កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ពានដំបូងសម្រាប់អង់គ្លេស ឬអ៊ីតាលីបានម្តងទៀតក្រោយខកខាន៥៣ឆ្នាំ?
11, Jul 2021 , 3:57 pm        
រូបភាព
ដោយ: រួបរួម
កីឡដ្ឋាន Wembley ជាទីតាំងនៃជំនួបផ្តាច់ព្រ័ត្រ Euro 2020 រវាងម្ចាស់អង់គ្លេស និងអ៊ីតាលី នាវេលាម៉ោង២អាធ្រាត្រ ឈានចូលថ្ងៃចន្ទ (ម៉ោងនៅកម្ពុជា)។

 
បើគិតចាប់តាំងពីឈ្នះ World Cup ឆ្នាំ១៩៦៦មក អង់គ្លេសមិនដែលឈ្នះពានអ្វីថែមទៀតទាល់តែសោះ ដោយធ្លាក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ធំៗដល់ទៅ៥លើក (Euro 68, 96, World Cup 90, 2018 និង UEFA Nations League 2019)។
 
ចំណែកអ៊ីតាលី ពួកគេធ្លាប់បានជើងឯក Euro ឆ្នាំ១៩៦៨ ហើយចាញ់នៅវគ្គផ្តាច់ព្រ័ត្រ២លើក កាលពីឆ្នាំ២០០០ និងឆ្នាំ២០១២។ Azzuri មានកំណត់ត្រាល្អជាងតោកំណាច ត្រង់ពួកគេជាក្រុមដំបូងគេប្រចាំទ្វីបដែលឈ្នះ World Cup ដល់ទៅ៤លើក។
 

 
សម្រាប់ជំនួប Head to Head រវាងក្រុមទាំងពីរ អ៊ីតាលីឈ្នះ១០លើក អង់គ្លេសឈ្នះ៨លើក និងស្មើគ្នា៩លើក។ នាជំនួបមិត្តភាពពីរលើកចុងក្រោយកាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៨ ក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ទាំងពីរលើក។
 
ក្នុងព្រឹត្តិការណ៍ Euro 2020 នេះ អង់គ្លេសបានលេខ១ពូល D ក្រោយឈ្នះក្រូអាស៊ី ១-០ ស្មើស្កុតឡែន 0-0 និងឈ្នះសាធារណរដ្ឋឆែក ១-០។ តោកំណាចបានទម្លាក់អាល្លឺម៉ង់ ២-០, អ៊ុយក្រែន ៤-០ និងដាណឺម៉ាក ១-០ ជាបន្តបន្ទាប់មុនឡើងទៅប្រជែងពានជាមួយអ៊ីតាលី។
រីឯអ៊ីតាលីវិញ ពួកគេបានលេខ១ពូល A ដោយឈ្នះតួកគី ៣-០ ឈ្នះស្វីស ៣-០ និងឈ្នះវេលស៍ ១-០ មុននឹងទម្លាក់ អូទ្រីស ២-១, បែលហ្ស៊ិក ២-១ និងឈ្នះអេស្ប៉ាញ ៤-២ ក្រោយលទ្ធផល ១-១ នៅ១២០នាទី។ នេះជាជ័យជម្នះ ៣៣លើកចុងក្រោយជាប់ៗគ្នារបស់ Azzuri ផងដែរ។


 
ក្រុមអ៊ីតាលីត្រូវអវត្តមានខ្សែការពារ Leonardo Spinazzola ដោយសាររបួសកែងជើង។ សម្រាប់លោក Roberto Mancini ដែលជាគ្រូបង្វឹក ការឈានដល់វគ្គផ្តាច់ព្រ័ត្រ ជាលទ្ធផលនៃការប្រឹងប្រែងដ៏យូរ។ លោកបានលើកឡើងថា៖ «អង់គ្លេសមានអ្នកគាំទ្រពេញកីឡដ្ឋាន ដូច្នេះយើងត្រូវតែព្យាយាមដាក់សម្ពាធលើពួកគេ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ អាចខុសពីវគ្គមុនៗខ្លះ យើងលេងដោយប្រឹងប្រែង តែក៏លេងដោយរីករាយផងដែរ»។
 
ប្រធានក្រុមអ៊ីតាលី Girogio Chiellini បានអះអាងថា៖ «យើងមានស្មារតីខ្ពស់ វានឹងក្លាយជាពេលវេលាដែលយើងត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំង។ ការប្រកួតបែបនេះ ក៏នឹងមិនអាចមានសម្រាប់ខ្ញុំម្តងទៀតក្នុងអាជីពរបស់ខ្ញុំនោះដែរ»។
 
រីឯអង់គ្លេសឯណោះវិញ ក្រៅពី Phil Foden ដែលមានបញ្ហារបួសបន្តិចបន្តួច កីឡាករទាំងអស់សុទ្ធតែ មិនមានបញ្ហា។ គ្រូបង្វឹក លោក Gareth Southgate  បានលើកឡើងថា ច្បាស់ណាស់ គ្រប់ក្រុមទាំងអស់នឹងមិនអាចឲ្យកីឡាករទាំង២៦នាក់មានឈ្មោះជុំគ្នាដដែលនោះឡើយ។ ដូច្នេះពួកគេត្រូវតែរួមគ្នាបង្កើតនូវមរតកដ៏អស្ចារ្យសម្រាប់ក្រុម»។
ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ដែលរកបាន៤គ្រាប់កន្លងមក និយាយដោយជំនឿថា ក្រុមខ្លួននឹងធ្វើឲ្យភ្ញាក់ផ្អើលនៅវគ្គផ្តាច់ព្រ័ត្រ។ «យើងបានជំនះឧបសគ្គជាច្រើនក្នុងព្រឹត្តិការណ៍នេះ ដូច្នេះយើងត្រូវតែក្តោបឱកាសឲ្យបាន»៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com