កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកនឹងគ្មានអ្នកគាំទ្រឡើយ ក្រោយក្រុងតូក្យូបន្តភាពអាសន្នព្រោះកូវីដ-១៩
09, Jul 2021 , 9:37 am        
រូបភាព
មិនមានការអនុញ្ញាតឱ្យអ្នកគាំទ្រចូលកីឡដ្ឋានឡើយ នាការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ដោយសារការរីករាលដាលខ្លាំងឡើងនៃជំងឺកូវីដ-១៩។ លោកស្រី Seiko Hashimoto ប្រធានរៀបចំអូឡាំពិកសោកស្តាយចំពោះការសម្រេចនេះប៉ុន្តែគ្មានជម្រើស។ អ្នកទិញសំបុត្ររួច នៅមិនទាន់ច្បាស់ថា ត្រូវសងប្រាក់វិញ ឬក៏អត់នោះទេ។


រដ្ឋមន្រ្តីអូឡាំពិក និងប៉ារ៉ាឡាំពិកជប៉ុនលោកស្រី Tamayo Marukawa សម្រេចចុងក្រោយដោយមិនឱ្យមានអ្នកចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន តាមទីប្រជុំជន និងជុំវិញក្រុងតូក្យូឡើយ បន្ទាប់ពីកិច្ចពិភាក្សាគ្នាជាច្រើនម៉ោង ជាមួយអ្នករៀបចំការប្រកួតនៅថ្ងៃទី៨ ខែកក្កដា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
នាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា នៅតែអនុញ្ញាតឱ្យដំណើរការកីឡាអូឡាំពិកចាប់ពីថ្ងៃទី១២ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហាតាមការគ្រោងទុកដដែលទោះកូវីដ-១៩ បំប្លែងថ្មីរាលដាលកាន់តែខ្លាំងក្តី។
 
យ៉ាងណា ក្រុងតូក្យូ ត្រូវបានដាក់ក្នុងស្ថានភាពអាសន្ន អំឡុងពេលដំណើរការនេះ ដើម្បីប្រឆាំងនឹងជំងឺរាតត្បាត ខណៈ បារ និងភោជនីយដ្ឋាននឹងមិនត្រូវបានអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងទេ ហើយត្រូវបិទទ្វារនៅម៉ោង៨យប់។
 
កន្លែងនានានៅទីក្រុងតូក្យូ និងតំបន់ផ្សេងទៀតដែលនៅជិតរដ្ឋធានី ក៏មិនត្រូវបានអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍ណាមួយជាមួយអ្នកគាំទ្រដែរអំឡុងព្រឹត្តិការណ៍កីឡានេះ។ ដោយឡែក នៅកីឡាដ្ឋានក្នុងតំបន់ Fukushima Miyagi និង Shizuoka នឹងត្រូវបានអនុញ្ញាតឱ្យមានអ្នកទស្សនាដដែលក្នុងចំនួន៥០ភាគរយនៃសមត្ថភាពផ្ទុកសរុប និងរហូតដល់ ១០០០០ នាក់។
លោកស្រី Seiko Hashimoto ប្រធានកីឡាលំដាប់ពិភពលោកនេះ សោកស្តាយដែលការប្រកួតមិនអាចមានអ្នកគាំទ្រ។ លោកស្រីប្រាប់អ្នកសារព័ត៌មានថា លោកស្រីរួមទាំងមន្ត្រីទាំងអស់គ្មានជម្រើសផ្សេងល្អជាងនេះឡើយ ដ្បិតក្រុងតូក្យូរាលដាលចំនួនករណីឆ្លងច្រើនឡើង និងពាក់ព័ន្ធនឹងរោគបំប្លែងថ្មីដែតាផង។
 
លោកស្រី Hashimoto សំខ្ញុំសូមទោសចំពោះអ្នកដែលបានទិញសំបុត្ររួច និងអ្នករាល់គ្នានៅតាមតំបន់នានាដែលត្រូវបានហាមឃាត់។ ជុំវិញករណីអ្នកទិញសំបុត្ររួចហើយ នៅមិនទាន់មានការប្រកាសណាមួយថានឹងត្រូវសងប្រាក់វិញ ឬយ៉ាងណានោះទេ។
 
ជប៉ុនកើនចំនួនករណីឆ្លងជារៀងរាល់ថ្ងៃ គិតចាប់ពីឧសភាមក។ នៅថ្ងៃទី៧ ខែកក្កដា ជប៉ុនរកឃើញអ្នកឆ្លងថ្មីចំនួន២១៨០ករណី ក្នុងនោះ ៩២០ករណីនៅក្នុងក្រុងតូក្យូ ដែលកើនឡើងពី ៧១៤ករណី កាលពីសប្តាហ៍មុន៕
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com