អន្តរជាតិ
លោកបៃឌិន ប្រាប់លោកពូទីន ឱ្យចាត់វិធានការលើក្រុមចាប់ជំរិតតាមអ៊ីនធឺណិត
10, Jul 2021 , 9:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជាមួយសមភាគីអាមេរិក លោក ចូ បៃឌិន។ រូបភាព៖ Anadolu Agency
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជាមួយសមភាគីអាមេរិក លោក ចូ បៃឌិន។ រូបភាព៖ Anadolu Agency
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន នៅថ្ងៃទី៩ ខែកក្កដា បានប្រាប់សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ឱ្យចាត់វិធានការលើក្រុមចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត ដែលប្រតិបត្តិនៅរុស្ស៊ី។ នេះបើតាមសេចក្តីប្រកាសរបស់សេតវិមានអាមេរិក។

 
នៅក្នុងកិច្ចសន្ទនាមួយតាមប្រព័ន្ធទូរសព្ទនៅព្រឹកថ្ងៃទី៩ ខែកក្កដា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានជជែកជាមួយសមភាគីរុស្ស៊ីពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបែបចាប់ជំរិត (ransomware) ដែលប្រតិបត្តិនៅក្នុងទឹកដីរុស្ស៊ី។ បើតាមរដ្ឋាភិបាលអាមេរិក ក្រុមមួយនេះ បានវាយប្រហារលើក្រុមហ៊ុនអាមេរិក ជាច្រើននាពេលកន្លងមក។ 
 
«ប្រធានាធិបតីអាមេរិក បានលើកឡើងពីភាពចាំបាច់របស់រុស្ស៊ីក្នុងការចាត់វិធានការលើក្រុមចាប់ជំរិតតាមអ៊ីនធឺណិត ដែលប្រតិបត្តិនៅរុស្ស៊ី»។ សេតវិមានអាមេរិក បានចេញសេចក្តីថ្លែងការណ៍បែបនេះ ដោយបន្ថែមថា អាមេរិក នឹងភ្ជាប់ទំនាក់ទំនងជាមួយរុស្ស៊ីបន្ថែមទៀត លើការគំរាមកំហែង ដែលបង្កដោយក្រុមវាយប្រហារតាមអ៊ីនធឺណិត។ 
 
ក្នុងកិច្ចសន្ទនាដដែលនោះ មេដឹកនាំអាមេរិក ក៏បានប្រាប់មេដឹកនាំរុស្ស៊ីផងដែរថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានចាំបាច់គ្រប់បែបយ៉ាង ដើម្បីការពារផលប្រយោជន៍ និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត ដែលមានលក្ខណៈបែបចាប់ជំរិតនេះ។
 
សូមបញ្ជាក់ថា មួយរយៈចុងក្រោយ ការវាយប្រហារបែបចាប់ជំរិតតាមអ៊ីនធឺណិត បានវាយប្រហារជាច្រើនលើកនៅអាមេរិក និងបណ្តាប្រទេសផ្សេងទៀត។ មន្ទីរពេទ្យ ប៉ុស្តិ៍ប៉ូលិស ក្រុមហ៊ុនឯកជន សុទ្ធតែជាគោលដៅនៃការវាយប្រហារ៕ 
 

Tag:
 អាមេរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com