើងដឹងថាការប្រកួតនេះ នឹង ពិបាកសម្រាប់យើង។» 
 
សម្រាប់ក្រុមតោកំណាចគឺមិនមានកីឡាករដែលមានរបួស រឺជាប់បម្រាមនោះទេ ខណៈខ្សែប្រយុទ្ធ Harry Kane និង Sterling ចាប់ដៃគូរគ្នាបានយ៉ាងល្អនាការប្រកួតកន្លងមកដោយជួយគាំទ្រដោយខ្សែបម្រើជាច្រើនរួមមាន Kalvin Phillips,Declan Rice, Saka, Mount, Henderson និងរនាំងរឹងមាំ Walker, Stones, Maguire, Shaw។
 
ចំណែកក្រុមពណ៌ក្រហមស ក៏មិនមានបញ្ហាកីឡាករនោះដែរ ខណៈដោយកីឡាករដែលអាចគំរាមកំហែងក្រុមម្ចាស់ផ្ទះមាន ខ្សែប្រយុទ្ធ Braithwaite, Dolberg, Damsgaard គាំទ្រដោយខ្សែបម្រើ Stryger, Højbjerg, Delaney, Mæhle និងខ្សែការពារដ៏ល្អ Christensen, Kjær, Vestergaard។
 
ក្រុមដែលឈ្នះការប្រកួតនេះ នឹងឡើងទៅជួបអ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១១ ខែកក្កដា៕


 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com