កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ ការពន្យារពេលរៀបចំស៊ីហ្គេមរបស់វៀតណាម ជាឱកាសល្អ សម្រាប់សហព័ន្ធកីឡារៀបចំផែនការគត់មត់
09, Jul 2021 , 11:04 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។ (រូបពីហ្វេសប៊ុក CAMSOC)
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។ (រូបពីហ្វេសប៊ុក CAMSOC)
ភ្នំពេញ៖ ការពន្យារពេលរៀបចំស៊ីហ្គេមរបស់វៀតណាម គឺជាឱកាសល្អ សម្រាប់សហព័ន្ធកីឡារៀបចំផែនការ ហ្វឹកហាត់ឱ្យបានគត់មត់បន្ថែមទៀត។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

 
លោក វ៉ាត់ ចំរើន ស្នើឱ្យសហព័ន្ធ និងកីឡាករ-កីឡាការិនីជម្រើសជាតិទាំងអស់ ប្រឹងហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីសម្រួចគោលដៅប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលជាហ្គេមយុទ្ធសាស្រ្តចុងក្រោយរបស់កម្ពុជា មុននឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។
 
«ដូច្នេះហើយការពន្យារពេលស៊ីហ្គេម នៅវៀតណាមទៅឆ្នាំ២០២២ គឺជាឱកាសត្រៀមខ្លួនអភិវឌ្ឍគុណផលកីឡា របស់ក្រុមជម្រើសជាតិកម្ពុជាឲ្យបានគត់មត់ និងកាន់តែល្អប្រសើរបន្ថែមទៀត»។ នេះជាការលើកឡើងរបស់អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្រោយបញ្ចប់កិច្ចប្រជុំអនឡាញ ជាមួយគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEA Gamse) នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។
 
ដ្បិតកម្ពុជា មានពេលវេលាច្រើនសម្រាប់ការចូលរួមស៊ីហ្គេម នៅប្រទេសវៀតណាមក៏ពិតមែន ប៉ុន្តែកម្ពុជាក៏បានបាត់បង់ពេលវេលាច្រើនដែរ ក្នុងការហ្វឹកហាត់កន្លងមក ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩។ 
 
កម្មវិធីប្រកួតស៊ីហ្គេម លើកទី៣១ ដែលវៀតណាម គ្រោងរៀបចំពីថ្ងៃទី២១ វិច្ឆិកា ដល់ ២ ធ្នូ ឆ្នាំ២០២១ត្រូវបានពន្យារពេល ទៅរៀបចំនាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២វិញ ក្រោមហេតុផលជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងប្រទេស និងលើពិភពលោក។ គណៈអចិន្ត្រៃយ៍ស៊ីហ្គេមបានឯកភាពគ្នា យល់ព្រមតាមសំណើរបស់វៀតណាមនេះ លើកលែងតែហ្វីលីពីន ។បានន័យថា ពេលវេលាដែលវៀតណាមសុំរៀបចំនៅឆ្នាំ២០២២នោះ គឺចំពេលបោះឆ្នោតថ្នាក់ជាតិ នៅហ្វីលីពីនដែរ ។ នេះបើតាមលោក វ៉ាត់ ចំរើន ប្រាប់សារព័ត៌មានថ្មីៗ ។
 
ចំពោះការពន្យារពេលរៀបចំស៊ីហ្គេមរបស់វៀតណាមនេះ វាមិនប៉ះពាល់ដល់ដំណើរការរៀបចំស៊ីហ្គេមលើកដំបូង នៅឆ្នាំ២០២៣ របស់កម្ពុជានោះទេ។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។
 
 
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«កម្ពុជាពិតជាមានជំហរច្បាស់លាស់ និងពិតប្រាកដ នៅក្នុងការត្រៀមធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ ហើយប្រទេសទាំងអស់(សមាជិកអាស៊ាន)រង់ចាំជួយជ្រោមជ្រែងការផ្សព្វផ្សាយ ក្នុងការបើកយុទ្ធនាការផ្សព្វផ្សាយនេះទាំងអស់គ្នានៅគ្រប់ប្រទេសទាំងអស់។ កម្ពុជាយើងមានមោទកភាព ដោយយើងបានធ្វើកិច្ចការនេះមួយជំហានមុន និងមានវិធានការដ៏ច្បាស់លាស់»។
 
បើតាមលោក ចំរើន កម្ពុជានឹងប្រមែប្រមូលវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ពីការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១តទៅ រួមទាំងព្រឹត្តិការណ៍ប្រកួតតាមបណ្តាប្រទេស ក្នុងអាស៊ីអាគ្នេយ៍ ដើម្បីយកមករៀបចំនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

Tag:
 កីឡា
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com