COVID-19
ជាតិ
៨៨១នាក់ស្លាប់ដោយសារកូវីដ-១៩ លោកស្រី យក់ សម្បត្តិ អះអាងថា ភាគច្រើនមានជំងឺប្រចាំកាយ លោកស្រី យក់ សម្បត្តិ ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាននាពីធី ទទួលវ៉ាក់សាំង ៤លានដូស នៅថ្ងៃទី១០ កក្កដា។ រូបភាពពី ហ្វេសប៊ុកសម្ដេច ហ៊ុន សែន។
× ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយនេះ អត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួនច្រើន ដោយចន្លោះពី៣ ទៅ៣៦នាក់ក្នុងមួយថ្ងៃ។ មកដល់ពេលនេះ មនុស្សសរុប៨៨១នាក់ហើយដែលបានស្លាប់នៅកម្ពុជា។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា មូលហេតុដែលនាំឱ្យចំនួនអ្នកស្លាប់ច្រើន ដោយសារអ្នកជំងឺមានជំងឺប្រចាំកាយ ដូចជាជំងឺសួត លើសឈាម សរសៃរឈាមជាដើម ដែលបណ្ដាលឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។
នាពិធីទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី១០ កក្កដា លោកស្រី យក់ សម្បត្តិ បានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានថា អត្រាការស្លាប់ច្រើន ដោយសារអ្នកជំងឺកូវីដ-១៩ មានជំងឺប្រចាំខែស្រាប់ ដែលធ្វើឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ។ ហើយអ្នកស្លាប់ភាគច្រើន គឺជាអ្នកជំងឺព្យាបាលនៅកន្លែងព្យាបាលកម្រិតធ្ងន់។
« អ្នកជំងឺគាត់មានជំងឺបន្ទាប់បន្សាំខ្លួនគាត់ ដូចជាជំងឺ ជំងឺសួតរ៉ាំរ៉ៃ លើសឈាម សរសៃឈាម ។ អ៊ីចឹងកាលណាគាត់មានមេរោគចូលទៅ ធ្វើឱ្យសភាពជំងឺកាន់តែធ្ងន់ ដូច្នេះហើយយើងឃើញមានការស្លាប់នេះ គ្រូពេទ្យព្យាយាមជួយអស់លទ្ធភាព» ។ នេះជាការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ ដែលអះអាងថា ទោះមានអត្រាស្លាប់ច្រើន តែអាចគ្រប់គ្រង់សភាពការណ៍បានល្អនៅឡើយទេ បើបៀបធៀបនឹងប្រទេសជិតខាង។
គួរជម្រាបថា ក្នុងរយៈពេលជាង១ខែ ចុងក្រោយនេះ កម្ពុជាបានប្រកាសពីកណីស្លាប់ជារៀងរាល់ថ្ងៃ ដោយចំនួនប្រចាំថ្ងៃទាបបំផុត៣នាក់ ហើយចំនួនច្រើនជាងគេគឺ ៣៦នាក់។ គិតចាប់ពីថ្ងៃទី១ មិថុនា ដល់ថ្ងៃ ៩ កក្កដា អ្នកស្លាប់ដោយសារកូវីដ-១៩ មាន៦៨៧នាក់ ដែលនាំឱ្យអ្នកស្លាប់មានសរុប ៨៨១នាក់។
ក្រៅពីមានអ្នកស្លាប់កាន់តែច្រើន និងអ្នកឆ្លងថ្មីក៏មានច្រើនសន្ធឹកសន្ធាប់ហើយនោះ ករណីនាំចូលពីប្រទេសថៃ ក៏មិនបានថមថយចុះដែរ។ ករណីវិជ្ជមានកូវីដ-១៩ លើពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃកាន់តែច្រើននេះ បានបន្ថែមក្តីកង្វល់មួយកម្រិតទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះមេរោគបំប្លែងថ្មី។
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៥៩,៩៧៨នាក់ ក្នុងនោះ ៤,២៩៥ជាករណីនាំចូល។ អ្នកសះស្បើយសរុបមាន ៥១,៦៦០នាក់ និងស្លាប់ ៨៨១ នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com