ជាតិ
សេដ្ឋកិច្ច
លោក សុខ ទូច ថា កសិកម្មខ្មែរច្បាស់ជារីកចម្រើន បើក្រសួង៧អង្គុយធ្វើការរួមគ្នា
11, Jul 2021 , 1:59 pm        
រូបភាព
លោក សុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា។
លោក សុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា។
ភ្នំពេញ៖ កសិកម្មជាវិស័យមួយយ៉ាងសំខាន់នៃឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា។ ដើម្បីឱ្យវិស័យនេះរីកចម្រើន សម្រាប់ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិនោះ គឺទាមទារយ៉ាងចាំបាច់ឱ្យក្រសួងចំនួន៧ សហការគ្នាក្នុងការអនុវត្តនិងដោះស្រាយបញ្ហានានាដែលកំពុងកើតឡើងក្នុងវិស័យកសិកម្មពេលបច្ចុប្បន្ន។  នេះជាការលើកឡើងរបស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។






 
ក្នុងកិច្ចពិភាក្សាតុមូលស្តីពី«តើអ្វីទៅជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា» កាលពីថ្ងៃទី១០កក្កដា ឆ្នាំ២០២១ លោក សុខ ទូច បានបញ្ជាក់ច្បាស់ៗថា ដើម្បីឱ្យវិស័យកសិកម្មកម្ពុជារីកចម្រើនហើយមានទីផ្សារសម្រាប់កសិករ និងអាចទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិបាននោះ គឺត្រូវការក្រសួងចំនួន៧ ដែលមានក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសាធារណការនិងដឹកជញ្ជូន រួមគ្នាអនុវត្ត។ 
 
បើតាមលោកសុខ ទូច បញ្ហានានាក្នុងវិស័យកសិកម្មកម្ពុជាដែលទាមទារឱ្យក្រសួងពាក់ព័ន្ធខាងលើ រួមគ្នាដោះស្រោយនោះ មានបញ្ហាប្រព័ន្ធធារាសាស្ត្រ, បញ្ហាទីផ្សារ, បញ្ហាបច្ចេកទេស, បញ្ហាថ្លៃដឹកជញ្ជូន-អគ្គិសនី, កង្វះលទ្ធភាពកែច្នៃផលិតផលកសិកម្ម និងកង្វះខាតនៃការគាំទ្រផ្នែកហិរញ្ញវត្ថុ ជាដើម។ 
 
«យើងដឹងច្បាស់ណាស់[ថាសេដ្ឋកិច្ចកម្ពុជា]ត្រូវការវិស័យកសិកម្ម។ កសិកម្មត្រូវការក្រសួង៧ ដើម្បីជួយសហការគ្នា»។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះបន្តនិយាយដោយសង្កត់ធ្ងន់ថា៖«ប្រសិនបើធនាគារឱ្យខ្ចីហើយការប្រាក់ថ្លៃក៏អត់ឈ្នះ! បើមានលុយហើយគ្មានទឹកក៏អត់កើត! មានទឹកហើយគ្មានបច្ចេកទេសក៏អត់កើត! មានបច្ចេកទេសហើយគ្មានទីផ្សារក៏អត់កើត។ បើមានទីផ្សារហើយគ្មាន[ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវក៏អត់កើត]...»។
 
ការចូលរួមអនុវត្តនិងដោះស្រោយបញ្ហានានានៃផលិតផលកសិកម្មទៅតាមក្រសួងជំនាញនីមួយៗទាំង៧នេះ នឹងធ្វើឱ្យវិស័យកសិកម្មកម្ពុជារីកចម្រើនប្រកបដោយចីរភាព។ លោក សុខ ទូច បានអះអាងដូច្នេះ៖«កសិកម្មដើរតួនាទីសំខាន់ណាស់ ក្នុងការបម្រើឱ្យវិស័យសេដ្ឋកិច្ច ពីព្រោះគេអាចអត់ស្លៀកពាក់ខោអាវ ស្បែកជើងបាន ប៉ុន្តែគេត្រូវទទួលទាន[ដែលជាតម្រូវការចាំបាច់។ អ៊ីចឹង! ដើម្បីឱ្យទាំងអស់ហ្នឹងដំណើរការបាន វាត្រូវការក្រសួងទាំង៧ហ្នឹង អង្គុយជាមួយគ្នាធ្វើកិច្ចការហ្នឹង»៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com