COVID-19
ជាតិ
មួយសប្តាហ៍ដំបូង នៃខែកក្កដា អ្នកស្លាប់ដោយសារកូវីដ-១៩នៅកម្ពុជាមានជិត ២០០នាក់
08, Jul 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ មនុស្សចំនួន ១៩៧នាក់នៅកម្ពុជា បានស្លាប់ដោយសារតែជំងឺកូវីដ-១៩ ត្រឹមតែមួយសប្តាហ៍ដំបូងនៃខែកក្កដានេះប៉ុណ្ណោះ។ បើតាមការផ្សាយប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល ចំនួនអ្នកស្លាប់ក្នុងរយៈពេល៧ថ្ងៃមកនេះ មានចន្លោះ ១៩ ទៅ៣៦នាក់ ហើយបើគិតជាមធ្យមវិញ គឺមានប្រមាណ ២៨នាក់ ជារៀងរាល់ថ្ងៃ។

 
ក្រៅពីករណីស្លាប់ប្រចាំថ្ងៃ មានចំនួនច្រើនគួរតក់ស្លុតហើយនោះ ករណីឆ្លងប្រចាំថ្ងៃ ក៏មិនស្រកស្រុតចុះទាល់តែសោះ។ មួយអាទិត្យមកនេះ មនុស្សចំនួន ៦៦៧១នាក់ មានតេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះមាន១២២៦នាក់ គឺជាករណីនាំចូលពីប្រទេសថៃ។ ករណីឆ្លងដែលតិចជាងគេ គឺកាលពីថ្ងៃទី៤ កក្កដា  ដែលមានចំនួន ៨៩៦នាក់  រីឯករណីច្រើនជាងគេ គឺនៅថ្ងៃទី៣ កក្កដា ដែលមានដល់ទៅ ៩៩១នាក់។ 
 

 
យ៉ាងណាក៏ដោយ អ្នកជាសះស្បើយសរុប ក្នុងរយៈពេលដូចគ្នានេះ ក៏ប្រហាក់ប្រហែលនឹងករណីថ្មីដែរ ពោលគឺចំនួន ៥ ១៦២នាក់។ 
 
សារព័ត៌មានថ្មីៗ មិនអាចក្តាប់បានរបាយការណ៍ទាក់ទងនឹងករណីលម្អិត នៅតាមបណ្តាខេត្តនោះឡើយ ជាពិសេសរាជធានីភ្នំពេញ កណ្តាល និងខេត្តមួយចំនួនទៀត ដោយសារតែរដ្ឋបាលខេត្ត លែងចេញផ្សាយរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន។ បើតាមតួលេខដែលទទួលបាន ខេត្តសៀមរាប ស្វាយរៀង ឧត្តរមានជ័យ កោះកុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម និងខេត្តត្បូងឃ្មុំ នៅតែមានអត្រាឆ្លងខ្ពស់។ ខណៈខេត្តឧត្តរមានជ័យ មានករណីនាំចូលពីប្រទេសថៃច្រើនជាងគេ បន្ទាប់មកគឺខេត្តសៀមរាប និងបាត់ដំបង។

សូមជម្រាបដែរថា ចំនួនឆ្លងខ្ពស់បំផុតនៅកម្ពុជា ១១៣០នាក់ កាលពីនៅថ្ងៃទី២៩ ខែមិថុនាកន្លងទៅ ខណៈករណីស្លាប់ដែលខ្ពស់បំផុត គឺចំនួន ៣៦នាក់ គឺនាថ្ងៃទី២ ខែកក្កដានេះ។ 
 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥១៣៨៤នាក់ ក្នុងនោះ២៦៨០នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ៤៤៨៥៨នាក់ និងស្លាប់សរុប ៦២៨នាក់៕
 

Tag:
 COVID-1៩
© រក្សាសិទ្ធិដោយ thmeythmey.com