ជាតិ
ពលរដ្ឋក្នុងសហគមន៍តាំងបំពុង ៩០ភាគរយ ប្ដូរមកនាំភ្ញៀវឡើងខ្នងផ្សា ដោយផ្លាស់ប្តូរកម្រិតជីវភាព
09, Jul 2021 , 8:59 pm        
រូបភាព
រូបភាពពីលោក ហៀង ស៊ីហន ភ្ញៀវទេសចរទៅខ្នងផ្សា
រូបភាពពីលោក ហៀង ស៊ីហន ភ្ញៀវទេសចរទៅខ្នងផ្សា
ដោយ:
បន្ទាប់ពី ខ្នងផ្សា ល្បីល្បាញ និងមានទេសចរស្គាល់ច្រើន ពលរដ្ឋនៅភូមិតាំងបំពុង ដែលជាបុរស ជាង៩០ភាគរយ បានក្លាយជាអ្នកនាំភ្ញៀវទេសចរ។ របរថ្មីនេះ ជួយឱ្យអ្នកភូមិមានជីវភាពល្អប្រសើរជាងមុន។

 
ភូមិតាំងបំពុង ក្នុងស្រុកឱរ៉ាល់ ពីមុនជាទីតាំងដាច់ស្រយាល ដែលកម្រមានអ្នកនឹកឃើញចង់ទៅណាស់។ អ្នកនៅទីនោះភាគច្រើន ធ្វើស្រែ និងរកអនុផលព្រៃឈើ។ ប៉ុន្តែមកទល់ពេលនេះ ភ្នំខ្នងផ្សា បានធ្វើឱ្យតំបន់នេះប្រែមុខមាត់ថ្មី ទាក់ទាញមនុស្សជិតឆ្ងាយប្រាថ្នាចង់ទៅកម្សាន្ត។ លោក ហ៊ុន សៅ ប្រធានសហគមន៍តាំងបំពុង រីករាយចំពោះវត្តមានភ្ញៀវទេសចរទៅខ្នងផ្សា ដែលធ្វើឱ្យលោក និងប្រជាសហគមន៍មានជីវភាពមធ្យមមួយ។ ពួកគាត់ មានរបស់ប្រើប្រាស់ល្អៗ និង អាចទិញរបស់ឆ្ងាញ់ៗបរិភោគ។
 
ប្រធានសហគមន៍រូបនេះ បន្តថា ពេលមិនទាន់មានភ្ញៀវទេសចរ ពួកគាត់បរិភោគតែ បន្លែព្រៃ ក្ដាម ខ្យង ដោយកម្រមានលុយទៅទិញរបស់នៅផ្សារណាស់។ លោក ហ៊ុន សៅ រៀបរាប់ទាំងសប្បាយចិត្តថា៖ « ពេលមានចំណូលបន្ថែមអ៊ីចឹងទៅ អ្នកនៅក្នុងភូមិគាត់បានហូបអីឆ្ងាញ់ៗ មានថាមពល។ គាត់មានលុយទិញសាច់គោ ហើយអ្នកខ្លះបានហូបទាំងបង្កងទៀត។ តែបន្លែពួកគាត់មិនសូវទិញទេ គាត់បេះនៅជិតផ្ទះ និងនៅក្នុងព្រៃ »។
 
ភូមិតាំងបំពុង មានប្រជាជនចំនួន ៩៨គ្រួសារ។ មនុស្សប្រុសក្នុងគ្រួសារនីមួយៗ សុទ្ធតែបានធ្វើជាមគ្គុទ្ទេសក៏ទេសចរលើកលែងតែ អ្នកចាស់ជរាតែប៉ុណ្ណោះ។ ស្ត្រីនៅផ្ទះក៏អាចរកចំណូលពីទេសចរ តាមរយៈការរៀបចំម្ហូបអាហារសម្រាប់លក់ជូនភ្ញៀវទេសចរ។ ក្រៅពីភូមិតាំងបំពុង ខ្នងផ្សាក៏បានផ្ដល់ចំណូលដល់ប្រជាពលរដ្ឋចំនួន៣ភូមិទៀតក្នុងតំបន់នោះ។ 


 
វត្តមានភ្ញៀវទេសចរក៏បានកែប្រែ របៀបរស់នៅរបស់មនុស្សក្នុងតំបន់ខ្នងផ្សា ។ ប្រជាសហគមន៍ ចាប់ផ្ដើមមានការរស់នៅដូចមនុស្សក្នុងទីប្រជុំជន ទាំងការស្លៀកពាក់ ការរៀបចំផ្ទះសំបែង និងការរក្សាអនាម័យ ព្រោះពួកគាត់ត្រូវទទួលទេសចរស្ទើររាល់ថ្ងៃ។
 
ជាមួយគ្នានេះ លោក រស់ សុខ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានលើកឡើងថា ខ្នងផ្សាបានប្រែពីតំបន់ដាច់ស្រយាល ក្លាយជាទីទេសចរណ៍ពេញនិយម ដែលអាចឱ្យជីវភាពប្រជាជនក្នុងតំបន់មានភាពប្រសើរឡើង។ ប្រជាពលរដ្ឋនៅទីនោះ ឥឡូវអាចប្រកបរបរពីរក្នុងពេលតែមួយគឺ ការធ្វើស្រែ និងជាអ្នកមគ្គុទ្ទេសក៍ទេសចរ។
 
លោក រស់ សុខ រៀបរាប់ដូច្នេះ៖ «កាលពីមុន ប្រជាពលរដ្ឋនៅទីនោះរកអនុផលព្រៃឈើ ដើម្បីជីវភាពរបស់គាត់។ រហូតដល់មានការបង្កើតសហគមន៍ការពារធម្មជាតិតាំងបំពុង ហើយពួកគាត់បានរកឃើញខ្នងផ្សា។ ចាប់តាំងពីពេលនោះមក ពួកគាត់អាចទទួលទេសចរបាន។ ជីវភាពរបស់ពួកគាត់ឥឡូវមិនចាញ់អ្នកនៅទីប្រជុំជនប៉ុន្មានទេ »។
 
 សូមជម្រាបដែរថា រយៈពេល៦ខែក្នុងឆ្នាំ២០២១ ខ្នងផ្សាទទួលបានទេសចរចំនួន ៦,០៩៩នាក់ ក្នុងនោះភ្ញៀវអន្តរជាតិផ្ទៃក្នុងចំនួន ៣៤នាក់។ ទន្ទឹមនឹងមានកំណើនទេសចរ
មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ក៏មានគម្រោងបើកវគ្គបណ្ដុះបណ្ដាលប្រជាជនពលរដ្ឋក្នុងភូមិតាំងបំពុង ពីរបៀបទទួលភ្ញៀវបែបធម្មជាតិ។ មន្ទីរទេសចរណ៍ខេត្តនឹងធ្វើឱ្យភូមិនេះក្លាយជាភូមិទេសចរណ៍តែម្ដង៕


លោក រស់ សុខ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ
 

 លោក ហ៊ុន សៅ ប្រធានសហគមន៍តាំងបំពុង
 

Tag:
 ThmeyThmey25
  ខ្នងផ្សា
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com