ជាតិ
យុវជនសកម្ម សេវាល្អ
ពលរដ្ឋភូមិជុំគ្រៀល ស្នើឱ្យជួសជុលផ្លូវក្នុងភូមិដែលសម្បូរជង្ហុក តែមេភូមិថា មិនទាន់មានថវិកា
08, Jul 2021 , 9:29 am        
រូបភាព
ដោយ៖ នឿន ច័ន្ទណែត(យុវជនឃុំជុំគ្រៀល) 
 
កំពត៖ ខណៈរដូវភ្លៀងបានចូលមកដល់ ប្រជាពលរដ្ឋក្នុងភូមិជុំគ្រៀល បានត្អូញត្អែរពីការលំបាកធ្វើដំណើរលើផ្លូវដីនៅក្នុងភូមិ ដែលសម្បូរដោយជង្ហុក និងមានភក់ដោយកន្លែង​ផងនោះ។ ប្រជាពលរដ្ឋបានស្នើឱ្យអាជ្ញាធរ ជួសជុលផ្លូវទាំងនោះឱ្យបានលឿន ក៏ប៉ុន្តែលោកមេភូមិជុំគ្រៀល ឆ្លើយតបថា មិនទាន់មានថវិកាក្នុងការជួសជុលផ្លូវទាំងនោះនៅ​ឡើយ។

 
លោក ចាន់ សារុន ដែលជាគ្រូបង្រៀនម្នាក់ ហើយក៏ជាពលរដ្ឋរស់នៅក្នុងភូមិជុំគ្រៀល បានត្អូញត្អែរថា លោកមានការលំបាកក្នុងការធ្វើដំណើរ លើផ្លូវលំក្នុងភូមិណាស់ ព្រោះតែវាខូចខាតច្រើន ហើយក៏សម្បូរជង្ហុកផងដែរ។ 
 

 
បើតាមលោក ចាន់ សារុន នៅក្នុងរដូវវស្សានេះ ការធ្វើដំណើរក៏រឹតតែលំបាកទៀត ព្រោះចំណុចខ្លះរអិល ហើយកន្លែងខ្លះដក់ទឹក និងមានភក់ដោយកន្លែងទៀតផង។ គ្រូបង្រៀនរូបនេះ ចង់ឱ្យអាជ្ញាធរ ធ្វើផ្លូវបេតុងឱ្យស្អាតតែម្តង ជាជាងការជួសជុលផ្លូវដី ដែលខូចខាតរាល់ឆ្នាំដូចនេះ។ 
 

 
កញ្ញា ង៉ែត ស្រីកា ជាសិស្ស និងជាអ្នករស់នៅភូមិជុំគ្រៀល ឃុំជុំគ្រៀលផ្ទាល់ ក៏រអ៊ូរទាំដែរថា ការធ្វើដំណើរលើផ្លូវដីក្នុងភូមិពិតជាលំបាក ពិសេសបន្ទាប់ភ្លៀងធ្លាក់។ កញ្ញា ង៉ែត ស្រីកា​ រៀបរាប់ថា៖«រាល់ពេលដែលខ្ញុំ ធ្វើដំណើរនៅតាមផ្លូវ គឺពិតជាមានភាពលំបាកខ្លាំងមែនទែន ពីព្រោះផ្លូវមួយចំនួនមានការខូចខាតច្រើន។ ​បើមានភ្លៀងវិញនោះ លំបាកខ្លាំង ផ្លូវរអិលអីចឹងទៅ»។ 
 

 
បើតាមយុវតីរូបនេះ ស្ថានភាពផ្លូវរវាងឆ្នាំមុន និងឆ្នាំនេះ មិនជាខុសគ្នាប៉ុន្មាននោះទេ ព្រោះផ្លូវនៅតែខូច ហើយអាជ្ញាធរ ក៏មិនទាន់បានជួសជុលវាទៀត។ យុវតី ស្រីកា ​ចង់ឱ្យមានការជួសជុលផ្លូវនៅក្នុងភូមិឱ្យបាន​ស្អាត ដើម្បីងាយស្រួល​ធ្វើដំណើរ​។ «ការជួសជុលផ្លូវនេះ ផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ផងដែរ នៅក្នុងភូមិជុំគ្រៀលនេះ ពីព្រោះវាផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ ដោយមិនខ្លាចមានគ្រោះថ្នាក់កើតឡើងឡើយ»។
 
ពាក់ព័ន្ធនឹងបញ្ហាផ្លូវថ្នល់នេះ លោក ទូច ប៊ុនលាង មេភូមិជុំគ្រៀល បានឱ្យដឹងថាក្នុងភូមិជុំគ្រៀល មានផ្លូវចំនួន៣ខ្សែ ក្នុងនោះផ្លូវបេតុងមួយខ្សែ មានទទឹងជាង៤ម៉ែត្រ និងបណ្តោយប្រមាណ៩០០ម៉ែត្រ។ ចំណែក​២ខ្សែទៀតជាផ្លូវដី មានប្រវែងសរុប ជាង១,៩០០ម៉ែត្រ និងទទឹងជាង៤ម៉ែត្រ។ មេភូមិរូបនេះទទួលស្គាល់ថា ផ្លូវនៅក្នុងភូមិពិតជាសម្បូរជង្ហុក ឬសំបុកមាន់មែន ហើយនៅខែភ្លៀងនេះទៀតសោត ចំណុចខ្លះ​មិនអាចបើកបរលឿនបាននោះទេ ព្រោះអាចជ្រុល ឬរអិលធ្លាក់វាលស្រែ ឬប្រឡាយទឹកបាន។ បើតាមលោក ទូច ប៊ុនលាង ផ្លូវខូចជាញឹកញាប់នេះ ក៏ព្រោះតែខ្វះលូបង្ហូរទឹក ហើយមានឡានដឹកដីធ្វើដំណើរឆ្លងកាត់ គួបផ្សំនឹងការធ្វើដំណើររបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃផង។  
 

លោក ទូច ប៊ុនលាង មេភូមិជុំគ្រៀល
 
ក្នុងមួយឆ្នាំៗ ភូមិជុំគ្រៀលទទួលបានកញ្ចប់ថវិកា១ម៉ឺនដុល្លារ សម្រាប់ជួសជុលផ្លូវបេតុង និងការចាក់បេតុងបន្ថែមលើផ្លូវដី និងចំនួន ២លានរៀលទៀត សម្រាប់ជួលជុល និងចាក់បំពេញជង្ហុក ឬសំបុកមាន់ នៅលើផ្លូវដីទាំង២ខ្សែ។ ​នេះបើតាមលោក​ ប៊ុនលាង ដោយលោកបានបន្តថា ខ្លួនក៏ចង់ឱ្យមានផ្លូវនៅក្នុងភូមិស្អាត​ និងផ្តល់ភាពស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋដែរ ប៉ុន្តែ​ពេលនេះ ភូមិមិនទាន់ទទួលបានថវិកា សម្រាប់ជួសជុល កែលម្អផ្លូវនៅឡើយ។ តាមលោក ប៊ុនលាង រាល់ឆ្នាំភូមិអាចទទួលបានអំឡុងខែមិថុនា ឬកក្កដានេះ។ «ឱ្យតែបានលុយមកធ្វើរាល់ឆ្នាំ គ្រាន់បើហើយ ខ្លាចតែគេមិនទម្លាក់ឱ្យ។ ដូចឆ្នាំហ្នឹងអី គេអត់ទាន់ទម្លាក់ឱ្យ បានអីជួសជុល។ លុយអត់ទាន់ទម្លាក់ឱ្យទេឆ្នាំហ្នឹង កំពុងកើតកូរ៉ូណាផង»។ នេះជាការបញ្ជាក់របស់លោកមេភូមិជុំគ្រៀល។
 


 
ទោះយ៉ាងណា កន្លងមកអាជ្ញាធរភូមិ ក៏ធ្លាប់រៃអង្គាសថវិកាបដិភាគពីប្រជាពលរដ្ឋ ដើម្បីយកមកសាងសង់ និងជួសជុលផ្លូវដែរ ​ប៉ុន្តែថវិកាដែលទទួលបាន ក៏មិនគ្រប់ដែរ ព្រោះ​ពលរដ្ឋក៏ខ្វះលទ្ធភាព។ លោកមេភូមិប៊ុនលាងបញ្ជាក់ថា អ្នកភូមិភាគច្រើនជាកម្មករនៅស្រែអំបិល និងកម្មករសំណង់ ហើយពលរដ្ឋមួយចំនួនតូច ជាមន្ត្រីរាជការ និងជាបុគ្គលិកក្រុមហ៊ុន។ ក្រៅពីរៃអង្គាសថវិកា លោក​ក៏បានស្នើសុំឱ្យក្រុមហ៊ុនឡានដឹកដី ជួយចាក់ដីបំពេញដីត្រង់ចំណុចសំបុកមាន់ បានមួយចំនួនដែរ នៅក្នុងឆ្នាំកន្លងទៅ។

ទន្ទឹមនឹងលោកមេភូមិ ក៏សំណូមពរដល់ពលរដ្ឋ ដែលមានលទ្ធភាព ជួយចាក់បំពេញជង្ហុក នៅត្រង់មុខផ្ទះខ្លួន ហើយក៏ខិតខំថែទាំផ្លូវទាំងអស់គ្នា ដើម្បីប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងភូមិ។ «ឱ្យពលរដ្ឋទាំងអសជួយថែរក្សាផ្លូវ ពេលមានព្រៃដុះជិតផ្លូវ ត្រូវកាប់វាចេញកុំឱ្យខូចផ្លូវ ហើយបើមានទឹកដក់កន្លែងណា សូមឱ្យបើកទឹកចេញពីផ្លូវ»។ នេះជាប្រសាសន៍របស់លោក ទូច ប៊ុនលាង៕
 
 
​អាន​អត្ថបទ​ពាក់ព័ន្ធ​ផ្សេងទៀត​យុវជន​សកម្ម សេវា​ល្អ 

(​អត្ថបទ​នេះ គឺជា​ស្នាដៃ​របស់​ក្រុមយុវជន និង​ត្រូវបាន​រៀបរៀងឡើង ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​ស៊ុយ​អ៊ែត តាមរយៈ​អង្គការ​តម្លាភាព​កម្ពុជា និង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​។ រាល់​ខ្លឹមសារ​នៅក្នុង (​អត្ថបទ​/ វីដេអូ​) នេះ​គឺជា​ការទទួលខុសត្រូវ​របស់​ស្មេរ​/​ផលិតករ ហើយ​មិន​ឆ្លុះបញ្ចាំង​អំពី​ទស្សនៈ​របស់​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អភិវឌ្ឍ​អន្តរជាតិ​ស៊ុយ​អ៊ែត​នោះទេ​) 
 
 
 
 
 

Tag:
 ការជួសជុលផ្លូវ
 ភូមិជុំគ្រៀល
© រក្សាសិទ្ធិដោយ thmeythmey.com