កីឡាអន្តរជាតិ
អន្តរជាតិ
ស្ថាប័នកីឡា និងអត្តពលិកខកចិត្តដែលកីឡាអូឡាំពិកគ្មានអ្នកទស្សនា តែយល់ច្បាស់ពីស្ថានភាពកូវីដ-១៩
10, Jul 2021 , 8:29 pm        
រូបភាព
ស្ថាប័នកីឡា និងអត្តពលិក ខកចិត្តខ្លាំងចំពោះការសម្រេចមិនឱ្យមានអ្នកទស្សនាក្នុងកីឡដ្ឋាន នាព្រឹតិ្តការណ៍អូឡាំពិកក្រុងតូក្យូ។ យ៉ាងណា ពួកគេយល់ច្បាស់ពីផលប៉ះពាល់ដែលបង្កដោយកូវីដ-១៩ ហើយបន្តចូលរួមប្រជែងមេដាយឱ្យអស់ពីកម្លាំងកាយចិត្ត។


រដ្ឋមន្រ្តីអូឡាំពិក និងប៉ារ៉ាឡាំពិកជប៉ុនលោកស្រី Tamayo Marukawa នៅថ្ងៃទី៨ ខែកក្កដា សម្រេចចុងក្រោយដោយមិនឱ្យមានអ្នកគាំទ្រក្នុងកីឡដ្ឋាន និងនៅតាមទីប្រជុំជន ជុំវិញក្រុងតូក្យូឡើយ ដោយសារការរីករាលដាលខ្លាំងឡើងនៃជំងឺកូវីដ-១៩។ ក្រុងតូក្យូ ត្រូវបានដាក់ក្នុងស្ថានភាពអាសន្ន អំឡុងពេលដំណើរការកីឡានេះ ដើម្បីប្រឆាំងនឹងជំងឺរាតត្បាត។
លោកស្រី Seiko Hashimoto ប្រធានកីឡារដូវក្តៅក្រុងតូក្យូ សោកស្តាយដែលការប្រកួតមិនអាចមានអ្នកគាំទ្រ។ លោកស្រីប្រាប់អ្នកសារព័ត៌មានថា លោកស្រីរួមទាំងមន្ត្រីទាំងអស់គ្មានជម្រើសផ្សេងល្អជាងនេះឡើយ ដ្បិតក្រុងតូក្យូរាលដាលចំនួនករណីឆ្លងច្រើនឡើង និងពាក់ព័ន្ធនឹងរោគបំប្លែងថ្មីដែតាទៀតផង។
 
Kendra Harrison កីឡាការិនីអាមេរិក ដែលជាម្ចាស់កំណត់ត្រាពិភពលោករត់ភ្លោះរបងចម្ងាយ១០០ម៉ែត្រ លើកឡើងថាការសម្រេចរបស់អ្នករៀបចំដូច្នេះនឹងធ្វើឱ្យនាងបាត់បង់កម្លាំងចិត្តបន្តិចក្នុងការប្រជែងយកមេដាយពីអូឡាំពិករដូវក្តៅនេះ។ យ៉ាងណា នាងព្យាយាមស្របតាមស្ថានភាពជាក់ស្តែង ដែលបង្កដោយកូវីដ-១៩។
 
ដោយឡែក លោក Ingmar De Vos ប្រធានសហព័ន្ធកីឡាជិះសេះអន្តរជាតិ (FEI) ព្រមទាំងអង្គភាពកីឡាដទៃទៀត គោរពនិងយល់ពីការសម្រេចចិត្តរបស់អ្នករៀបចំកម្មវិធីរបស់ម្ចាស់ផ្ទះជប៉ុន។
 
លោក De Vos ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ជាអកុសលដែលមិនមានអ្នកទស្សនានៅក្រុងតូក្យូ ប៉ុន្តែព្រឹត្តិការណ៍នេះពិតជាមានសារៈសំខាន់ ហើយអត្តពលិកជុំវិញពិភពលោកនឹងមកជួបជុំគ្នានៅទីនេះ»។ 
 
គណៈកម្មាធិការអូឡាំពិកនូវែលសេឡង់ (NZOC) គោរពតាមការសម្រេចរបស់ប្រធានរៀបចំអូឡាំពិកលោកស្រី Seiko Hashimoto ក្នុងកាលទេសដ៏លំបាកនេះ។ NZOC អះអាងថា អត្តពលិកខ្លួនបានរៀបចំយុទ្ធសាស្ត្រថ្មីរួចរាល់ហើយ ដើម្បីចូលរួមអូឡាំពិកដែលគ្នានអ្នកគាំទ្រផ្ទាល់នេះ។
 
លោក Michael Bohl គ្រូបង្វឹកកីឡាហែលទឹកអូស្រ្តាលី យល់ឃើញ និងឱ្យតម្លៃដល់កីឡាករអូឡាំពិកណាដែលអាចសម្របខ្លួនបានឆាប់រហ័សបំផុត នៅក្នុងព្រឹត្តិការណ៍កីឡារដូវក្តៅ ដែលពន្យា១ឆ្នាំដោយសារកូវីដ-១៩៕
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com