កីឡាអន្តរជាតិ
អន្តរជាតិ
ឈានដល់វគ្គផ្តាច់ព្រ័ត្រ Euro 2020៖ Southgate ថាទាំងអស់នេះសម្រាប់អង់គ្លេសទាំងមូល
08, Jul 2021 , 12:59 pm        
រូបភាព
ការរង់ចាំរយៈពេល៥៥ឆ្នាំរបស់អង់គ្លេស ដើម្បីឈានជើងចូលវគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់លំដាប់កំពូលត្រូវបានបញ្ចប់ ក្រោយឈ្នះដាណឺម៉ាក ២-១ យ៉ាងលំបាកនៅវគ្គ១/២ផ្តាច់ព្រ័ត្រ Euro 2020។ គ្រូបង្វឹកតោកំណាចលោក Gareth Southgate អះអាងថា សមិទ្ធផលរបស់លោកនេះសម្រាប់ប្រទេសអង់គ្លេស។



តោកំណាចអង់គ្លេស ត្រូវឡើងទៅជួបអ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Euro 2020 ក្រោយទទួលជ័យជម្នះ ២-១ លើដាណឺម៉ាក ក្នុងការប្រកួត១២០នាទី នាកីឡដ្ឋាន Wembley។ ប្រធានក្រុម Harry Kane ជាអ្នកសម្រេចគ្រាប់ជ័យជម្នះឱ្យអង់គ្លេស ក្នុងម៉ោងបន្ថែមនៅនាទី១០៤ ក្រោយក្រុមទាំងពីរបញ្ចប់ការប្រកួត៩០នាទីក្នុងលទ្ធផល ១-១។ Mikkel Damsgaard រកគ្រាប់នាំមុខឱ្យដាណឺម៉ាកនៅនាទី៣០ មុនពេលប្រធានក្រុម Simon Kjaer ភ្លាត់ធ្វើឲ្យបាល់ចូលសំណាញ់ទីខ្លួនឯងនៅ៩នាទីបន្ទាប់។
 
ក្រោយនាំក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងគិតចាប់ពីឆ្នាំ១៩៦៦មក លោក Southgate រៀបរាប់ទាំងក្តុកក្តួលថាសុបិនរបស់លោក និងអង់គ្លេសបានក្លាយជាការពិតហើយ។ គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ បានប្រាប់ ITV ថា៖ «យើងបានឈានដល់ដំណាក់កាលដែលយើងចង់បាន។ ខ្ញុំពិតជាមានមោទកភាពចំពោះកីឡាករ។ នេះឱកាសមិនគួរឱ្យជឿដែលខ្ញុំ និងក្រុមបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់អង់គ្លេស»។


 
លោក Southgate ដែលផ្តល់ក្តីគាប់ចិត្តបំផុតសម្រាប់អ្នកគាំទ្រ និងប្រជាជាតិអង់គ្លេសរួចទៅហើយ នៅមានកាតព្វកិច្ចសំខាន់នៅរយៈពេល៤ ថ្ងៃទៀត។ អង់គ្លេស ត្រូវបន្តទៅប្រជែងជាមួយអ៊ីតាលីដើម្បីដណ្តើមជើងឯកអឺរ៉ុបដែលរៀបចំនៅឆ្នាំ២០២១ នៅវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅកីឡដ្ឋាន Wembley នារាត្រីថ្ងៃទី១២ ខែកក្កដា វេលាម៉ោង ២:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
 
គ្រូបង្វឹកវ័យ៥០ឆ្នាំ ចាត់ទុកអ៊ីតាលីជាឧបសគ្គធំ ដ្បិតពួកគេបានបង្ហាញឱ្យគ្រប់គ្នាបានឃើញរួចហើយ។ ប្រាប់កាសែត BBC លោក Southgate សរសើរអ៊ីតាលីជាក្រុមអស្ចារ្យ ហើយមានខ្សែការពារដ៏រឹងមាំពីររូប។
 
យ៉ាងណាក៏ដោយ Southgate នៅតែមានជំនឿចិត្តលើកូនក្រុមលោក បន្ទាប់ពីពួកគេធ្វើបានល្អជាក្រុម រហូតសម្រេចសមិទ្ធផលដ៏អស្ចារ្យជាប្រវត្តិសាស្ត្រសម្រាប់ក្រុមអង់គ្លេស ក្នុងការឈានចូលដល់វគ្គផ្តាច់ព្រ័ត្រអឺរ៉ុបជាលើកដំបូងនេះ៕
 

Tag:
 Euro 2020
  Gareth Southgate
© រក្សាសិទ្ធិដោយ thmeythmey.com